​សហរដ្ឋ​អាមេរិក​កែប្រែ​ច្បាប់​គ្រប់​គ្រង​អ៊ីនធឺណិត

លោក Ajit Pai ប្រធាន​គណៈកម្មការ​សហព័ន្ធ​ខាង​គមនាគមន៍ FCC ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​សម្រេច​កែប្រែបទប្បញ្ញត្តិ​«អព្យាក្រិតភាព​​នៃ​បណ្តាញ​អ៊ីនធឺណិត» នៅ​រដ្ឋធានីវ៉ស៊ីនតោន កាល​ពី​ថ្ងៃទី​១៤ ខែ​ធ្នូ។

ក្នុង​ពេល​ឆាប់ៗ​នេះអាច​នឹង​មាន​ការ​កែប្រែ​ធំមួយអំពី​អ្វី​ដែល​ជនជាតិ​អាមេរិកាំង​ឃើញ​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ នៅ​ក្រោយ​ពួក​និយតករ​សហព័ន្ធ​បា​ន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លប់​ចោល​បទប្បញ្ញត្តិ​«អព្យាក្រិតភាពនៃ​បណ្តាញ​អ៊ីនធឺណិត» ដែល​ភាសាអង់គ្លេស​ហៅ​ថា net neutrality។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​សំឡេង​ឆ្នោត​គាំទ្រ​៣​ទល់​នឹង​២​ដោយ​គណៈ​កម្មការ​សហព័ន្ធ​ខាង​គមនាគមន៍​ហៅ​កាត់ថា​ FCC​ ដែល​ត្រួតត្រា​ដោយ​ពួក​សាធារណរដ្ឋ​បាន​សម្រប​សម្រួល​តាម​ខ្សែ​បន្ទាត់​នយបាយ​របស់​គណបក្ស​នេះ​ដោយ​ពួក​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត​បញ្ចប់​បទប្បញ្ញត្តិ​នេះ​ ហើយ​ពួក​ប្រជាធិបតេយ្យ​បាន​ជំទាស់។

រដ្ឋនីមួយៗ​ក្នុង​ប្រទេស​អាមេរិក​ក៏​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​អនុវត្ត​បទ​ប្បញ្ញត្តិ​របស់​ផង​ខ្លួន​ផ្ទាល់​ដែល​គ្រប់​គ្រង​បណ្តាញ​អ៊ីនធឺណិត​ទេ។

Net neutrality ជា​បទដ្ឋាន​មួយ​ចាប់​តាំង​ពី​មាន​ការ​បង្កើត​អ៊ីនធឺណិត​ ជាង​៣០​ឆ្នាំ​មក​ហើយ។​ គណៈកម្មការ​ FCC ​ក្នុង​ពេល​ដែលលោក​ បារ៉ាក់ អូបាម៉ា​ កាន់​តំណែងជា​ប្រធានាធិបតី​នោះ បាន​ធ្វើ​ឱ្យ​បទប្បញ្ញត្តិ Net neutrality មាន​ភាព​ផ្លូវការ​កាល​ពី​ឆ្នាំ​២០១៥។​

គំនិត​នៃ​ Net neutrality ​គឺ​សម្រាប់​ឱ្យ​មហា​ក្រុម​ហ៊ុន​ផ្តល់​បណ្តាញ​អ៊ីនធឺណិត​ ផ្សព្វផ្សាយ​អ្វី​ទាំង​អស់​ឱ្យ​ស្មើ​ភាព​គ្នា។​ បទប្បញ្ញត្តិ​នៅ​សម័យ​លោក អូបាម៉ា​ កាន់

តំណែង​ប្រធានាធិបតី​អាមេរិកាំង​បាន​រារាំង​ក្រុម​ហ៊ុន​ទាំង​នេះ​មិន​ឱ្យ​លម្អៀង​ទៅ​ខាង​សេវា​របស់​ពួក​គេ​ផ្ទាល់​ ហើយ​រាំង​ខ្ទប់​និង​ធ្វើ​ឱ្យ​យឺត​ដល់​អ្វី​ដែល​ផ្សព្វផ្សាយ​ដោយ​គូ​ប្រជែង​របស់​ពួក​គេ៕