អាមេរិក​បដិសេធ​ផែនការ​បោះឆ្នោត​នៅ​មីយ៉ាន់ម៉ា និង​​ជំរុញ​ឱ្យ​អាស៊ាន​ដាក់​សម្ពាធ

រូបឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken និង​សមភាគី​អាស៊ាន​របស់​លោក ចូលរួម​ក្នុង​កិច្ចប្រជុំពិសេស​មួយ​រវាង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ របប​យោធា​មីយ៉ាន់ម៉ា​កំពុង​លេង​ល្បិច​ប្រើ​ពេល​វេលា​ដោយ​កំណត់​ពេល​បោះឆ្នោត​ក្នុងពេល​ពីរ​ឆ្នាំ​ ខណៈ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​បាន​រៀបចំ​លើក​ទឹកចិត្ត​ឱ្យ​អាស៊ាន​តែងតាំង​បេសកជន​ម្នាក់។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

លោក​ Blinken​ កំពុង​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​តាម​អនឡាញ​រយៈពេល​មួយ​សប្តាហ៍ ​ដែល​ជាការ​ប្រឹងប្រែង​ចុងក្រោយ​ដោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​ Joe Biden​ ​ក្នុង​តំបន់​នៅ​ជួរមុខ​នៃ​ការ​ប្រកួត​ប្រជែង​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ចិន។​

មុខ​កិច្ច​ពិភាក្សា​អាស៊ាន ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​សន្យា​ថានឹង​រៀបចំ​ការ​បោះឆ្នោត​និង​លុបចោល​ស្ថានភាព​គ្រាអាសន្ន​នៅត្រឹម​ខែ​សីហា​ ឆ្នាំ​២០២៣​ ដោយ​ពន្យារ​ពេល​បន្ត​ពី​គ្រា​ដំបូង​នៅ​ពេល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​អង់សាន ស៊ូជី​នៅ​ថ្ងៃទី​១​ ខែ​កុម្ភៈ។​

មន្ត្រី​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​និយាយ​ថា ការ​ប្រកាស​នេះ​គឺជា​ការ​អំពាវនាវ​ឱ្យ​អាស៊ាន​បង្កើន​កិច្ច​ប្រឹងប្រែង​ព្រោះវា​ច្បាស់​ណាស់​ថា​ របប​យោធា​មីយ៉ាន់ម៉ា​គ្រាន់​តែ​ប្រើ​ពេល​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ​

លោក​និយាយ​ថា៖ ​«ហេតុផល​ទាំងអស់​គឺ​អាស៊ាន​ត្រូវ​ចូលរួម​ក្នុង​រឿង​នេះ​ ហើយ​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​មូលមតិ​គ្នា​៥​ចំណុច​ដែល​មីយ៉ាន់ម៉ា​បាន​ចុះ​ហត្ថលេខា​ផង​ដែរ»។​

មេបញ្ជាការ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ​បាន​ចូលរួម​កិច្ច​ប្រជុំ​ខែ​មេសា​ជាមួយ​សមាជិក​អាស៊ាន​ស្តីពី​វិបត្តិ​ដែល​នាំឱ្យ​មាន​សេចក្តី​ថ្លែង​ការណ៍​មូលមតិ​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​និង​តែងតាំង​បេសក​ជន​ពិសេស​ប្រចាំ​តំបន់។​

ប៉ុន្តែ​ក្រោយ​មក​មេ​ដឹកនាំ​យោធា​នេះ​បាន​ដកខ្លួន​ពី​សេចក្តី​ថ្លែង​ការណ៍​នេះ​ ហើយ​បេសកជន​មិន​ត្រូវ​បាន​តែងតាំង​ឡើយ។​ មនុស្ស​ជាង​៩០០​ នាក់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ស្លាប់​នៅក្នុង​ការ​បង្ក្រាប​រយៈ​ពេល​៦​ខែ​លើ​អ្នក​ប្រឆាំង។​

គេដឹង​ថា​ អាស៊ាន​មិនមាន​ឥទ្ធិពល​រួម​ផ្នែក​ការទូត​ទេ​ ហើយ​កិច្ច​ប្រជុំ​របស់​អាស៊ាន​ជារឿយៗ​បាន​ធ្វើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​និង​ចិន​ប្រឆាំង​គ្នា​នៅពេល​ពួកគេ​ស្វែង​រក​ឥទ្ធិពល៕