រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសដែលត្រូវបំផ្លិចបំផ្លាញដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ បានធ្លាក់ចុះរហូតដល់៩,៥% ពីខែមេសា ដល់ខែមិថុនា ដែលជាការធ្លាក់ចុះ ក្នុងមួយត្រីមាសខ្លាំងបំផុតក្នុងរយៈពេល៧ទសវត្សរ៍មកនេះ។
តួលេខត្រីមាសទី២នេះ បើគិតជាតួលេខប្រចាំឆ្នាំស្មើនឹង៣២,៩%។
ការធ្លាក់ចុះសេដ្ឋកិច្ចនេះ ត្រូវបានរាយការណ៍ដោយក្រសួងពាណិជ្ជកម្ម ដែលបានរួមបញ្ចូលតួលេខឱនភាពសេដ្ឋកិច្ចពីត្រីមាសទី១ ចំនួន៤,៨% ហើយដែលបានដាក់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធំជាងគេក្នុងពិភពលោកនេះ ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះជាផ្លូវការ។
នៅពេលនេះវិបត្តិកូវីដ១៩ ដែលគ្រប់គ្រងមិនបាន និងកំពុងមានករណីឆ្លងថ្មីកើនឡើងនោះ បាននាំឲ្យពលរដ្ឋអាមេរិកជាង១៥០.០០០នាក់បានស្លាប់ និងជាង៤,៤លាននាក់ បានឆ្លងជំងឺនេះ។
វិបត្តិសុខាភិបាលនេះ ក៏បានបណ្តាលឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយក្រសួងការងារបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋអាមេរិក១,៤លាននាក់បន្ថែមទៀត បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារកាលពីសប្តាហ៍មុន។
ពេលនេះមានពលរដ្ឋអាមេរិកាំង១៧លាននាក់ បន្តអត់ការងារដោយសារវិបត្តិនេះ ក្នុងចំណោមពលរដ្ឋសរុបជិត៥៤លាននាក់ ដែលធ្លាប់បានបាត់បង់ការងារចាប់តាំងពីខែមីនាមក។
នៅពេលនេះទាំងសេតវិមាន និងសភាសហរដ្ឋអាមេរិក បន្តជាប់គាំងនៅក្នុងការចរចាអំពីតើគួរបន្តប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសហព័ន្ធប្រចាំសប្តាហ៍ចំនួន៦០០ដុល្លារដែរ ឬ យ៉ាងណា? លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកតាក់តែងច្បាប់ខាងគណបក្សសាធារណរដ្ឋ ចង់បន្ថយចំនួនប្រាក់ជំនួយនេះ មកត្រឹម២០០ ដុល្លារក្នុងមួយសប្តាហ៍ ខណៈដែលអ្នកតាក់តែងច្បាប់ពីគណបក្សប្រជាធិបតេយ្យចង់រក្សាប្រាក់ជំនួយប្រចាំសប្តាហ៍៦០០ ដុល្លាររហូតដល់ចុងឆ្នាំ២០២០៕