សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ចិននៅថ្ងៃព្រហស្បតិ៍នេះដែលថាកងទ័ពចិនបានបណ្ដេញនាវាបញ្ជាដោយមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿងដែលបានចូលក្នុងដែនទឹករបស់ចិន។
លោក Tian Junli អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពចម្រុះភាគខាងត្បូងរបស់ប្រទេសចិន បាននិយាយថា នាវា USS Milius របស់សហរដ្ឋអាមេរិកបានរំលោភចូលដែនទឹកនៅជុំវិញប្រជុំកោះ Paracel «ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង»។
កងនាវាទី ៧ នៃទាហានជើងទឹកសហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ចិននេះថាមិនពិត ដោយបាននិយាយថា នាវាពិឃាដនោះនៅពេលនោះ «កំពុងធ្វើប្រតិបត្តិការជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូងនិងមិនត្រូវបានបណ្ដេញចេញនោះទេ»។
សេចក្ដីថ្លែងការណ៍របស់កងនាវាទី ៧ នេះបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ នាវាចរណ៍ និងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត»។
ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងតំបន់៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងReuters។