សរអា​និយាយ​ថា​ប្រាក់​៤​រយលាន​ដុល្លារ​សម្រាប់​អ៊ីរ៉ង់​មិនមែន​ជា​ប្រាក់​លោះ​ទេ

លោក​រដ្ឋ​មន្រ្តី John Kerry ចូលរួម​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សរអា John Kerry ​ថ្លែង​ថា សរអា «មិន​បង់​ប្រាក់​លោះ​ទេ» នៅ​ពេល​ដែល​មាន​ការ​រិះគន់​រដ្ឋបាល​លោក​ អូបាម៉ា ចំពោះ​ការ​បង់​ប្រាក់​សុទ្ធ​ចំនួន​ ៤រយលាន​ដុល្លារ ឲ្យ​ប្រទេស​អ៊ីរ៉ង់ នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ​ដោះ​លែង​ចំណាប់​ខ្មាំង​អាមេរិកាំង​៤​នាក់។

ក្រុម​មន្ត្រី​សរអា បាន​និយាយ​ថា ការ​ដឹករូបិយបណ្ណ័​បរទេស​ ចំនួន​ ៤រយលាន​ដុល្លារ តាម​យន្តហោះ​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ កាល​ពីខែ​មករា​នោះ គឺ​ជា​មួយ​ផ្នែក​ដើម្បី​ទូទាត់​ជម្លោះ​អស់​ពេល​មួយ​ទសវត្សរ៍ លើ​កិច្ច​ព្រមព្រៀង​អាវុធ​មួយ​ដែលមិន​បាន​សម្រេច។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់ ជា​ពិសេស​អ្នក​ដែលប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​បរមាណូ​របស់​អ៊ីរ៉ង់ បាន​ហៅ​ថា​ជា​ការ​ប្រាក់​លោះ​ទៅ​វិញ។

សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Florida លោក​ Marco Rubio ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ​ថា រឿង​នេះ​ពិបាក​ជឿ​ណាស់។

លោក Ed Royce ​ប្រធាន​គណកម្មាធិការសភា​តំណាងរាស្ត្រ​សរអា ទទួល​បន្ទុក​កិច្ចការ​បរទេស បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «ការ​បង់​ប្រាក់​លោះ ​ធ្វើ​ឲ្យ​ជីវិត​អាមេរិកាំង កាន់​តែ​មាន​គ្រោះ​ថ្នាក់​ថែម​ទៀត តែ​ប៉ុណ្ណោះ។ យើង​ដឹង​ហើយ​ថា​កិច្ច​ព្រម​ព្រៀង​បរមាណូ​អ៊ីរ៉ង់ ជា​កំហុស​ប្រវត្តិសាស្ត្រ​មួយ»៕