សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឲ្យមាន​ការចរចារ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន ពាក់ព័ន្ធ​ជម្លោះ​ដែនទឹក

លោកចៅក្រម Peter Tomka ប្រធានតុលាការ​យុត្តិធម៌​អន្តរជាតិ​ មកជាអធិបតីភាពក្នុងការកាត់ក្តីទៅលើជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និង ប្រទេសហ្វីលីពីន។

សហរដ្ឋ​អាមេរិក​និយាយ​ថា ខ្លួន​មាន​ទំនុក​ចិត្ត​ចំពោះ​ឆន្ទៈ​របស់​ប្រទេស​ចិន និង​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​មាន​កិច្ចពិភាក្សា​ដោយ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ បន្ទាប់ពី​មាន​ការ​កាត់​សេចក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ចិន​មក។

នៅក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន ដោយ​ក្នុង​នោះ​មាន​លោក​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន គឺ​លោក Duterte ផងដែរ។ នេះ​ជា​កិច្ចប្រជុំ​ដំបូង​បង្អស់​រវាង​មេដឹកនាំ​ទាំងពីរ បន្ទាប់​ពី​ពី​ប្រទេស​ចិន​បាន​ប្រឆាំង​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​រួចមក។

នៅឯ​សន្និសីទ​រួមគ្នា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Perfecto Yasay លោក Kerry បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​លើក​ទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ប្រទេសចិន និង​ប្រទេស​ហ្វីលីពីន​ផងដែរ​ឲ្យ «ធ្វើ​ការ​ចរចារ និង​ធ្វើការ​ជាមួយ​គ្នា​តាម​ផ្លូវ​ការទូត ទ្វេភាគី ពហុភាគី និង​កសាង​ទំនុកចិត្ត​ដើម្បី​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា‍»។

មន្ត្រី​ការទូត​កំពូល​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន និង​ត្រៀម​រួចជា​ស្រេច​ក្នុងការ​ចរចារ​ទ្វេភាគី​ជាមួយ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មួយថ្ងៃ​បន្ទាប់ពី​លោក Kerry ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi។

ទោះបីជា​អ្នកខ្លះ​យល់​ថា​នេះ​ជា​ការ​បង្វែង​ជំហរ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនដែល​ប្រឆាំង​មិនឲ្យ​មាន​កិច្ច​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ទេ ហើយ​ក្នុង​នោះ​ដែរ ការចរចារ​ទ្វេភាគី​គឺ​នៅតែ​ជាជម្រើស​មួយ​ក្នុងចំណោម​នោះ​ផងដែរ។

មន្ត្រី​រូបនោះ​ក៏បាន​បញ្ជាក់​ដែរថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ប្រឆាំង​នោះ គឺ​ការ​ប្រើប្រាស់​ការចរចារ​ដោយ​ផ្ទាល់​ណាមួយ​រវាង​ប្រទេស​ដែល​មាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទាំងអស់ ជា​លក្ខខ័ណ្ឌ​កំណត់ទុក​មុន៕