លោក​ Russel៖ អំពើពុករលួយ​និង​ប្រព័ន្ធ​ច្បាប់​ខ្សោយ​នាំ​ឱ្យ​អ្នកវិនិយោគទុន​ខ្លាច​កម្ពុជា

លោក Daniel Russel (ស្តាំ) ឧបការី​រដ្ឋមន្ត្រី​ការបរទេស​​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាស៊ីហ្វ៊ិក ចាប់​រលាក់​ដៃ​ជាមួយ​លោក ​អ៊ុច បូរិទ្ធ (ឆ្វេង) រដ្ឋ​មន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ក្រោយពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០១៥។

មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិបាល​អាមេរិក​បានព្រមាន​ថា ​វិនិយោគិន​បរទេស​នឹង​មិន​បណ្តាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ​ប្រសិន​បើ​ប្រព័ន្ធ​គតិ​យុត្ត​នៅ​ក្នុង​ប្រទេសនេះមិន​អាច​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ។

លោក ​Daniel Russel ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាស៊ីហ្វ៊ិក​បាន​លើក​គំនិត​បែប​នេះក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ចរយៈ​ពេល​បី​ថ្ងៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​ទស្ស​នកិច្ចរបស់​លោក​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ​Russel ​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថាអនាគត​នៃ​ភាព​រុង​រឿង​របស់​ប្រទេស​កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​យុត្តាធិការ​ក្នុង​ប្រទេស​និង​ការ​អប់​រំ​ក្រុម​យុវជន។

ហើយ​កត្តា​ផ្លូវ​ច្បាប់​នេះ​ ហើយ​ដែល​អាច​រារាំង​វិនិយោគ​ទុន​មិន​ឱ្យ​ហូរ​ចូល​ស្រុក​ខ្មែរ។

«វិនិយោគិន​អន្តរជាតិ​នឹង​មិន​ជ្រើសរើស​យក​ប្រទេស​កម្ពុជា​ដើម្បី​បណ្តាក់​ទុន​ទេ​ប្រសិន​បើតុលាការ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​គតិយុត្តមិន​គួរ​ឲ្យ​ជឿទុក​ចិត្ត​បាននោះ។​អ្នកវិនិយោគទុន​ត្រូវ​ការ​ការ​ជឿជាក់​ថា​កិច្ច​សន្យា​ត្រូវ​បាន​អនុវត្តន៍​ នីតិរដ្ឋ​ត្រូវ​បាន​គាំទ្រ​ហើយ​អំពើ​ពុក​រលួយ​ត្រូវ​បាន​ទប់​ស្កាត់»។

លោក​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.បាន​ជួប​ជា​មួយ​លោក អ៊ុច បូរិទ្ធ​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ ជួប​ជា​មួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្ស​ជំទាស់​ផង​ដែរ។​ លោក​បាន​លើក​ពី​កង្វល់ពី​ការ​រំលោភ​បំពាន​ដីធ្លី ​និង​បញ្ហា​ក្រុមបាតុករ​បឹងកក់​និង​ការ​តាម​ឃ្លាំ​មើល​ដំណើរ​ការចាប់​ខ្លួន​និង​កាត់​ទោស​សកម្ម​ជន​នយោបាយ​ប្រឆាំង​ជាដើម។

លោក ​Daniel Russel ​មាន​ប្រសាសន៍​ថាការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​អភិបាល​កិច្ច​និង​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ​គឺ​ជា​សារ​សំខាន់​ក្នុ​ង​ការ​សម្រេច​ឲ្យ​បាន​គោល​ដៅ​ស្ថិរភាព​យូរ​អង្វែង។

មន្ត្រី​ការ​ទូត​សហរដ្ឋ​អាមេរិក​ដដែល​លើក​ឡើង​ថា​វិនិយោគិន​អាមេរិក​នៅ​កម្ពុជានៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ។​

«និយាយ​ដោយត្រង់​ទៅ​ការ​ប្រឈមអំពី​បញ្ហា​ពុក​រលួយ​ កា​រប្រឈម​ក្នុ​ង​ប្រព័ន្ធ​តុលាការ​កម្ពុជានិង​ស្ថាប័ន​ផ្សេង​ទៀត​រួម​ទាំង​ភាព​មិន​ជាក់លាក់អំពី​អនាគត​នៃ​ការ​ព្រម​ព្រៀង​គ្នា​ផ្នែក​នយោបាយ​របស់​ប្រទេស​កម្ពុជាអាច​ជា​កត្តា​នៃ​ការ​វិនិយោគ​តិច​តួច​របស់អ្នក​ជំនួញ​អាមេរិ​ក។វា​មិនមែន​ជានយោ​បាយ​របស់​រដ្ឋា​ភិបាល​អាមេរិក​ទេ»។​

លោក​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា​ ក៏​បាន​លើក​បញ្ហា​ពាណិជ្ជកម្ម​និងការ​បណ្តាក់​ទុន​នេះ​ជា​មួយ​រដ្ឋ​មន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក​ អ៊ុច បូរិទ្ធ​ ​និង​ជាមួយ​មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

លោកអ៊ុច បូរិទ្ធ ​មិន​បាន​បញ្ជាក់​ថា​លោក​ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​ការ​ទូត​អាមេរិក​យ៉ា​ងណា​នោះ​ទេ​ប៉ុន្តែ​លោក​គាំទ្រ​ទស្សនៈ​របស់លោក ​Daniel Russel ​ថា​ការ​វិនិយោគ​របស់​អាមេរិក​នឹង​ជួយ​បង្កើន​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​កម្ពុជា​បន្ថែម​ទៀត។

«ក្នុង​ការ​វិនិយោ​គក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំង​អស់​ហ្នឹង​គឺ​ដូច​ដែល​លោក​ជម្រាប​ជូនពាក់​ព័ន្ធ​នឹង​កម្ពុជា​គឺ​ថា​ការ​វិនិយោគ​មិន​មែន​គ្រាន់​តែ​ផ្លាស់​ប្តូរ​ទំនិញ​ទេ​ប៉ុន្តែ​សំខាន់​បំផុត​ពាំនាំ​មក​នូវ​បច្ចេក​វិទ្យា​ដើម្បី​ធ្វើ​យ៉ាង​ណា​អភិវឌ្ឍន៍​ប្រទេស​ដើម្បី​ការ​រីក​ចម្រើន»។​

ដោយឡែក​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​ជា​អនុប្រធាន​សភាជាតិ​បាន​បញ្ជាក់ក្រោយ​ពី​ជំនួប​ជាមួយ​លោកDaniel Russel ថា​លោក​Russel​ចង់​ជំរុញការ​វិនិយោគ​ឲ្យ​កាន់​តែ​ច្រើនពី​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជាដើម្បី​ជួយ​ជំរុញកំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក។​ប៉ុន្តែ​លោក​បាន​ត្អួញ​ត្អែរ​ពី​ប្រព័ន្ធ​ច្បាប់​និង​អំពើ​ពុក​រលួយ។

លោក កឹម សុខា យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក Russel។

«យើង​បាន​ជជែក​គ្នា​ហើយ​ថា​បើ​សិន​ជាស្ថាប័ន​របស់​យើង​នៅ​មិន​ទាន់​រឹង​មាំ​ទេ។​តុលាការ​មិន​ទាន់​ឯក​រាជ្យ​ទេ ប្រព័ន្ធ​ច្បាប់​យើង​មិន​ទាន់​ធានា​ទេ​គឺ​គេ​មិន​អាច​មក(វិនិយោគ)​បាន​ទេ។​ហើយ​បើ​សិន​ជា​ស្ថាន​ភាព​នយោបាយ​មិន​ទាន់​នឹង​ធឹង​ទេ​ក៏​អ្នក​វិនិយោគ​ទុន​ធំៗ​មិន​អាច​មក​បាន​ដែរ»។​

ក្នុង​ជំនួប​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ​លោក​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាស៊ីហ្វ៊ិក Daniel Russel​ បាន​លើកឡើងថា​ យុត្តិធម៌ដែល​មិនត្រូវ​គេ​ផ្តល់​ឲ្យ​ដោយ​ស្មើភាពនៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​មុខមាត់​កម្ពុជា​នេះ។​

លោក​បាន​បញ្ជាក់​ថា ​ស.រ.អា.​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុ​ង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រទេស​កម្ពុជា​សម្រាប់ការ​រីក​ចម្រើន​ក្នុង​ប្រទេស៕