ស្ថានទូត​អាមេរិកនៅ​កម្ពុជា​ច្រានចោល​ការផ្សាយ​របស់​កាសែត​ ​Sunday Guardian ជុំវិញ​បដិវត្តន៍ពណ៌នៅកម្ពុជា

រូបឯកសារ៖ ប៉ូលិសឈរយាមនៅខាងមុខស្ថានទូត​អាមេរិក​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជាកាលពីថ្ងៃទី​១៩ មិថុនា ឆ្នាំ២០១៨។

ស្ថានទូត​អាមេរិក​ប្រចាំទីក្រុងភ្នំពេញ​ បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​កាសែត​ The Sunday Guardian ​អំពីការ​នៅ​ពីក្រោយខ្នង​របស់​អាមេរិក​នៃ​ចល​នា​បដិវត្តន៍ពណ៌នៅកម្ពុជា​ថា​ ជាព័ត៌មាន«ខុស​ពី​ការកំណត់​នៃគោលនយោបាយ​ការ​បរទេស​អាមេរិក​»។

កាល​ពី​ថ្ងៃ​ទី ​១០​ ខែ​ វិច្ឆិកា ឆ្នាំ ​២០២៤​ កាសែត​ The Sunday Guardian​ ដែលមាន​មូល​ដ្ឋាន​នៅប្រទេស​ឥណ្ឌា​ បាន​ចេញ​សេចក្តី​រាយ​ការណ៍​មួយ ដោយ​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថាជាប់​ពាក់ព័ន្ធ​នឹង​ «បដិវត្តន៍​ពណ៌» នៅ​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ និងអង្គការ​ក្រៅរដ្ឋាភិ​បាលដែល​គាំទ្រ​ដោយ​សហរដ្ឋ​អា​មេរិក។

ជា​ការ​ឆ្លើយ​តប​នឹង​សេចក្តីរាយការណ៍​ដ៏ចម្រូងចម្រាស​នេះ​ អ្នកនាំពាក្យស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាអ្នក​ស្រី​ Katherine Diop បញ្ជាក់វីអូអេ​ឱ្យ​ដឹង​តាម​សារ​អ៊ី​មែលថា​៖ «អត្ថបទ​ដែល​បាន​បោះ​ពុម្ព​នៅ​ក្នុង The Sunday Guardian​ មាន​លក្ខណៈ​មិន​ពិត​ និង​ជា​ការនាំ​ឱ្យ​យល់​ខុស​ទៅ​លើ​គោល​នយោបាយ​ការបរ​ទេសរបស់​សហ​រដ្ឋ​អាមេរិក​»។

សេចក្តី​រាយការណ៍របស់​កាសែត​ The Sunday Guardian​ បាន​ដកស្រង់​ទំនាក់​ទំនង​ផ្ទៃ​ក្នុង និងឯកសារនានាដែលអះអាង​ថា អង្គការមួយចំនួន​ដូច​ជាមូល​និធិសង្គម​បើក​ចំហរ (Open Society Foundations) ហៅកាត់​ថា OSF​ របស់​លោក​ George Soros និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក ​ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និងទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍអន្តរជាតិ​ USAID បាន​ផ្តល់​មូល​និធិ និងគាំទ្រដល់​ក្រុម​ប្រឆាំង​នៅ​កម្ពុជា រួមទាំង​ចលនាខ្មែរដើម្បី​ប្រជាធិបតេយ្យ​ (KMD)។

របាយការណ៍​របស់​កាសែត​ដដែល​ បាន​ពណ៌នា​ទៀត​ថា​ ក្រុម​ទាំង​នេះ​បាន​ប្រើ​ប្រាស់​កិច្ច​ព្រម​ព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដើម្បី​ប្រមូល​ការ​តវ៉ា ដោយ​ចោទ​រដ្ឋាភិបាល​ថា​បាន​ប្រគល់​ដី​កម្ពុជា​ទៅ​ឱ្យ​វៀតណាម។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លើយ​តប​ ដោយ​ការ​ប្រកាស​ដក​កម្ពុជា​ចេញ​ពីកិច្ច​ព្រម​ព្រៀង ​CLV-DTA ​ដើម្បី​បន្សាប​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រឆាំង និង​រក្សា​ស្ថិរ​ភាព​នយោបាយ​ក្នុង​ប្រទេស​ ក្រោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៩៤ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​រិះគន់លើកិច្ច​ព្រម​ព្រៀង​ត្រី​ភាគី​នេះ​។ ​នេះ​បើ​យោង​តាម​ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​។​

បន្ទាប់​ពីអត្ថបទរបស់កាសែត The Sunday Guardian ត្រូវបាន​ចុះផ្សាយ​ មាន​ស្ថាប័ន​សារ​ព័ត៌មាន​ក្នុងស្រុក​បក​ប្រែទាំង​មូលជាភាសាខ្មែរ​ ហើយ​អាន​ជាសំឡេងដើម្បី​ចុះ​ផ្សាយ​។ ប្រធានព្រឹទ្ធសភាកម្ពុជា​លោក ហ៊ុន សែន​ ក៏​បាន​យក​អត្ថ​បទ​ដែល​បាន​បកប្រែ​នោះ​មក​បង្ហោះ​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់លោក​ផងដែរ​។​

អតីតនាយករដ្ឋមន្ត្រីកម្ពុជា​លោក​ ហ៊ុន សែន ថ្មី​ៗនេះ​បាន​បង្កើន​វោហារសាស្ត្រ​ជា​ច្រើន​លើក​ច្រើន​សារ​ប្រឆាំង​នឹងការ​ជ្រៀតជ្រែក​ពីបរទេស​ដោយចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ជាប់ពាក់​ព័ន្ធនឹង​ «បដិវត្តន៍ពណ៌»​ ក្នុងគោល​បំណងធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ជួបអស្ថិរភាព​។

លោក​ ហ៊ុន សែន​ បាន​អំពាវនាវ​ដល់មហាអំណាច​ដែល​ហៅ​ខ្លួន​ឯ​ង​ថា​ «បិតា​ប្រជា​ធិប​តេយ្យ​» ​កុំ​ឱ្យ​អូសកម្ពុជា​ចូលទៅក្នុង​ជម្លោះភូមិសាស្ត្រ​នយោបាយ ហើយ​កសាង​កំហុស​លើកទី​ ៣ មក​លើកម្ពុជា​ ដែលលោកថា លើកទី​ ១ ​គាំទ្រ​រដ្ឋប្រហារ​របប​ដឹកនាំ​លន់ នល់​ ឆ្នាំ ​១៩៧០ និង​លើកទី ២ ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ ដោយ​អនុញ្ញាត​ឱ្យ​មាន​អាសនៈ​នៅអង្គ​ការសហ​ប្រជាជាតិ​ រហូត​ដល់ ​១២ ​ឆ្នាំ​។​

អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក​ ហ៊ុន សែន​ កាល​ពីថ្ងៃទី​ ២៣ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ បាន​បញ្ជាក់​ថា​៖ «ដូច្នេះយើងខ្ញុំ​តែងតែ​ដាស់តឿន​គេ​ថា កុំ​កសាងកំហុស​លើកទី ៣ នៅកម្ពុជា​ ទុក​ឱ្យ​ពួកខ្ញុំ​បាន​ទទួលសេចក្តីសុខ​ និង​កសាងប្រទេស​ៗ។ ដូច្នេះ ​បើ​ទោះ​បី​គេ​គោរព​ឬ​មិន​គោរព​ ប៉ុន្តែ​យើងខ្ញុំ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ទៅ​លើ​ការគ្រប់​គ្រងស្ថាន​ការណ៍នៅ​ក្នុង​ប្រទេស​របស់ខ្លួន​ដើម្បីធានាការអភិវឌ្ឍ​»។​

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​មិន​ឆ្លើយចំៗទៅនឹង​សំណួរ​ពាក់ព័ន្ធនឹង​ការថ្លែងរបស់​លោក​ ហ៊ុន សែន ទេ​ ប៉ុន្តែ​អ្នក​ស្រី​ Katherine អះអាងថា សហរដ្ឋ​អាមេរិក​ព្យាយាម​ធ្វើការ​ជា​មួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ចក្ខុវិស័យ​រួម​អំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែល​មាន​លក្ខណៈសេរី វិបុលភាព សុវត្ថិភាព និង​ភាព​ធន់។

អ្នក​ស្រីលើក​ឡើង​តាម​សារ​អ៊ីមែលថា​៖ «​សហរដ្ឋ​អាមេរិកនៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជា​ជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួ​កគេសម្រាប់​ប្រទេស​មួយ​ដែល​កាន់​តែ​រីកចម្រើន ប្រជាធិប​តេយ្យ និង​ឯករាជ្យ ដែល​សំឡេងទាំងអស់​ត្រូវបាន​ស្តាប់ និងគោរព ហើយ​អធិបតេយ្យភាព​របស់កម្ពុជា​ត្រូវ​បាន​ការពារ​»។

វីអូអេ​បាន​ទាក់​ទងទៅ​អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា​លោក​ ប៉ែន បូណា​ ដើម្បី​សួរ​ពាក់​ព័ន្ធនឹង​ការលើកឡើង​អំពីបញ្ហាបដិវត្តន៍​ពណ៌នេះ​ ប៉ុន្តែ​លោកមិន​ផ្តល់​ការ​អត្ថាធិប្បាយ​ហើយ​បានប្រាប់​អ្នក​សារព័ត៌​មាន​ឱ្យ​សួរ​ទៅ​ខាង​កាសែត​ The Sunday Guardian។

នៅ​ពេល​សួរ​ថា ​តើ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​ជឿថាសហរដ្ឋអាមេរិក​នៅពីក្រោយខ្នង​នៃការ​ធ្វើ​បដិវត្ត​ពណ៌​នៅកម្ពុជា​មែន​ឬយ៉ាងណា​នោះ​ អ្នកនាំពាក្យរូបនេះ​មិន​ឆ្លើយតប​នឹង​សំណួរ​នោះ​ឡើយ​។

ប្រធាន​វេទិកា​អនាគត​ Future Forum ​លោក​ អ៊ូ វីរៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទថា​ ​បញ្ហា​បដិវត្តន៍​ពណ៌​ មិនមែន​ជារឿងថ្មី​ទេ​ ព្រោះ​កន្លងមក​មានការអត្ថាធិប្បាយ​ និង​ការ​ចោទ​ប្រកាន់​ជុំវិញ​រឿង​នេះ​ តែ​បានស្ងប់ស្ងាត់​ទៅ​វិញ​។

លោក ​អ៊ូ វីរៈ បន្តថា ​មិន​មាន​សញ្ញានៃការ​បដិវត្តន៍ពណ៌នៅកម្ពុជា​ទេ​ ហើយក៏គ្មាន​ប្រទេស​លោកខាងលិច​ណា​គាំទ្រ​ចំពោះ​សកម្មភាព​បែបនេះ​ដែរ ខណៈ​ពិភព​លោក​កំពុង​តែយក​ចិត្តទុកដាក់​នឹង​បញ្ហា​ជាច្រើន ​ដូច​ជា​សង្គ្រាម​នៅអ៊ុយក្រែន​ និង​កម្មវិធី​នុយ​ក្លែអ៊ែ​របស់​កូរ៉េខាងជើង​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​រឿង​ច្រើន​ណាស់​ដែល​ពិភពលោកកំពុង​យក​ចិត្ត​ទុក​ដាក់​ ប៉ុន្តែ រឿង​បដិវត្តន៍ពណ៌ ខ្ញុំថា ​មិនមែនជា​ប្រធានបទមួយ​ខ្ញុំឃើញគេ​ជជែក​គ្នា​ទាល់តែសោះ​ខាង​ពិភពលោក​នាពេលបច្ចុប្បន្ន​នេះ​។​ អ៊ីចឹងខ្ញុំមើល​ទៅ ​គឺដូចខ្ញុំថា​អ៊ីចឹង មិនមែន​ជា​ព័ត៌មាន​អី​ប្លែក​ មិនមែន​ជាព័ត៌មាន​ថ្មី​ ហើយក៏មិនមែន​ជាប្រធានបទត្រូវជជែក​ទេ​។ ដោយ​សារ​ អ៊ីចឹងហើយ ​ខ្ញុំគ្មាន​[ជំនឿ]​ថា​នៅ​ក្នុង​កម្ពុជា​មាន​ការ​ជជែក​គ្នា ​ឬក៏ការ​គិតគូរ​ដល់​រឿង​ហ្នឹង​ទេ​»។

ស្ថាបនិក​វេទិកា​អនាគត​ លោក ​អ៊ូ វីរៈ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាមលោក​ អ៊ូ វីរៈ បើសិន​ជាបញ្ហា​នេះ​ត្រូវ​បាន​ជជែក​ ហើយ​ថែម​ទាំង​យកបញ្ហា​នេះ​ទៅ​រឹតបន្តឹងសិទ្ធិ​សេរីភាពប្រជាពលរដ្ឋ​នៅក្នុង​ការបញ្ចេញ​មតិ​ដោយសន្តិវិធី​ នោះវាជាការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិប្រជាពលរដ្ឋ​។

ចំណែក​អ្នកជំនាញ​ភូមិសាស្ត្រនយោបាយ​អន្តរជាតិ​លោក សេង វណ្ណលី ប្រាប់​វីអូអេថា ​ការលើកឡើង​របស់លោក​ ហ៊ុន សែន ​ជាញឹកញាប់ដែល​ទាក់​ទិន​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា​ដែលគ្មាន​ប្រភពច្បាស់លាស់នោះ​ ជាការបង្ហាញអំពីការព្រួយ​បារម្ភ​របស់រដ្ឋាភិបាលកម្ពុជាលើចលនា​បដិវត្តន៍​ ដែល​អាច​កើត​មាន​ឡើង​។

លោក​ថ្លែង​ថា៖​ «បញ្ហា​ចម្បងដែល​លោកអតីត​នាយករដ្ឋមន្ត្រី​តែង​តែ​លើក​ឡើង​គឺ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់លោក​អតីតនាយករដ្ឋមន្ត្រី​ ដោយសារតែរបប​ភ្នំពេញ​នេះ​មាន​បញ្ហាអវិជ្ជមាន​ច្រើន​ មាន​កេរ្តិ៍​ឈ្មោះ​អសោចពាក់ព័ន្ធនឹងការ​រំលោភ​សិទ្ធិ​មនុស្ស​ ការបំផ្លា​ញធន​ធានធម្មជាតិ ហើយក៏​ដូច​ជាការ​បើកឱ្យ​មានការ​រក​ស៊ី​របស់មន្ត្រី​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាមួយនឹងក្រុមឧក្រិដ្ឋជន​ឆ្លងដែន​ជាដើម​»។

​បើ​តាម​អ្នកជំនាញ​រូបនេះ​ ការលើកឡើងម្តងហើយ​ម្តងទៀត​បែបនេះ​អំពី​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​នៃការ​ធ្វើ​បដិវត្តន៍ពណ៌នៅកម្ពុជា​ អាចជារនាំ​ង​នៃការស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

ចំណែក​លោក សេក សុជាតិ​ អ្នកប្រឹក្សាយោបល់​ផ្នែក​អភិវឌ្ឍន៍ផ្នត់​គំនិត​និង​ការ​ស្រាវ​ជ្រាវ​ បាន​កត់​សម្គាល់​ថា ​សារ​នយោបាយរបស់លោក ហ៊ុន សែន អំពី​បដិវត្តន៍​ពណ៌​នេះ​ គ្រាន់​តែ​ជា​ការបង្ហាញកី្ត​បារម្ភ​ នៅ​ពេលកម្ពុជាត្រូវ​បាន​គេសង្កេតឃើញ​ថា​ មានការ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់ប្រជាពលរដ្ឋ​ និង​ការចូលរួម​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម​ និង​នយោបាយ​។

សេក សុជាតិ​ ថា ការ​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​មិនល្អ​ទេ សម្រាប់ប្រ​ទេស​ប្រជាធិប​តេយ្យ​ ដែលនាំឱ្យ​មានការ​មិនពេញចិត្ត​ ហើយ​បង្កើត​ព្រឹត្តិ​ការណ៍​ផ្សេងៗដើម្បី​ទាមទារសិទ្ធិនោះមកវិញ​៕