អាមេរិក​បង្កើនទំហំ​យោធា​ទ្វេដង​ក្នុង​សមយុទ្ធ​ជាមួយ​ហ្វីលីពីន

កង​ទ័ព​អាមេរិក​និង​ហ្វីលីពីន​គោរព​ នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​យោធា​រួម​មួយ​ «Balikatan ២០១៥» នៅ​ឯ​ជំរុំ Aguinaldoនៅ​ជាយ​ក្រុង​ Quezonភាគខាង​ជើង​ឆៀង​ខាង​កើត​នៃ​រដ្ឋធានី​ ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ហ្វីលីពីន ​បាន​ចាប់​ផ្តើម​សមយុទ្ធ​ខាង​យោ​ធា​ដ៏​ធំ​បង្អស់​រួម​គ្នា​មួយនៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ ​ដោយ​ផ្តោត​លើ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រៀបចំ​នៅ​ក្នុង​តំបន់។

សមយុទ្ធ​ប្រចាំ​ឆ្នាំ​នៅ​ឆ្នាំ​នេះ​មាន​រយៈ​ពេល​១០​ថ្ងៃ​ហៅ​ថា Balikatan ឬ​ស្មា​ប្រកៀក​ស្មា មាន​ទំហំ​២​ដង​ធំ​ជាងកាល​ពី​ឆ្នាំ​ទៅ​ ​ដោយ​មាន​កង​ទ័ព​១១​ ០០០​នាក់​មក​ពី​ប្រទេស​ទាំង​២​។​

សមយុទ្ធ​ដែល​ពង្រីក​កាន់​តែធំ​ឡើង​នេះ​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Pacific Pathway ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​ជា​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញវត្តមាន​យោ​ធា​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​នៅ​ក្នុង​ការ​ប្រឈម​ការ​វាត​ទី​ទឹក​ដី​ដ៏​ឆាប់​រហ័ស​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

​សកម្មភាព​វាត​ទី​ដ៏​ឆាប់​រហ័ស​របស់​ចិន​នៅ​ជុំ​វិញ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ Spratly ​បាន​ធ្វើ​ប្រទេស​ទាម​ទារ​ផ្សេង​ទៀត​មាន​ការភ្ញាក់​ផ្អើល​ ​រួម​ទាំង​ប្រទេស​ហ្វីលីពីន​និង​វៀត​ណាម។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន ​មាន​ការ​ព្រួយ​កង្វល់​ថា ​ចិន ​កំពុង​បញ្ចេញ​សាច់​ដុំ​របស់​ខ្លួនដាក់​ប្រទេស​តូច​ៗ​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ​នោះ។

លោក​ឧត្តមនាវី​ Alexander Lopez ​នាយក​សមយុទ្ធ​យោ​ធា​ហ្វីលីពីន​ Balikatan បាន​និយាយ​ថា​ «​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះបាន​វិវត្តន៍​ ដើម្បី​ឆ្លើយ​តបការ​ផ្លាស់​ប្តូរ​បរិយា​កាស​ដ៏​សំខាន់​ដែល​ប្រទេស​យើង​ទាំង​២បាន​ផ្សារ​ភ្ជាប់​គ្នា។​ សមយុទ្ធ​នេះ ​ក៏​គាំទ្រគោល​ដៅ​របស់​កងកម្លាំង​ហ្វីលីពីន​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ​លើក​ស្ទួយ​កងទ័ព​ប្រទេស​ទាំង​២‍»៕