សហរដ្ឋអាមេរិកបានថ្កោលទោសប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីសភាធម្មនុញ្ញដែលគាំទ្ររដ្ឋាភិបាលបានប្រកាសថា លោក Freddy Guevara មេដឹកនាំបក្សប្រឆាំង មិនមានអភ័យឯកសិទ្ធិទៀតទេពីការកាត់ទោស នៅពេលដែលលោកស្វែងរកសិទ្ធិជ្រកកោននៅឯភូមិគ្រឹះឯកអគ្គរដ្ឋទូតឈីលី នៅក្នុងទីក្រុង ការ៉ាកាស នោះ។
លោក Guevara បានបង្ហោះវីដេអូមួយ ដោយនិយាយថា លោកមិនសោកស្តាយនោះទេចំពោះការមិនធ្វើតាមបញ្ជា បន្ទាប់ពីសភាធម្មនុញ្ញបានបោះឆ្នោតជាឯកច្ឆន្ទកាលពីថ្ងៃចន្ទ។ ការបោះឆ្នោតនោះត្រូវបានគេរំពឹងទុកជាមុនរួចទៅហើយ បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃសុក្រ ហាមឃាត់លោក Guevara មិនឲ្យចាកចេញពីប្រទេស វ៉េណេស៊ុយអេឡា និងបានចោទប្រកាន់លោកថាបង្កឲ្យមានភាពចលាចលនិងបទឧក្រិដ្ឋនានា។
លោក Guevara ដែលជាសមាជិកជាន់ខ្ពស់លំដាប់ទីពីរនៃសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានជួយដឹកនាំការតវ៉ាដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងឆ្នាំនេះ ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី Nicolas Maduro។
អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា «តាមរយៈការព្យាយាមរឹតត្បិតអនុប្រធានសភាដែលត្រូវបានបោះឆ្នោតជ្រើសរើសតាមលទ្ធិប្រជាធិបតេយ្យ និងដកចេញនូវអភ័យឯកសិទ្ធិរបស់មេដឹកនាំគណបក្សប្រឆាំង គឺលោក Freddy Guevara ហើយនិងហាមឃាត់លោកមិនឲ្យចាកចេញពីប្រទេស របបនេះកំពុងតែចាត់វិធានការជ្រុលនិយមមួយទៀត ដើម្បីបំបិទលំហប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ធ្វើឲ្យអ្នកប្រឆាំងទទួលរងបទឧក្រិដ្ឋ និងត្រួតត្រាលើព័ត៌មាន»។
ករណីលោក Guevara បានបង្កឲ្យមានការព្រួយបារម្ភកាន់តែច្រើនឡើងទៅលើការបង្ក្រាបអ្នកដែលប្រឆាំងនឹងលោក Maduro ហើយធ្វើឲ្យគណបក្សប្រឆាំងមានមេដឹកនាំកាន់តែតិចក្នុងការតតាំងជាមួយនឹងលោកប្រធានាធិបតី៕