ស្ថានទូត​ស.រ.អា​ស្នើ​​ឱ្យ​ស៊ើបអង្កេត​ពេញលេញ ​និង​ប្រកប​ដោយ​តម្លាភាព​លើ​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី

ផ្ទាំង​រូបថត​​លោក ​កែម ឡី ដែលដាក់​តម្កល់​អមផ្នូររបស់​លោក​នៅ​ឃុំលាយបូរ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​លើ​ការ​ធ្វើឃាត​លោក​បណ្ឌិត​កែម ឡី ​អតីត​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​នៅ​កម្ពុជា។

ការ​អំពាវនាវ​នេះ​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​លោកកែម​ឡី​កំពុង​តែ​ប្រារព្ធ​ខួប​លើកទី៤​នៃ​ឃាតកម្ម​រូប​លោក​ទាំង​ថ្ងៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

នៅក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត ​និង​ធ្វីតថឺ (Twitter) ​ផ្ទាល់ខ្លួន​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ផែទ្រីក មឺហ្វី​បាន​សរសេរ​ថា៖

«ថ្ងៃ​នេះ​គឺជា​ខួប​លើកទី៤ ​នៃ​មរណភាព​យ៉ាង​សោកនាដកម្ម​របស់​លោក កែម ឡី ដែល​ត្រូវ​បាន​គេ​គោរព​យ៉ាង​ជ្រាលជ្រៅ​ ហើយ​ជា​អ្នកមាន​ការប្តេជ្ញា​ចិត្ត​ក្នុង​ការលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​និង​គ្មាន​ការភ័យខ្លាច​នៅក្នុង​ការស្វែង​រក​ការពិត។ យើង​សូម​អំពាវនាវ​សាជា​ថ្មី​ ឱ្យ​មាន​ការស៊ើប​អង្កេត​ពេញលេញ​ និង​ប្រកប​ដោយ​តម្លាភាព​ លើ​ការធ្វើឃាត​លើ​រូប​លោក»។

លោកកែម​ ឡី​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅក្នុង​ហាងសាំង​កាល់តិច​មួយ​កាលពី​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ នៅពេល​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ។

អាជ្ញាធរ​បាន​ចាប់ខ្លួន ​និង​កាត់ទោស​បុរស​ម្នាក់​ឈ្មោះ​អឿត អាង​ឱ្យ​ជាប់​គុក​មួយ​ជីវិត។ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ជឿ​លើការ​អះអាង​របស់​បុរស​នោះ​ពី​មូលហេតុ​នៃ​ការ​ធ្វើ​ឃាត​ដោយសារ​តែ​ការ​ជំពាក់​ប្រាក់​ទេហើយ​បន្ត​ទាមទារ​ឱ្យ​រក​ជន​ពាក់ព័ន្ធ​ និង​អ្នកបញ្ជា​ពី​ក្រោយ​ខ្នង។

ស្របពេល​ជាមួយគ្នា​នេះដែរ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ «បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា» ​ដើម្បី​ជា​កិត្តិយស​ និង​ទាមទារ​យុត្តិធម៌​ដល់​លោកកែម ឡី ​និង​ជនរងគ្រោះ​ដោយសារ​ការ​បាញ់​សម្លាប់​ដទៃទៀត​ដែល​មាន​ដូចជា​អ្នកស្រី​ពិសិដ្ឋ ​ពីលីកា ​ដែល​ជា​តារា​ភាពយន្ត​ និង​អ្នក​រាំ​របាំ​ដ៏​ល្បី​ឈ្មោះ​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ថ្ងៃទី៦​ ខែកក្កដា ​ឆ្នាំ១៩៩៩ ​ការធ្វើ​ឃាត​លោកជា វិជ្ជា ​មេដឹកនាំ​សហជីព​កម្មករ​ និង​លោក​ឈុត វុទ្ធី​ សកម្មជន​ការពារ​ព្រៃឈើ​ជាដើម។ យុទ្ធនាការ​នេះ​រួម​មាន​ការប្រមូល​ហត្ថលេខា​ពលរដ្ឋ​តាម​អនឡាញ​ឱ្យ​បាន​៥​សែន​នាក់​ដើម្បី​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ទៅ​តុលាការ​អន្តរជាតិ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃសុក្រ​នេះ។

លោក​កែម ឡី​តែងតែ​វិភាគ​ និង​អត្ថាធិប្បាយ​លើ​បញ្ហា​អសកម្មនានា​នៅក្នុង​សង្គម​ក្នុងនោះ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ ​អំពើ​ពុករលួយ​ បក្ស​ពួកនិយម​និ ង​បញ្ហា​ព្រំដែន​ជាដើម៕