សហរដ្ឋ​អាមេរិក​ផ្អាក​កិច្ចព្រមព្រៀងបីជាមួយ​ទីក្រុង​ហុងកុង

រូបឯកសារ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនអំឡុងពេលបាតុកម្មមួយនៅក្រុងហុងកុង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ផ្អាក​ឬ​បញ្ចប់​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ចំនួន ៣ ជាមួយ​ទីក្រុង​ហុងកុង ដែល​នេះ​គឺជា​ការ​ឆ្លើយតប​ថ្មី​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីរបស់​ចិន​លើ​ទីក្រុង​ហុងកុង។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ទាំង​នោះ​ផ្ដោត​លើ​រឿង​បត្យាប័ន​បញ្ជូន​អ្នកទោស និង​រឿង​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ដឹកជញ្ជូន​អន្តរជាតិ។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump បាន​ចាត់វិធានការ​ជាបន្ត​បន្ទាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចាប់តាំង​ពី​រដ្ឋាភិបាល​ចិន​បាន​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ខែ​មិថុនា​មក។

ច្បាប់​ថ្មី​នេះ​មាន​បំណង​ដាក់​ទោស​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ណា​ដែល​ត្រូវ​បាន​ជឿ​ថា បាន​ប្រព្រឹត្ត​អំពើ​អបគមន៍ អំពើ​វិទ្ធង្សនា អំពើ​ភេរវកម្ម ឬ​ការ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​បរទេស។ ច្បាប់​ថ្មី​នេះ​គឺ​ជា​ការឆ្លើយតប​ទៅ​នឹង​មហា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ជារឿយៗ​មាន​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ទីក្រុង​ហុងកុង។

សហរដ្ឋ​អាមេរិក​និង​បណ្ដា​បស្ចិម​ផ្សេង​ទៀត​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​បាន​បញ្ចប់​គោល​នយោបាយ «ប្រទេស​មួយ​ប្រព័ន្ធ​ពីរ» ដែល​តម្រូវ​ឲ្យ​ទីក្រុង​ហុងកុង​មាន​ស្វ័យ ភាព​ខ្ពស់ បន្ទាប់ពី​ចក្រភព​អង់គ្លេស​បាន​ប្រគល់​ទីក្រុង​នោះ​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ១៩៩៧។

លោក​ប្រធានាធិបតី Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​មួយ​កាល​ពី​ខែ​មុន​ដើម្បី​បញ្ចប់​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម និង​ការទូត​របស់​ទីក្រុង​ហុងកុង ហើយ​បន្ទាប់ មក​មាន​ចំណាត់ការ​ផ្សេងៗ​ទៀត​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam និង​មន្ត្រី​ផ្សេងទៀត​នៅ​ហុងកុង​និង​ចិន​ដីគោក​ជាដើម៕