ការវាយ​ប្រហារ​តាម​​យន្តហោះដ្រូនរបស់​សហរដ្ឋ​អាមេរិកបាន​សម្លាប់​មេដឹកនាំក្រុម​អាយស៊ីស​នៅ​អាហ្វហ្គានីស្ថាន

បុរសជើងអាកាសអាមេរិកម្នាក់ដឹកនាំកងកម្លាំងផ្លូវអាកាសតាម​​យន្តហោះដ្រូន MQ-9 Reaper ពេលដែលយន្តហោះនោះនៅលើផ្លូវវាលយន្តហោះទៅកាន់ទីលានអាកាស Kandahar ប្រទេសអាហ្វហ្គានីស្ថានាខែមីនាកន្លងទៅនេះ។

ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​ក្រុម​អាយស៊ីស​ដ៏​សំខាន់​មួយ​រូបនៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែលមានឈ្មោះ​ថា​ Hafiz Sayed Khan។

ក្រសួង​ការពារជាតិ​បាន​ប្រកាស​កាលពីថ្ងៃ​សុក្រ​ថា​ការវាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​នៅ​ក្នុង​ស្រុក​អាជីន នៃ​ខេត្ត​ណាន់​ហ្កាហា ហើយ​បាន​សម្លាប់​ឈ្មោះ​ Hafiz Sayed Khan។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក​ Gordon Trowbridge អ្នកនាំពាក្យ​រងបាន​និយាយ​ថា​ «Khan ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចូលរួម​វាយ​ប្រហារ​ប្រឆាំង​នឹង​កងកម្លាំង​សហរដ្ឋ​អាមេរិក​និង​កងកម្លាំង​ចម្រុះ ដោយ​ផ្ទាល់​ ហើយ​សកម្មភាព​របស់​បណ្តាញ​របស់​គាត់​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ជនជាតិ​អាហ្វហ្គានីស្ថាន ជាពិសេស​អ្នក​រស់​នៅ​ខេត្ត​ណាន់​ហ្កាហា។

ក្រសួងការ​ពារជាតិ​និយាយ​ថា​ក្រុម​អាយស៊ីស​ប្រើ​ប្រាស់​ខេត្តណាន់​ហ្កាហា​ដើម្បី ហ្វឹកហ្វឺន បំពាក់​អាវុធ បញ្ជូន​ទៅច្បាំង​និង​គ្រប់គ្រង​បណ្តាញ អ្នក​ប្រយុទ្ធ​ដោយ​ផ្តល់​ឱ្យ​ក្រុម​អ្នក​ប្រយុទ្ធ​នូវ​កងកម្លាំង​បន្ថែម​ជា​បន្ត​បន្ទាប់​។​

លោក​ Trowbridge ​និយាយ​ថា​មរណភាព​របស់​ Khan ​នឹង​កាត់​ផ្តាច់​ប្រតិបត្តិការ​របស់​ក្រុម​អាយស៊ីស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ក្នុង​តំបន់។​

ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ធ្លាប់​បាន​រាយការណ៍​ដោយ​ភាន់​ច្រឡំ​ម្តងហើយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៥​ថា​បុរស​ឈ្មោះ​ខាន់​នេះ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​ដ្រូន។ ប្រភព​មន្ត្រី អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​សមាជិក​៣០​នាក់​ផ្សេង​ទៀត​នៃ​ក្រុម​នេះ​ក៏​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន​ដែរ​។ ហើយ​សេចក្តី​រាយការណ៍​ពី​មរណភាព​របស់​ខាន់ នៅពេល​នោះ​បែ​រ​ជាមិនពិត​ទៅវិញ៕