សហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋកម្ពុជាចំនួន៣៦នាក់ ទៅប្រទេសកម្ពុជាវិញនៅដើមសប្តាហ៍នេះ ដោយអះអាងថា ចំណាត់ការនេះនឹងធ្វើឱ្យសហគមន៍មានសុវត្ថិភាពជាងមុន។ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សយល់ថា អ្នកទាំងនោះមិនមែនជាឧក្រិដ្ឋជនទេ ហើយចំណាត់ការរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ បណ្តាលឱ្យសង្គមបែកបាក់កាន់តែខ្លាំង។
ជនដែលត្រូវបណ្តេញចេញទាំងនោះ ត្រូវបានដឹកតាមជើងយន្តហោះរួមមួយចេញពីទីក្រុងអេលប៉ាសូ រដ្ឋតិចសាស កាលពីថ្ងៃច័ន្ទ ទី១៧ ហើយបានទៅដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃអង្គារទី១៨ ខែធ្នូ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីទីភ្នាក់ងារប៉ូលិសអន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិក។
ក្នុងចំណោមជនដែលត្រូវបញ្ជូនចេញនេះ មានអ្នកដែលបានធ្វើសកម្មភាពមនុស្សឃាត ប៉ុនប៉ងធ្វើមនុស្សឃាត ការរំលោភសេពសន្ធវៈ ការប្លន់ប្រដាប់អាវុធ ការធ្វើបាបកុមារ ចោរកម្ម និងជួញដូរគ្រឿងញៀនជាដើម។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍។
លោកស្រី ណាតាលី អែស្សឺ នាយិការងស្តីទីនៃប៉ូលិសអន្តោប្រវេសន៍ បាននិយាយថា៖
«ការបណ្តេញចេញនាពេលថ្មីៗនេះ ដែលមានជនឧក្រិដ្ឋ៣៤នាក់ ដែលពួកគេភាគច្រើនត្រូវបានកាត់ទោសពីបទល្មើសដ៏សាហាវបំផុតឱ្យផុតពីវិថីនានារបស់យើងធ្វើឱ្យសហគមន៍របស់យើងមានសុវត្ថិភាពជាងមុន។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តតាមបទបញ្ជាបញ្ជូនចេញចុងក្រោយឱ្យស្របតាមផ្លូវច្បាប់ ដោយផ្តោតជាអាទិភាពលើអ្នកដែលគំរាមដល់សន្តិសុខសាធារណៈរបស់យើង»។
សកម្មជនសិទ្ធិមនុស្សបានរិះគន់ការបណ្តេញចេញនេះ ហើយថា អ្នកទាំងនោះមិនមែនជាឧក្រិដ្ឋជនដូចការលើកឡើងរបស់ប៉ូលិសអន្តោប្រវេសន៍នោះទេ។
លោកស្រីគី្វន ឌីញ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលធនធានសកម្មភាពសម្រាប់ពលរដ្ឋអាស៊ីអាគ្នេយ៍ ហៅកាត់ថាសេរ៉ាក់ (SEARAC) បញ្ជាក់ថា អ្នកទាំងនោះគឺជាឪពុក ជាស្វាមី ជាអ្នកមានរបរត្រឹមត្រូវ និងជាអ្នកដឹកនាំសហគមន៍ជាដើម។
លោកស្រីបន្ថែមថា៖
«ការដែលនិយាយថា យើងមានសុវត្ថិភាពជាងមុន ដោយគ្មានពួកគេ គឺមិនយុត្តិធម៌ទេហើយក៏មិនពិតដែរ។ ជាពិសេសកូនក្មេងដែលបាត់បង់ឪពុក។ ស្ត្រីដែលគ្មានស្វាមីហើយត្រូវមើលថែគ្រួសារតែម្នាក់ឯង។ ដូច្នេះសម្រាប់ពួកយើង គឺពួកគេមិនមែនជាឧក្រិដ្ឋជនទេ។ អត្តសញ្ញាណពិតរបស់ពួកគេមិនមែនកំណត់លើកំហុសអតីតកាលដែលពួកគេបានទទួលទោសរួចហើយទេ។ សម្រាប់ពួកយើងវាជាអំពើអយុត្តិធម៌ និងធ្វើឱ្យសហគមន៍របស់យើងកាន់តែអត់សុវត្ថិភាពជាងមុន នៅពេលដែលសហគមន៍និងក្រុមគ្រួសារត្រូវបែកបាក់ដូចនេះ»។
មានពលរដ្ឋខ្មែរជិត៩០០នាក់ហើយត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ចាប់តំាងពីប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២មក រហូតដល់ខែធ្នូ ឆ្នាំ២០១៨នេះ។ នេះបើតាមការបញ្ជាក់ពីអង្គការសេរ៉ាក់ (SEARAC)។ ហើយប៉ូលិសអន្តោប្រវេសន៍សហរដ្ឋអាមេរិកឱ្យដឹងថា នៅមានពលរដ្ឋខ្មែរចំនួន១.៨៥៥នាក់ទៀត ដែលទទួលបទបញ្ជាស្ថាពរឱ្យបណ្តេញចេញក្នុងចំណោមនោះ គឺមាន១.៣៦២នាក់មានប្រវត្តិជាជនឧក្រិដ្ឋ។
អង្គការសហគមន៍ខ្មែរប្រចាំទីក្រុងឡុងប៊ិច បានបង្ហោះព័ត៌មានស្តីពីការបណ្តេញចេញនេះតាមបណ្តាញសង្គម ដោយចាត់ទុកថា«វាជាដំណឹងដ៏ក្រៀមក្រំ» សម្រាប់សហគមន៍។
ក្នុងឆ្នាំ២០១៨នេះ សហរដ្ឋអាមេរិកបានបណ្តេញពលរដ្ឋខ្មែរចេញចំនួន១១០នាក់ ហើយប៉ូលិសអន្តោប្រវេសន៍បានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ២០១៧ គឺមានការកើនឡើងចំនួន២៧៩ភាគរយ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងការទូតដែលក្នុងនោះមានការដាក់ទណ្ឌកម្មទិដ្ឋាការផងដែរ។
អ្នកដែលត្រូវគេបណ្តេញចេញខ្លះបានចាកចេញពីប្រទេសកម្ពុជាជាមួយនឹងឪពុកម្តាយតាំងពីនៅកុមារ ដោយគេចពីរបបខ្មែរក្រហម ហើយអ្នកខ្លះទៀតបានកើតនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ។ ពួកគេត្រូវបានទទួលឱ្យមករស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ជាជនភៀសខ្លួន ប៉ុន្តែច្បាប់របស់សហរដ្ឋអាមេរិកត្រូវបណ្តេញចេញជនទាំងឡាយណា ដែលល្មើសច្បាប់ហើយនៅមិនទាន់បានចូលសញ្ជាតិអាមេរិកាំង។ អ្នកខ្លះបានប្រព្រឹត្តកំហុសតាំងពីពួកគេនៅក្មេង ហើយអ្នកខ្លះទៀតបានចេញពីពន្ធនាគារជាច្រើនឆ្នាំ និងរស់នៅកសាងជីវភាពជាពលរដ្ឋធម្មតាមានមុខរបរត្រឹមត្រូវនិងក្រុមគ្រួសារ។
ក្នុងឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយសារតែមិនព្រមទទួលយកពលរដ្ឋរបស់ខ្លួនវិញក្រោមហេតុផលមនុស្សធម៌។ នៅខែកុម្ភៈ ឆ្នាំ២០១៨នេះប្រទេសកម្ពុជាបានសុខចិត្តទទួលយកវិញ។
លោកស្រីគ្វីន ឌិញ នៃអង្គការស៊ីរ៉ាក់ បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងតែសហការជាមួយនឹងសហរដ្ឋអាមរិក ដោយសារតែសម្ពាធនេះនិងកិច្ចព្រមព្រៀងផ្សេងទៀតដែលមិនបានបង្ហាញឱ្យដឹងជាសាធារណៈ ព្រោះតាមធម្មតាអាជ្ញាធរខ្មែរទទួលយកពលរដ្ឋតែចំនួន៤០នាក់ទេក្នុងមួយឆ្នាំៗ។
លោកស្រីបន្ថែមថា៖
«តាមការពិតទៅ យើងឃើញមានការបណ្តេញចេញនៅក្រោមរដ្ឋបាលលោក ត្រាំ ច្រើនជាងរដ្ឋបាលណាៗទាំងអស់។ សម្រាប់ពួកយើងនេះ គឺមិនមែនជាអ្វីដែលយើងមានមោទនភាពទេ។ នេះគឺជាអ្វីដែលយើងមើលឃើញថា ជាពេលវេលាដ៏ខ្មៅងងឹតបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ដែលត្រូវបញ្ជូនអ្នកដែលរត់គេចចេញពីប្រទេសមួយ ក្នុងនាមជាជនភៀសខ្លួន ក្រោមការធ្វើទុក្ខទោសខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចឱ្យវិលត្រឡប់ទៅប្រទេសនោះវិញ»។
អង្គការស៊ីរ៉ាក់ កំពុងស្នើឱ្យមានការផ្លាស់ប្តូរគោលនយោបាយចំពោះអ្នកដែលចាកចេញជាជនភៀសខ្លួន និងបានជាប់ទោសរួចហើយ និងបានទទួលការគាំទ្រពីអ្នកតាក់តែងគោលនយោបាយចំនួន១១៤នាក់ និងប្រមូលហត្ថលេខាបានជាង៥ម៉ឺនពីសមាជិកសហគមន៍ដែលយល់ថា ចំណាត់ការនេះមិនត្រឹមត្រូវទេ ហើយទាមទារឱ្យមានការផ្លាស់ប្តូរ។
មានពលរដ្ឋខ្មែរចំនួន៥នាក់ដែលស្ថិតក្នុងក្រុមដែលត្រូវបញ្ជូនចេញកាលពីថ្ងៃច័ន្ទដែរ ប៉ុន្តែបានប្តឹងទាមទារប្រឆាំងនឹងដីកាស្ថាពរ ហើយពួកគេអាចបន្តស្នាក់នៅចំនួន៥ខែទៀត ដើម្បីតស៊ូផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់មេធាវីប្រាប់វីអូអេ៕