សហរដ្ឋ​អាមេរិក​បន្ធូរ​ការ​រឹតត្បិត​អំពី​​កូវីដ១៩​សម្រាប់​ការ​ធ្វើ​ដំណើរ​បរទេស​

រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​ម្នាក់​ពាក់​ម៉ាស់​​បង្ការ​ជំងឺ​កូវីដ១៩​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy នៅ​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០។

សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ចាប់ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា​ស.រ.អា.​នឹង​បន្ធូរ​ការ​រឹតត្បិត​អំពី​វិធានការ​កូវីដ១៩​សម្រាប់​អ្នក​ដំណើរ​បរទេស​មក​ប្រទេស​នេះ។​ការ​ធ្វើ​ដំណើរ​ពី​បរទេស​មក​ស.រ.អា.​ត្រូវ​បាន​រារាំង​ភាគ​ច្រើន​ក្នុង​កំឡុង​មាន​ជំងឺ​រាតត្បាត​រយៈ​ពេល​១៨​ខែ​ ទោះ​បី​ជា​ប្រទេស​នៅ​អឺរ៉ុប​ក្នុង​ពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​បាន​បន្ធូរ​ការ​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​អាមេរិក​មុន​វិស្សមកាល​រដូវ​ក្តៅ​ក៏​ដោយ។​

លោក​ Jeff Zients ​អ្នក​សម្រប​សម្រួល​កិច្ចការ​ជំងឺ​កូវីដ១៩​ប្រចាំ​សេតវិមាន​បាន​និយាយ​ថា​អ្នក​ដំណើរ​បរទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​មក​ស.រ.អា.​ជាថ្មី​បើ​ពួកគេ​អាច​បង្ហាញ​ភស្តុតាង​នៃ​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ​មុនពេល​ពួកគេ​ឡើង​យន្តហោះ​និង​បង្ហាញ​ភស្តុតាង​នៃ​ការ​ធ្វើ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ១៩​បីថ្ងៃ​មុន​ឡើង​យន្តហោះ។​

លោក​ Boris Johnson ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​បាន​សាទរ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​ដោយ​និយាយ​ថា​អ្នក​ដំណើរ​បរទេស​នឹង​អាច​មក​សហរដ្ឋ​អាមេរិក​បាន​មុន​ថ្ងៃ​បុណ្យ​រំឭក​គុណ​Thanksgiving​ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ​នៅ​ថ្ងៃ​ទី ២៥​ ខែ​វិច្ឆិកា។​ លោក​ Johnson​បាន​និយាយ​ថា៖ «នោះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ។​ ខ្ញុំ​សូម​អរគុណ​លោក​ប្រធានាធិបតី​ Joe Biden ​ចំពោះ​ការ​រីក​ចម្រើន​ដែល​យើង​អាច​ធ្វើ​បាន»។​

រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក​ Jean-Yves Le Drian​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​New York ​ថា​«វា​ដល់​ពេល»​សហរដ្ឋ​អាមេរិក​ធ្វើ​សកម្មភាព​ហើយ ដោយ​លោក​បន្ថែម​ថា​«យឺត​ប្រសើរ​ជាង​ខកខាន»។​

សមាគម​ទេសចរណ៍​អាមេរិក​ក៏​បាន​ទទួល​ស្វាគមន៍​ចំណាត់ការ​នេះ​ដែរ​ ដោយ​និយាយ​ថា​វា​នឹង​«ជួយ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឡើង​វិញ»។​

លោក ​Roger Dow​ ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​សមាគម​ទេសចរណ៍​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «នេះ​គឺជា​ចំណុច​របត់​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង​វីរុស​នេះ​ហើយ​នឹង​ពន្លឿន​ការ​ស្តារ​ឡើង​វិញ​នូវ​ការងារ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​រាប់លាន​ដែល​បាន​ខកខាន​ដោយ​សារ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​អន្តរជាតិ»។​

អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​មុន​មក​សហរដ្ឋ​អាមេរិក​នឹង​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ដូច​នៅ​ប្រទេស​មួយ​ចំនួន​នោះ​ទេ។​

ប៉ុន្តែ​នៅ​ក្នុង​កិច្ចប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ជំរុញ​ឱ្យ​ជនជាតិ​អាមេរិក​រាប់លាន​នាក់​បន្ថែម​ទៀត​ចាក់​ថ្នាំ​បង្ការ​រោគ​ ​រដ្ឋបាល​លោក​ Biden ​បាន​និយាយ​ថា​ជនជាតិ​អាមេរិក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ហើយ​ត្រឡប់​មក​ពី​បរទេស​នឹង​ត្រូវ​ធ្វើ​តេស្ត​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​មុន​ឡើង​យន្ត​ហោះហើយ​ធ្វើ​តេស្ត​ម្តងទៀត​បន្ទាប់​ពី​ត្រឡប់​មក​វិញ៕​

(Margaret Besheer រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះហើយ​ព័ត៌មាន​ខ្លះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​Reuters​និង​The Associated Press)