នាវា​ពិឃាដ​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ជិត​កោះ​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

នេះ​ជា​ផែនទី​នៃ​កោះ Paracel នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

នាវា​ពិឃាដ​សហរដ្ឋ​អាមេរិក USS Stethem បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​រង្វង់​ចម្ងាយ​ប្រមាណ ១៩ គីឡូម៉ែត្រ ពី​កោះ Triton ដែល​ជា​កោះ​ដ៏​តូច​មាន​ជម្លោះ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ចិន កោះ​តៃវ៉ាន់ និង​វៀតណាម។

រដ្ឋាភិបាល​ចិន​បាន​ពង្រាយ​នាវា​យោធា និង​យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ចោទ​ប្រកាន់​នាវា USS Stethem ថា​បាន​ឆ្លង​ចូល​តំបន់​ដែល​មាន​ជម្លោះ​ដោយ​មិន​មាន​ការ​អនុញ្ញាត។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​និយាយ​ថា នាវា USS Stethem បាន​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​របស់​ខ្លួន​ស្ដីពី «សិទ្ធិ​នៃ​ការ​ឆ្លង​កាត់​ដោយ​មិន​បំពាន‍» ដែល​មាន​គោល​បំណង​ចង់​បង្ហាញ​ពី​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lu Kang បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​ដូច​នេះ គឺ​ជា ‍«ការ​បង្ក​ហេតុ​ផ្នែក​នយោបាយ និង​យោធា​ដ៏​ធ្ងន់ធ្ងរ​ជា​ទី​បំផុត‍» ហើយ​ប្រតិបត្តិការ​ដូច​នេះ​គឺ «រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន និង​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ប្រទេស​ចិន‍»។

អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​របស់​នាវា​ពិឃាដ USS Stethem ក្នុង​រង្វង់​ចម្ងាយ​ប្រមាណ ១៩ គីឡូម៉ែត្រ ពី​កោះ Tritonនេះ មាន​គោល​បំណង​ចង់​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មិន​ទទួល​ស្គាល់​ការ​ទាមទារ​កាន់កាប់​កោះ Triton របស់​ប្រទេស​ណា​មួយ​នោះ​ទេ៕