អ្នក​ការទូត​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​វិលត្រឡប់​ទៅកាន់​ប្រទេស​អ៊ុយក្រែន​វិញ

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy (កណ្ដាល) ឈរ​ថតរូប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​ លោក Lloyd Austin មុន​ជំនួប​ពិភាក្សា​របស់​ពួកគេ ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែនថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ពួក​អ្នក​ការទូតអាមេរិកាំង​នឹង​ចាប់ផ្តើម​វិលត្រឡប់​ទៅកាន់​ប្រទេស​អ៊ុយក្រែន​វិញ​នៅ​សប្តាហ៍​នេះ​ដែល​មុន​ដំបូង​ត្រឡប់​ទៅកាន់​ទីក្រុង Lviv ភាគ​ខាង​លិចហើយ​នៅ​ទីបញ្ចប់​ត្រឡប់​ទៅ កាន់​រដ្ឋធានី​កៀវ។

សហរដ្ឋ​អាមេរិកក៏​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុយោធា​បរទេស​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រទេស​នេះ​ឲ្យ​បាន​ទទួល​អាវុធ​ទំនើបៗបន្ថែម​ទៀត​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាសផង ដែរ​ដើម្បី​ការពារ​ការវាយ​ប្រហារ​របស់​រុស្ស៊ី។ នេះ​បើ​តាម​ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden នឹង​តែងតាំង​លោក Bridget Brinkជា​ផ្លូវការ​ដែល​បច្ចុប្បន្ន​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​សាធារណរដ្ឋ​ស្លូវ៉ាគី​ដើម្បី​ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «ការណ៍​នេះ​បញ្ជាក់​ពី​ការតាំងចិត្ត​របស់​យើង​ដល់​អ៊ុយក្រែន។ យើង​នឹង​ព្យាយាមឲ្យ​អ្នក​ការទូត​របស់​យើង វិលត្រឡប់ទៅកាន់​ស្ថានទូត​របស់​យើង​នៅ​ក្នុង​រដ្ឋធានី​កៀវ​វិញ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់ជា​ច្រើន​កំពុង​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ត្រឡប់​ទៅកាន់​រដ្ឋធានី​កៀវ​វិញ ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​អូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក បារាំង អ៊ីតាលី ស្លូវ៉ាគី​និងប្រទេស​ស្លូវេនី។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ខ្លួន​នឹង​បើក​ស្ថាន​ទូត​របស់​ខ្លួននៅ​រដ្ឋធានី​កៀវ​ឡើងវិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ការវិល​ត្រឡប់​របស់​អ្នក​ការទូត​បរទេសទៅកាន់​ប្រទេស​អ៊ុយក្រែន​វិញ​ ត្រូវ​បាន​គេ​មើល ឃើញ​ថា​ជា​សញ្ញា​នៃ​ការមាន​សុវត្ថិភាព​ខ្លះ​នៅ​ក្នុង​ប្រទេស​នេះ​ បន្ទាប់ពី​ការបាញ់ផ្លោងនិង​ទម្លាក់​គ្រាប់​បែក​អស់​រយៈពេល​២ខែ​របស់​រុស្ស៊ី​កន្លង​មក។

មន្ត្រី​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា៖ «យើង​មាន​កាតព្វកិច្ច​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​យោធា​បរទេស​ជាង៧១៣លាន​ដុល្លារ។ ជំនួយ​ហិរញ្ញវត្ថុ​យោធា​បរទេស​នេះ​រួម​ទាំង​ការផ្តល់​ថវិការ​សម្រាប់​អ៊ុយក្រែន​និង​ប្រទេសសម្ព័ន្ធមិត្ត​និង​ដៃគូ១៥ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​និង​ខាង​កើត​នៅ​ក្នុង​តំបន់​បាល់កង់។ ហើយ​ការ​ផ្តល់​នេះ​ក៏​នឹង​ជួយគាំទ្រដល់​សមត្ថភាព​របស់​អ៊ុយក្រែន ជាពិសេស​សម្រាប់​ការប្រយុទ្ធ​នៅ​ក្នុង​តំបន់ Donbas។

ដោយ​មាន​ជំនួយ​ថ្មី​ក្នុង​ការផ្តល់​ថវិកា​យោធា​បរទេស សហរដ្ឋ​អាមេរិក​បាន​តាំងចិត្ត​ផ្តល់​ជំនួយ​សន្តិសុខ​ប្រហែល៣,៤ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ចាប់តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​បាន​ចាប់ផ្តើម​ឡើង​ និង​ប្រាក់​ជាង៤,៣ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ការចាប់ផ្តើម​រដ្ឋបាល​របស់​លោក Biden មក។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy រដ្ឋមន្ត្រី​ការបរទេស​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Oleksii Reznikov នៅ​ក្នុង​រដ្ឋធានី​កៀវ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken និង​លោកAustinទៅកាន់​ប្រទេស​អ៊ុយក្រែន​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ដោយ​គណៈប្រតិភូអាមេរិកាំងចាប់តាំង​ពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ​មក៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន AFP