សេដ្ឋកិច្ច​​សហរដ្ឋ​អាមេរិក​ចុះ​ថយ៩,៥%​ពី​ខែ​មេសា​ដល់​ខែ​មិថុនា

រូបឯកសារ៖ ស្លាកដាក់ជួលនៅខាងក្រៅហាងមួយដែលបិទទ្វារអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅរដ្ឋ Florida កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋអាមេរិកបានឱ្យដឹង​កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​៣០​ ខែកក្កដា​ថា ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​សេដ្ឋកិច្ចខ្លួន​បានធ្លាក់​ចុះ​៩,៥%​ពីខែ​មេសា​ដល់​ខែ​មិថុនាដែល​ជា​ការចុះថយ​ប្រចាំ​ត្រី​មាស​ខ្លាំង​បំផុត​ក្នុង​ពេល​៧ទសវត្សរ៍។

ការចុះ​ថយ​សេដ្ឋកិច្ចក្នុង​ត្រី​មាសទី​ពីរ​បាននាំ​ឱ្យមានការធ្លាក់​ចុះ​ឆ្នាំដល់៣២,៩%​ សម្រាប់​រយៈ​ពេលមួយ​ឆ្នាំ។​

​ការចុះថយ​ចំនួន​បី​ខែ​នេះដែល​ក្រសួង​ពាណិជ្ជកម្មបាន​រាយការណ៍​ រួមផ្សំ​ជា​មួយ​ការធ្លាក់​ចុះ​៤,៨%ពីខែមករា​ដល់​ខែ​មីនាបានដាក់សេដ្ឋកិច្ចធំបំផុត​ក្នុង​ពិភព​លោកនេះក្នុងដំណើរ​ធ្លាក់ចុះ​នៃសេដ្ឋកិច្ចនៅ​ពេ​ល​ប្រទេស​អាមេរិកតស៊ូដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រើប​ឡើង​វិញ។ ការ​រាត​ត្បាត​ជា​សាកល​នេះ​ជំងឺ​នេះមិនទាន់​បានត្រូវបង្ក្រាបនៅឡើយ។ ករណីអ្នក​ឆ្លង​ជំងឺថ្មី​កំពុង​កើន​ឡើង។ ជន​ជាតិ​អាមេរិកាំងស្លាប់​អស់ជាង១សែន​៥​ម៉ឺន​នាក់​ ហើយចំនួន​អ្នក​ឆ្លង​ជំងឺ​នេះកើន​ដល់ជាង៤លាន​៤​សែននាក់​ហើយ។​

ផល​ប៉ះពាល់ខាង​សេដ្ឋកិច្ច​ដោយសារ​វីរុស​នេះ​នៅ​តែមិនថម​ថយ​ទេ​។ ​ក្រសូង​ការងារសហរដ្ឋ​អាមេរិក​បានរាយការណ៍​ថា កាល​ពី​សប្តា​ហ៍ទី​បី​នៃ​ខែ​កក្កដា មានអ្នក​ធ្វើការ​១លាន៤​សែន​នាក់​ទៀត​បានដាក់ពាក្យ​សុំ​ប្រាក់​ជំនួយនៅ​ពេល​គ្មាន​ការងារធ្វើដែល​ជា​ល្បឿននៃការ​ដាក់ពាក្យ​សុំ​ប្រាក់​ជំនួយនៅពេលគ្មាន​ការងារ​ធ្វើ​នៅ​ពេល​នេះ​និង​ច្រើន​អាទិត្យមក​ហើយ។ ​អ្នក​ធ្វើការប្រមាណ ១៧​លាននាក់នៅ​តែមិន​ទាន់​មានការងារធ្វើ ហើយ​ចាប់​តាំង​ពី​ខែ​មីនា​មក ​មាន​មនុស្ស​៥៣លាន៨​សែននាក់​បានទទួលប្រាក់​ធានារ៉ាប់​រង​នៅពេល​គ្មាន​ការងារ​ធ្វើ។

លោក Jerome Powell ប្រធានធនាគារ​កណ្តាលសហរដ្ឋអាមេរិក​បានមានប្រសាសន៍កាល​ពីថ្ងៃ​ពុធ ទី២៩ ខែ​កក្កដា​ថា ​កំណើន​ថ្មីនៃការ​ឆ្លង​វីរុស​កូរ៉ូណាដាក់​ឱ្យ​មាន​ការគំរាម​កំហែងថ្មី​ៗដល់សេដ្ឋកិច្ច។ អ្នក​ធ្វើ​ការ​រាប់​លាននាក់​បាន​វិល​ត្រឡប់ទៅធ្វើការវិញ ​ក៏​ប៉ុន្តែនិ​យោជក​រាប់​ពាន់​នាក់នៅ​តែបញ្ឈប់អ្នក​ធ្វើការមិន​ឱ្យ​ធ្វើ​ការ​តទៅ​ទៀត​ឬ​បានផ្អាក​ការ​បើក​ធ្វើ​ធុរកិច្ច​ជា​ថ្មីនៅ​ពេលវីរុស​កូរ៉ូណា​កំពុង​រាលដាល​ជា​ពិសេស​នៅ​ក្នុង​រដ្ឋ​ធំៗ​ដូចជា​រដ្ឋ Florida Texas និង​រដ្ឋ​ California ជាដើម។

លោក Jerome Powell បាន​មានប្រសាសន៍​ថា៖ «​ទិន្នន័យទំនង​បង្ហាញ​អំពី​ល្បឿន​យឺត​នៃ​ការ​រើបឡើង​វិញ។ ​ខ្ញុំ​ចង់គូស​បញ្ជាក់​ថា​ជា​ការឆាប់​ពេកដែល​និយាយ​អំពីទំហំនៃ​ការ​រើប​សេដ្ឋកិច្ច​និង​អំពី​ថា​តើ​ការ​រើប​នេះនឹងមានរយៈពេល​ត្រឹម​ណា​»។

លោក ​Powell បាន​និយាយ​ថា វិធានការខ្លះ​នៃ​ចំណាយ​របស់ក្រុមអ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​ដូចជា​ការប្រើបណ្ណ​កាត់ប្រាក់​ពី​គណនេយ្យ​ធនាគារ​និង​បណ្ណឥណទាន​បានចុះ​ថយ​ចាប់​តាំង​ពី​ចុង​ខែមិថុនា​នៅ​ពេលការ​ឆ្លង​វីរុស​កូរ៉ូណា​បានកើនឡើង​ច្រើន បន្ទាប់​ពី​មាន​ការ​បើក​សេដ្ឋ​កិច្ច​ឡើង​វិញកាល​ពីប៉ុន្មាន​សប្តាហ៍​មុន​ពេល​នោះ។

លោក Jerome Powell ​ បានមា​នប្រសាសន៍​ថា ​សញ្ញា​បញ្ជាក់​អំពីផ្សារ​ការងារបង្ហាញ​ថា​មានកំណើន​ការងារ​យឺតៗហើយ​អត្រាភ្ញៀវ​ស្នាក់​ក្នុង​សណ្ឋាគារ​មានតិច។ លោក​បានថ្លែង​ថា ​ពលរដ្ឋអាមេរិកាំង​មិន​ទៅ​ភោជនីយ​ដ្ឋាន​ កន្លែង​ចាក់​សាំង និង​ហាងធ្វើ​សក់យ៉ាង​ញឹក​ញយ​ដូចដែល​ពួក​គេបានធ្វើ​កាល​ពី​ដើម​រដូវ​ក្តៅនោះទេ។

លោកបាននិយាយថា ការរើប​សេដ្ឋកិច្ចពេញលេញ​អាស្រ័យ​លើសមត្ថភាពរបស់ប្រទេសក្នុង​ការគ្រប់​គ្រងវីរុសកូរ៉ូណា​ដែល​រហូតមកដល់​ពេល​នេះ​អាជ្ញាធរ​អាមេរិកាំង​មិន​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ។

លោក Jerome Powell ​បានមានប្រសាសន៍នៅ​ក្នុង​សន្និសិទកាសែត​មួយថា៖ «ការ​រើប​សេដ្ឋកិច្ចពេញ​លេញ​មិន​ទំន​ង​ជានឹង​មានទេរហូត​ដល់​ពេល​ណា​ពលរដ្ឋមានការទុក​ចិត្ត​ថាមានសុវត្ថិភាពក្នុង​ការ​ចូល​រួមក្នុង​សកម្មភាព​សេដ្ឋកិច្ចដោយ​ទូលំទូលាយ»។​

​មន្ត្រីសេដ្ឋកិច្ច​សហរដ្ឋ​អាមេរិកសំខាន់​ៗ​ទស្សន៍​ទាយ​ថា ​ការ​រើប​សេដ្ឋកិច្ច​ពេញ​លេញរបស់​ប្រទេស​អាមេរិក​ពីការ​រាត​ត្បាត​ជាសាកល​នៃជំងឺ​កូវីដ​១៩នឹង​ត្រូវ​ការពេល​យូរ​គឺរហូត​ដល់ឆ្នាំ២០២១។​

ធនាគារ​កណ្តាលអាមេរិកបានទស្សន៍​ទាយ​ថា ការ​គ្មាន​ការងារធ្វើក្នុង​សហរដ្ឋអាមេរិក​នឹងល្អ​ប្រសើរ​ជាង​មុន គឺមាន​ចំនួន ៩,៣%​នៅ​ដំណាច់​ឆ្នាំ​២០២០​និងធ្លាក់​មក​នៅ​ចំនួន ៦,៥%​នៅ​ដំណាច់​ឆ្នាំ​ក្រោយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ