ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកបានចាត់ទុកការបោះឆ្នោតមួយនេះ«មិនសេរី និងយុត្តិធម៌»ឡើយ ដោយសារតែមានការគំរាមកំហែង និងយាយីជាបន្តបន្ទាប់មកលើគណក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller ស្តីពីការបោះឆ្នោតនៅកម្ពុជា ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ សហរដ្ឋអាមេរិកនឹង ដាក់ទណ្ឌកម្មតាមរយៈការរឹតត្បិតទិដ្ឋាការលើបុគ្គលមួយចំនួន ដែលអាមេរិកចាត់ទុកថាបានចូលរួមក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងនឹងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងប្រទេស បង្កើតរដ្ឋាភិបាលថ្មី អាជ្ញាធរមានឱកាសកែលម្អកិត្តិនាមជាអន្តរជាតិរបស់ប្រទេសកម្ពុជា ដូចជាស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ បញ្ចប់ការកាត់ក្តីដែលមានលក្ខណៈនយោបាយ កែប្រែការដាក់ទោសដោយតុលាការទៅលើអ្នករិះគន់ រដ្ឋាភិបាល ហើយអនុញ្ញាតឱ្យផ្នែកសារព័ត៌មានឯករាជ្យបើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែក»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់អាមេរិក គឺខុសការពិតទាំងស្រុង។ លោកបានឆ្លើយតបនឹងការព្រមានដាក់ទណ្ឌកម្ម ដូចជាការកាត់ជំនួយ និងរឹតត្បិតទិដ្ឋាការ ថាជាការព្រមានមកលើប្រទេសតូច ដូចជាកម្ពុជា។
លោកថ្លែងថា៖ «អានេះជាការគំរាមកំហែងហើយ គាត់កំពុងនិយាយថា បានកាន់អំណាចគំរាមកំហែងបក្សប្រឆាំង ក៏ប៉ុន្តែគាត់ដែលនិយាយនេះគឺគាត់កំពុងគំរាមកំហែងប្រទេសដែលតូចមួយ ដែលកំពុងមានការរីកចម្រើនលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
នៅពេលសួរពាក់ព័ន្ធជាមួយការរឹតត្បិតទិដ្ឋាការ និងការផ្អាកកម្មវិធីជំនួយបរទេស លោក សុខ ឥសាន អះអាងថា មិនមានអ្វីត្រូវព្រួយបារម្ភឡើយ។
ព័ត៌មានទាក់ទង៖ អ្នកតាមដានបារម្ភពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមរបស់សហភាពអឺរ៉ុបលើកម្ពុជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថា ការបោះឆ្នោតប្រព្រឹត្តទៅស្របតាមច្បាប់ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «អ៊ីចឹងអ្នកដែលថាការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនសេរី មិនយុត្តិធម៌ គឺមានការភ័ន្តច្រឡំចំពោះការវាយតម្លៃនេះហើយ ហើយអាចថាអ្នកវាយតម្លៃនេះជាអ្នកដែលមិនជាជនប្រជាធិបតេយ្យនោះទេ»។
នៅមុនថ្ងៃបោះឆ្នោតជាតិនីតិកាលទី ៧ នេះ សមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រអាមេរិកមួយចំនួនបានស្នើច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ «ការបំពាននានានិងអំពើពុករលួយ ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅកម្ពុជា។ ច្បាប់នេះនឹងដាក់ទណ្ឌកម្មនានាលើមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិក និងមិនឱ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលប់ លោក សម រង្ស៊ី មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងថា លទ្ធផលនៃការបោះឆ្នោតដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ។ លោកបន្តថា ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ជាកូនច្បង ក៏មិនអាចទៅរួចដែរ។
លោកថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេថា៖ «មានន័យថា ការបោះឆ្នោតនេះសហគមន៍អន្តរជាតិគេមិនទទួលស្គាល់ទេ។ តាំងពីដើមទីមក គេដឹងថា ការបោះឆ្នោតនេះជាការបោះឆ្នោតលេងសើច គេអត់លេងចូលទេ គេអត់បញ្ជូនអ្នកសង្កេតការណ៍មកទេ។ ដូច្នេះលទ្ធផលនៃការបោះឆ្នោតបែបនេះ ក៏គេមិនទទួលយកដែរ»។
Your browser doesn’t support HTML5
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលក្នុងនោះរួមមានការបញ្ឈប់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងការរឹតបន្តឹងផ្នែកទិដ្ឋាការដល់មន្ត្រីកម្ពុជានានា ដែលអាមេរិកយល់ថាបានចូលរួម «បំផ្លិចបំផ្លាញ» ប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក្តី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិច លោក សំ គន្ធាមី លើកឡើងថា ការបោះឆ្នោតធ្វើឡើងដោយរលូន ដោយមិនឃើញភាពមិនប្រក្រតីណាមួយកើតឡើងទេ។
ដោយឡែក សមាជិកសភាអាស៊ាន មានមូលដ្ឋាននៅប្រទេសឥណ្ឌូណេស៊ី ក៏បានថ្កោលទោសចំពោះការបោះឆ្នោតមិនតាមបែបប្រជាធិបតេយ្យនៅកម្ពុជា និងជំរុញឱ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោតមួយនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចុះថ្ងៃទី ២៤ ខែកក្កដានេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការបោះឆ្នោតដែលប្រព្រឹត្តទៅបែបនេះបានក្លាយជាឧបករណ៍របស់មេដឹកនាំផ្តាច់ការកាន់តែខ្លាំងឡើង ក្នុងការពង្រឹងអំណាចរបស់ពួកគេ ដោយធ្វើឱ្យខូចដល់ការបោះឆ្នោតដែលជាសសរស្តម្ភស្នូលមួយនៃលទ្ធិប្រជាធិបតេយ្យ។ សហគមន៍អន្តរជាតិមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់នៃការធ្វើឱ្យមានភាពស្របច្បាប់នៃល្ខោននេះទេ»៕