សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ពង្រាយកងទ័ពជាច្រើនពាន់នាក់ដើម្បីពង្រឹងកងកម្លាំងអង្គការអូតង់នៅតំបន់អឺរ៉ុបខាងកើត ខណៈដែលមេដឹកនាំនៃប្រទេសបារាំង និងអាល្លឺម៉ង់បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រទេសលោកខាងលិចនៃការឈ្លានពានរបស់រុស៊្សីនៅក្នុងប្រទេសអ៊ុយក្រែន។
ដោយរុស្ស៊ីបដិសេធមិនព្រមដកកងទ័ព១សែននាក់ដែលឈរជើងនៅព្រំដែនប្រទេសអ៊ុយក្រែនទៅវិញ ទាហានសហរដ្ឋអាមេរិក១ពាន់នាក់ក្នុងប្រទេសអាល្លឺម៉ង់នឹងត្រូវបានបញ្ជូនទៅប្រទេសរូម៉ានី ហើយទាហាន២ពាន់នាក់ទៀតដែលឈរជើងនៅសហរដ្ឋអាមេរិកកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអាល្លឺម៉ង់និងប៉ូឡូញ។
លោកប្រធានាធិបតី Joe Biden បាននិយាយបន្ទាប់ពីការប្រកាសអំពីការដាក់ពង្រាយទ័ពថា៖ «ដរាបណា (ប្រធានាធិបតី Vladimir Putin) ធ្វើសកម្មភាពយ៉ាងគឃ្លើន យើងនឹងធ្វើឱ្យប្រាកដថា យើងធានាឡើងវិញដល់សម្ព័ន្ធមិត្តអង្គការអូតង់របស់យើងនៅអឺរ៉ុបខាងកើតថា យើងស្ថិតនៅទីនោះ»។
នៅក្នុងការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយថា វិធានការនេះនឹងធ្វើឱ្យកាន់តែពិបាកដើម្បីសម្របសម្រួលរវាងភាគីទាំងពីរ ដោយលោកបានហៅការដាក់ពង្រាយទ័ពរបស់សហរដ្ឋអាមេរិកថា ជា«វិធានការបំផ្លិចបំផ្លាញដែលបង្កើន ភាពតានតឹងខាងយោធានិងកាត់បន្ថយវិសាលភាពសម្រាប់ការសម្រេចចិត្តខាងនយោបាយ»។
មហាអំណាចលោកខាងលិច បានទាក់ទិនក្នុងកិច្ចខំប្រឹងប្រែងខាងការទូតយ៉ាងខ្លាំងដើម្បីដោះស្រាយការគំរាមកំហែងនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងបក្សពួករបស់លោក Putin ដើម្បីកំញ៉ើញអ្វីដែលពួកគេភ័យខ្លាចថា ជាការឈ្លានពានប្រទេសអ៊ុយក្រែន ថ្វីបើមានការប្រកែកពីរដ្ឋាភិបាលក្រុងមូស្គូក៏ដោយ។
អធិការបរតីនៃប្រទេសអាល្លឺម៉ង់លោក Olaf Scholz បានប្រកាលកាលពីថ្ងៃពុធថា លោក នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីវិបត្តិនេះ ខណៈដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ដំណើរទស្សនកិច្ចប្រហាក់ប្រហែលគ្នានេះ អាចកើតមានឡើងដែរ ដោយផ្អែកលើការពិភាក្សានៅខាងមុខជាមួយមេដឹកនាំពិភពលោកផ្សេងទៀត។
លោក Biden និងលោក Macron បានសន្យាធ្វើការសម្របសម្រួលគ្នានៅក្នុងការឆ្លើយតបរបស់អស់លោកដល់វិបត្តិនេះនៅក្នុងការសន្ទនាតាមទូស័ព្ទកាលពីថ្ងៃពុធ ស្របពេលដែល ការិយាល័យរបស់លោកប្រធានាធិបតីបារាំង បានបញ្ជាក់ថា លោក Macron នឹងពិភាក្សាជា មួយលោក Putin ម្តងទៀតនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕
វ៉ាស៊ីនតោន —