អ្នកតំណាងពិសេសរបស់អាមេរិកសម្រាប់ការផ្សះផ្សានៅអាហ្វហ្គានីស្ថាននិយាយថា បើទោះជាមានឧបសគ្គនិងការលំបាកក៏ដោយ ក៏លោកនៅតែបន្តមានសុទិដ្ឋិនិយមឬក្តីសង្ឃឹមចំពោះការសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេល១៧ឆ្នាំនោះ។
លោក Zalmay Khalilzad មន្ត្រីការទូតអាមេរិកដែលមានកំណើតក្នុងប្រទេសអាហ្វហ្គានីស្ថាន បានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីលោកត្រឡប់មកពីរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានវិញ ក្រោយពីធ្វើទស្សនកិច្ចរយៈពេល៣ថ្ងៃជាមួយនឹងបេសកជននយោបាយរបស់ក្រុមតាលីបង់ដែលមានមូលដ្ឋាននៅប្រទេសកាតា។ លោកបាននិយាយជាមួយនឹងអ្នកនយោបាយអាហ្វហ្គានីស្ថានទាំងនៅក្នុងនិងនៅក្រៅជួររដ្ឋាភិបាល មុននឹងលោកបន្តធ្វើដំណើរទៅកាន់ប្រទេសនៅសមុទ្រពែក ដែលក្រុមឧទ្ទាមនេះតាំងការិយាល័យនយោបាយរបស់ខ្លួននៅទីនោះ។
បេសកជនពិសេសរបស់អាមេរិករូបបានគូសបញ្ជាក់ដោយមិនបង្ហាញព័ត៌មានលម្អិតអំពីជំនួបរបស់លោកជាមួយនឹងអ្នកចរចារបស់ក្រុមតាលីបង់ថា «ខ្ញុំដឹងថា រដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថានចង់បានសន្តិភាព។ ក្រុមតាលីបង់និយាយថា ពួកគេមិនជឿថា ខ្លួនអាចយកឈ្នះដោយយោធាបានទេ ដូច្នេះពួកគេចង់ឃើញដំណោះស្រាយដោយសន្តិភាព គឺតាមរយៈការចរចានយោបាយ»។
លោក Khalilzad បានបន្ថែមទៀតថា «ខ្ញុំគិតថា មានឱកាសសម្រាប់ការផ្សះផ្សានិងធ្វើឲ្យមានសន្តិភាព។ ខ្ញុំគ្មានអ្វីនឹងប្រកាសនៅថ្ងៃនេះនោះទេ ប៉ុន្តែខ្ញុំនៅតែមានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមចំពោះបញ្ហាស្មុគស្មាញដែលកើតឡើង។ ខ្ញុំមិនចង់បន្ធូរបន្ថយបញ្ហានេះនោះទេ ហើយខ្ញុំក៏មិនចង់លើកឡើងពីក្តីរំពឹងក្លែងក្លាយនោះដែរ»៕