ដំណើរការ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្អាក់​ដោយសារ​កង្វះ​សកម្មភាព​ពី​សភា

ប្រធានាធិបតី​ Donald Trump និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំជាមួយ Henry Kissinger អតី​រដ្ឋមន្រ្តី​ការបរទេស​និង​ទីប្រឹក្សាសន្តិសុខ​ជាតិ​ក្រោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​Richard Nixon ក្នុង​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១០ ឧសភា ២០១៧។

សេដ្ឋកិច្ច​របស់​លោក Donald Trump នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​នូវ​ការ​បង្កើន​តម្លៃ​ភាគហ៊ុន និង​ការ​ធ្វើ​ឲ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប។

ទោះបីជា​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត​ក៏​ដោយ ក៏​ភាគ​ច្រើន​នៃ​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​សំខាន់ៗ​របស់​លោក ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​សភា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Tom Buerkle អ្នក​វិភាគ​ហិរញ្ញវត្ថុ​នៃ​សាជីវកម្ម Thomson Reuters តាម​រយៈ​ប្រព័ន្ធ Skype។

លោក Tom Buerkle បាន​និយាយ​ថា៖ «ជាទូទៅ អ្វី​ដែល​យើង​ទទួល​បាន​គឺ​សេដ្ឋកិច្ច​ដែល​មាន​កំណើន ២ ភាគរយ។ សេដ្ឋកិច្ច​នេះ​មាន​លំនឹង​ដូច​នេះ​រហូត ប៉ុន្តែ​មិន​អស្ចារ្យ​នោះ​ទេ»។

លោក Buerkle បាន​និយាយ​ថា កង្វះ​ការ​វិវត្ត​ទៅ​មុខ​របស់​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​លោក Trump គឺ​ជា​មូលហេតុ​មួយ ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ជា​ថ្មី​ម្ដង​ទៀត កាត់​បន្ថយ​ទស្សនវិស័យ​របស់​ខ្លួន​ចំពោះ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ ប្រសិន​បើ​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់​ចុះ អ្នក​នឹង​មិន​ឃើញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដូច​នេះ​នៅ​តំបន់​ទីផ្សារ​ហិរញ្ញវត្ថុ Wall Street នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Michael Strain អ្នក​វិភាគ​គោល​នយោបាយ​មកពី​វិទ្យាស្ថាន American Enterprise ដែល​មាន​ទំនោរ​បែប​អភិរក្ស​និយម។

លោក Michael Strain បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​អ្នក​ឃើញ គឺ​ជា​ប្រតិកម្ម​ចំពោះ​ភាព​ដែល​អាច​ទៅ​រួច​នៃ​កំណែ​ទម្រង់​ពន្ធដារ​ដ៏​សំខាន់​មួយ ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​លុប​ចោល​នូវ​ការ​ដាក់​កំហិត​ផ្សេងៗ ឬ​ក៏​ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។ ហើយ​ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី Trump គួរតែ​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​រឿង​ហ្នឹង»។

ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ភាព​ជឿជាក់​របស់​វិនិយោគិន ប្រសិន​បើ​លោក​ប្រធានាធិបតី Trump មិន​មាន​លទ្ធភាព​ធ្វើ​តាម​ការ​សន្យា​របស់​លោក​នោះ? អ្នក​ខ្លះ​និយាយ​ថា ការ​កើន​ឡើង​នូវ​តម្លៃ​ភាគហ៊ុន ដែល​មិន​ដែល​មាន​ពី​មុន​មក មិន​អាច​នៅ​ឋិតថេរ​ជា​រៀង​រហូត​ដូច​នេះ​នោះ​ទេ។

លោក Tom Buerkle បាន​និយាយ​ថា៖ «យើង​មិន​ដែល​ឃើញ​សកម្មភាព​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​ការ​កើន​ឡើង​តម្លៃ​ភាគហ៊ុន​នេះ​នៅ​ថេរ​នោះ​ទេ»។

ទោះបីជា​អ្នក​មាន​ទស្សនៈ​អភិរក្ស​និយម​មួយ​ចំនួន​មិន​បាន​ផ្ដល់​ពិន្ទុ​ល្អ​ដល់​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Trump ក៏​ដោយ ក៏​ពួកគេ​រិះគន់​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​ជាង។

លោក Michael Strain បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា បៀវត្សរ៍​ការងារ​ទាប​បំផុត​ចំនួន ១៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង អាច​នឹង​ប៉ះពាល់​ដល់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ការ​ដោយ​កម្លាំង និង​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​ការ ច្រើន​ជាង​ជួយ​ពួកគេ។ ខ្ញុំ​គិត​ថា ការ​ផ្ដោត​លើ​គោល​នយោបាយ​ឈប់​សម្រាក​ពី​ការងារ​ដោយសារ​បញ្ហា​គ្រួសារ ហើយ​នៅតែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ទៀត​នោះ មិន​គួរ​ចាត់​ចូល​ក្នុង​គោល​នយោបាយ​អាទិភាព​មួយ​ដែល​យើង​ចង់​សម្រេច​ឲ្យ​បាន​នោះ​ទេ ប្រសិន​បើ​អ្នក​មាន​គោល​បំណង​ចង់​ជួយ​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើ​ការ​ដោយ​កម្លាំង​នោះ។ ខ្ញុំ​គិត​ថា គំនិត​បែប​នេះ គឺ​ជា​ការ​គិត​ខុស»។

ក្នុង​ពេល​មិន​មាន​សកម្មភាព​ផ្លូវ​ច្បាប់​ណា​មួយ​ធ្វើ​ឡើង​នោះ លោក Tom Buerkle បាន​និយាយ​ថា អ្នក​ដែល​យើង​គួរ​សរសើរ​ចំពោះ​ការ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ក្នុង​កម្រិត​ថេរ​នោះ គឺ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក។

លោក Tom Buerkle បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ភាគ​ច្រើន​នៃ​រយៈពេល ៨ ឆ្នាំ កន្លង​មក​នេះ ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​ដើរ​តួ​ជា​អ្នក​ធ្វើ​គោល​នយោបាយ​សេដ្ឋកិច្ច​ដ៏​ចម្បង​នៅ​ក្នុង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហើយ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កន្លង​មក​នេះ ទោះបីជា​មិន​អស្ចារ្យ​ខ្លាំងក្លា​ក៏​ដោយ ក៏​វា​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​កម្រិត​មួយ​ថេរ​ដែរ»។

ប្រសិនបើ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នៅតែ​មាន​ការ​រីក​ចម្រើន​ក្នុង​កម្រិត​មួយ​ថេរ​ដូច​នេះ ដូច​ដែល​អ្វី​ដែល​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​ជឿជាក់ នោះ​គេ​រំពឹង​ថា​នឹង​មាន​ការ​កើន​អត្រា​ការ​ប្រាក់​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត និង​មាន​ការ​ធ្លាក់​ចុះ​នូវ​ផលប័ត្រ​នៃ​ប័ណ្ណ​ខ្ចី​ប្រាក់ និង​ការ​បញ្ចាំ​ផ្សេងៗ​ដ៏​ស្មុគស្មាញ​របស់​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ដែល​កន្លង​មក​បាន​ជួយ​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​ទាប​មិន​ដែល​មាន​ពី​មុន​មក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា