ករណី​ភេរវកម្ម​ក្នុង​ស្រុក​របស់​អាមេរិក​«ផ្ទុះឡើង»

នាយក​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត ​(FBI)​ ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខសភា​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាម​កំហែង​សន្តិសុខ​២០ឆ្នាំ​ក្រោយ​ការវាយប្រហារ​ដោយ​ភេរវកម្ម​ថ្ងៃទី១១កញ្ញា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅវិមាន​សភា​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ (Greg Nash/Pool via AP)

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​និង​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​សហរដ្ឋអាមេរិក​កំពុងប្រយុទ្ធ​ប្រឆាំង​នឹង​អ្វីដែល​ពួកគេ​ពិពណ៌នា​ថា ​ កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​គំរាម​កំហែង​ដោយ​ភេរវករ​ក្នុង​ស្រុក​ ដែល​ភាគច្រើន​ធ្វើ​សកម្មភាព​ដោយ​ឯក​ឯង​ ហើយ​ត្រូវ​បាន​ជំរុញ​ដោយ​ការស្អប់ខ្ពើម​ជាតិ​សាសន៍​ឬ​មនោគមន៍​វិជ្ជា​ប្រឆាំង​រដ្ឋាភិបាល។​

ក្រុម​មន្រ្តី​ដែល​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​សមាជិក​សភា​កាលពី​ថ្ងៃអង្គារ​បាន​បន្ទរ​ការ​ព្រមាន​កាលពី​ដើម​ឆ្នាំ​នេះ​ថា​ ការ​គំរាម​កំហែង​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​សហ​រដ្ឋ​អាមេរិក​គឺ​មនុស្ស​ធំឡើង​នៅ​ក្នុង​ប្រទេស​ដោយ​មាន​មនោគម​វិជ្ជា​ជនជាតិ​ស្បែក​ស​អស្ចារ្យ​ជាងគេ​និង​ទុក្ខព្រួយ​ផ្ទាល់​ខ្លួន​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​អ្នក​ធ្វើ​សកម្ម​ភាព​ភេរវកម្ម​ឯកោ។

លោក ​Christopher Wray ​នាយក​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត ​(FBI)​ បាន​ប្រាប់​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​ថា​ «ពិត​ប្រាកដ​ណាស់​ ករណី​ភេរវកម្ម​ក្នុង​ស្រុក​បាន​កើន​ឡើង»​ដោយ​លោក​និយាយ​ថា​ ការ​ទប់ស្កាត់​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​គឺ​ជា​អាទិភាព​របស់​ការិយាល័យ​នេះ​«នាពេល​ឥឡូវនេះ​និង​អនាគត​ដែល​អាច​មើល​ឃើញ»។​

លោក ​Wray ​បាន​និយាយ​អំពី​អំឡុង​ពេល​ពី​១៦​ទៅ​១៨​ខែ​ចុង​ក្រោយ​ថា​«យើង​មាន​កំណើន​ករណី​ភេរវកម្ម​ក្នុង​ស្រុក​របស់​យើង​ច្រើន​ជាង​ទ្វេដង​ដោយ​ការ​ស៊ើប​អង្កេត​មាន​កំណើន​ប្រហែល​ពី​១.០០០​ទៅ​ដល់​ប្រហែល​២.៧០០​ករណី។​ យើង​បាន​បង្កើន​ចំនួន​បុគ្គលិក​ច្រើន​ជាង​ទ្វេ​ដង​នៃ​ចំនួន​បុគ្គលិក​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​ការ​គំរាម​កំហែង​កាល​ពីមួយ​ឆ្នាំ​មុន»។

ផ្នែក​មួយ​នៃ​កំណើន​នេះ​កើត​ចេញ​ពីការ​វាយ​ប្រហារ​នៅវិមាន​សភា​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៦​ ខែ​មករាដែល​បណ្តាល​ឱ្យ​មនុស្ស ​៥​នាក់​ស្លាប់​និង​នាំឱ្យ​មាន​ការ​ចាប់​ខ្លួន​ជាង​៦០០​នាក់៕