ការលើកឡើងផ្សេងៗអំពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានការបារម្ភ និងធ្វើឲ្យគេមានការសង្ស័យចំពោះអនាគតរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកមួយដែលគេមើលឃើញថាមានសារៈសំខាន់ចំពោះភាពរីកចម្រើន និងសន្តិសុខនៅថ្ងៃអនាគតរបស់សហរដ្ឋអាមេរិក។
ការបោះឆ្នោតដែលមានការរិះគន់ គួរឲ្យខ្មាសអៀន និងមានលក្ខណៈបុគ្គលបែបនេះ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានចម្ងល់អំពីលទ្ធភាពរបស់សហរដ្ឋអាមេរិកក្នុងការធ្វើតាមការសន្យារបស់ខ្លួន ដែលថានឹងចូលរួមឲ្យកាន់តែជ្រាលជ្រៅនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទាំងអតីតប្រធានាធិបតី George W. Bush និងទាំងប្រធានាធិបតី Barack Obama សុទ្ធតែបានប្រឹងប្រែងធ្វើការដើម្បីបើកឲ្យមានច្រកផ្នែកការទូត សន្តិសុខ និងសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះជាការប្រឹងប្រែងដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាមេដឹកនាំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ អ្នកជំនាញបាននិយាយថា ការបន្តភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នឹងជួយទប់ទល់ជាមួយនឹងអំណាច និងឥទ្ធិពលដែលកំពុងតែមានការកើនឡើងរបស់ចិន។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរ គឺលោក Donald Trump និងលោកស្រី Hillary Clinton បានកាត់បន្ថយនូវក្ដីសង្ឃឹមឲ្យមានតួនាទីដ៏ប្រសើរជាងមុនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Robert Manning មកពីមជ្ឈមណ្ឌលសិក្សាសន្តិសុខអន្តរជាតិ Brent Scowcroft នៃក្រុមប្រឹក្សា Atlantic បាននិយាយថា គេឃើញមានការភ័យខ្លាច និងការមិនពេញចិត្តនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រសិនបើលោក Trump ក្លាយជាប្រធានាធិបតី។
ចំណែកឯលោកស្រី Clinton វិញ ទោះបីជាលោកស្រីត្រូវគេរំពឹងថានឹងបន្តនូវការធ្វើឲ្យមានសមតុល្យឡើងវិញនៃផ្នែកយុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី Obama ក៏ដោយ ក៏លោកស្រីបានបដិសេធយ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដែរ៕