មន្ត្រីការទូតជាន់ខ្ពស់បំផុតមួយរូបរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា លោកមានបំណងចង់បញ្ចប់ទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។
លោក Daniel Russel ដែលជាឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានប្រាប់លោក Perfecto Yasay ដែលជារដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅថ្ងៃចន្ទនេះថា៖ «ការលើកឡើងជាបន្តបន្ទាប់របស់លោក Duterte និងបរិយាកាសពិតប្រាកដនៃភាពស្រពេចស្រពិលអំពីគោលបំណងរបស់ប្រទេសហ្វីលីពីន បានធ្វើឲ្យប្រទេសជាច្រើន មិនត្រឹមតែសហរដ្ឋអាមេរិកនោះទេ មានការស្រងាកចិត្ត»។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Duterte បាននិយាយកែសម្រួលបន្តិចចំពោះការលើកឡើងរបស់លោកនៅក្នុងទីក្រុងប៉េកាំង ដោយលោកបាននិយាយថា តាមពិត លោកមិនមានបំណងចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ដោយហេតុថា «ការរក្សាទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសហ្វីលីពីន»។ ប៉ុន្តែ លោកបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងម៉ានីល នឹងធ្វើសេចក្ដីសម្រេចចិត្តចំពោះគោលនយោបាយការបរទេសរបស់ខ្លួនដោយផ្ទាល់ ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះទេ។
លោក Russel បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វាគមន៍ចំពោះការថមថយនូវភាពតានតឹងរវាងរដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងប៉េកាំង នៅក្រោមការដឹកនាំរបស់លោក Duterte។ ប៉ុន្តែ ទំនាក់ទំនងល្អរវាងប្រទេសហ្វីលីពីន និងចិននេះ មិនគួរធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននោះទេ។
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសហ្វីលីពីន លោក Russel នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីគោរពព្រះសពព្រះមហាក្សត្រ Bhumibol និងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលថៃដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់។
បន្ទាប់មកទៀត លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនានា៕