ក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា អាចនឹងមានការវាយប្រហារមួយទៀតកើតឡើងនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេល ២៤ ទៅ ៣៦ ម៉ោងខាងមុខ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុងកាប៊ុលបានជំរុញពលរដ្ឋអាមេរិកាំងឲ្យចាកចេញពីបរិវេណអាកាសយានដ្ឋាននោះ។
ការប្រកាសអំពីការគំរាមកំហែងសន្តិសុខនេះមានបំណងជំរុញពលរដ្ឋអាមេរិកាំងកុំឲ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល និងបានបញ្ជាក់ថា អ្នកដែលនៅជុំវិញបរិវេណអាកាសយានដ្ឋាននេះ ដែលក្នុងនោះរួមមានទាំងច្រកចូលខាងត្បូង ក្រសួងមហាផ្ទៃថ្មី និងច្រកចូលនៅជិតស្ថានីយ៍ប្រេងឥន្ធនៈ Panjshir នៅផ្នែកពាយ័ព្យនៃអាកាសយានដ្ឋានផងដែរ គួរតែចាកចេញជាបន្ទាន់។
លោក Biden បានព្រមាននៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារបន្ថែមទៀតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលទំនងជាអាចនឹងកើតឡើង។
ការប្រកាសរបស់លោក Biden នេះបានធ្វើឡើង នៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជិតឈានដល់ការបញ្ចប់ការជម្លៀសពលរដ្ឋរបស់ខ្លួននិងពលរដ្ឋអាហ្វហ្គានីស្ថានដែលរត់គេចពីក្រុមតាលីបង់ (Taliban) ចេញពីអាហ្វហ្គានីស្ថាន និងក្នុងពេលពីរថ្ងៃក្រោយមក បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានសម្លាប់ពលរដ្ឋអាហ្វហ្គានីស្ថានយ៉ាងតិច ១៧០ នាក់ និងទាហានអាមេរិកាំង ១៣ នាក់។
លោក Biden បាននិយាយថា លោកបានបញ្ជាមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកឲ្យការពារទាហានអាមេរិកាំងដែលកំពុងឈរជើងនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលនោះ។
សេតវិមានបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១៤ ខែសីហាមក សហរដ្ឋអាមេរិកបានជម្លៀសឬក៏ជួយជម្លៀសមនុស្សបានប្រហែល ១១៣.៥០០ នាក់ ហើយតាំងពីចុងខែកក្កដាមក សហរដ្ឋអាមេរិកបានជម្លៀសមនុស្សទៅទីតាំងថ្មីបានប្រហែល ១១៩.០០០ នាក់៕