អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកសង្ឃឹមថាថ្នាក់ដឹកនាំប្រទេសកម្ពុជានឹងយកចិត្តទុកដាក់ដល់ការគោរពសិទ្ធិមនុស្សនិងបើកចំហសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិពលរដ្ឋក្រោយពីបានធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងដូចនេះក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទនៅថ្ងៃពុធគឺក្នុងពេលធ្វើទស្សនកិច្ចនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយក្នុងនោះមានប្រទេសកម្ពុជាផងដែរហើយអ្នកស្រីបានជួបពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ឆ្លើយតបនឹងសំណួររបស់ VOA ខេមរភាសា អ្នកស្រី Sherman បានបញ្ជាក់ថា៖ «ខ្ញុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនិងការការពារសេរីភាពជាមូលដ្ឋានថាជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់យើង»។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើឡើងក្នុងខណៈពេលដែលស្ថានភាពសិទ្ធិមនុស្សសិទ្ធិនយោបាយនិងសិទ្ធិសេរីភាពសហជីពធ្លាក់ចុះយ៉ាងខ្លាំងដោយរដ្ឋាភិបាលបានធ្វើទុកបុក្ខម្នេញអ្នករិះគន់និងប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់អ្នកនយោបាយប្រឆាំងក្នុងនោះមានលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិនិងមេដឹកនាំសហជីព។
អ្នកស្រី Sherman បានថ្លែងបន្ថែមថាអ្នកស្រីក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីឲ្យទម្លាក់ឲ្យបានឆាប់នូវការចោទប្រកាន់មានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកនយោបាយប្រឆាំងអ្នកសារព័ត៌មាននិងសកម្មជនព្រមទាំងបើកចំហរឡើងវិញនូវលំហនយោបាយនិងសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។
អ្នកស្រី Sherman បានបន្ថែមថា៖ «ដូច្នេះសាររបស់ខ្ញុំច្បាស់ពីសហរដ្ឋអាមេរិកហើយខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីស្តាប់ដោយយកចិត្តទុកដាក់ហើយលោកហាក់ដូចជាយកចិត្តទុកដាក់»។