អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានទៅដល់ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះ ដែលធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់បំផុតទីមួយក្នុងពេលជិតមួយទសវត្សរ៍មកនេះ ដែលធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិននៅអាស៊ីអាគ្នេយ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីធ្វើឡើងចំពេលមានការបង្ក្រាបលើឥស្សរជនប្រឆាំងនិងសកម្មជនការពារសិទ្ធិមនុស្ស និងការនិយាយអំពីបញ្ហានានាដូចជាការកាប់ឈើខុសច្បាប់ជាដើម។ នៅមុនជំនួបជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Sherman ត្រូវបានក្រុមសិទិ្ធមនុស្សអំពាវនាវឲ្យនិយាយអំពីបញ្ហាសិទ្ធិមនុស្ស និងអំពីសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាក្នុងអំឡុងទស្សនកិច្ចរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជា។
គណបក្សប្រឆាំងសំខាន់គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឱ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ឈ្នះអាសនៈទាំងអស់ក្នុងសភាដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ។
លោកPhil Robertsonនាយករងអង្គការសិទ្ធិមនុស្ស Human Rights Watchប្រចាំតំបន់អាស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេរីភាពបញ្ចេញមតិរងការគំរាមកំហែងនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ហើយឥឡូវនេះមានការត្រួតពិនិត្យតាមអ៊ីនធឺណិត ដូច្នេះលោកស្រី Sherman គួរតែទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការត្រួតពិនិត្យតាមអ៊ីនធឺណិត និងការធ្វើទុក្ខបុកម្នេញអ្នករិះគន់»។
លោកបន្តទៀតថា៖ «លោកស្រី Sherman ក៏គួរតែអំពាវនាវជាសាធារណៈឱ្យមានការស្តារនិងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋានឡើងវិញ ដូចជាសិទ្ធិធ្វើការតវ៉ាដោយសន្តិវិធីដែលត្រូវបានបង្ក្រាបទាំងស្រុងនៅភ្នំពេញ និងនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសជាដើម»។
ដំណើរទស្សនកិច្ចនេះក៏កើតឡើងផងដែរនៅពេលដែលប្រទេសចិនបានក្លាយជាសម្ព័ន្ធមិត្តសេដ្ឋកិច្ចកាន់តែសំខាន់សម្រាប់ប្រទេសកម្ពុជា ខណៈដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាន់តែធ្លាក់ចុះនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានអំពាវនាវឲ្យមានការពិភាក្សារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា៖ «មានបញ្ហាខ្លះដែលសហរដ្ឋអាមេរិកមិនយល់ច្បាស់អំពីប្រទេសកម្ពុជា ហើយថាប្រទេសកម្ពុជាមិនយល់ពីចេតនារបស់សហរដ្ឋអាមេរិកទេ។ ដូច្នេះសម្រាប់ជំនួបនេះ បើយើងស្មោះត្រង់នឹងគ្នា ហើយដាក់បញ្ហានៅលើតុ នោះយើងអាចដោះស្រាយបញ្ហាបាន»៕