បើតាមរបាយការណ៍មួយរបស់បណ្តាញផ្សាយព័ត៌មានស.រ.អា.ថា សេតវិមានបានពន្យារពេលផែនការដាក់កំហិតការដាក់ទណ្ឌកម្មដោយយកកម្មវិធីកាំជ្រួចផ្លោងរបស់ប្រទេសអ៊ីរ៉ង់ជាទីដៅ។
កាលពីពេលមុននេះក្នុងសប្តាហ៍នេះ ក្រុមមន្ត្រីស.រ.អា.បានគ្រោងប្រកាសអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងមនុស្ស និងក្រុមហ៊ុន១២នៅក្នុងប្រទេសអ៊ីរ៉ង់ ក្រុងហុងកុង និងប្រទេសអាមីរ៉ាតអារ៉ាប់រួម។
ក៏ប៉ុន្តែកាសែត The Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ថា សេចក្តីសម្រេចនេះបានត្រូវពន្យារពេល។ បើតាមក្រុមមន្ត្រីទាំងនេះថា ការដាក់ទណ្ឌកម្ម «នៅតែឋិតនៅលើតុ» ក៏ប៉ុន្តែកាសែតនេះបាននិយាយថា នៅពេលនេះគេដឹងមិនច្បាស់លាស់ទេថាតើនឹងមានការដាក់ទណ្ឌកម្មនៅពេលណា ឬមួយការដាក់ទណ្ឌកម្មទាំងនេះនឹងមានទៅមុខ ឬបែបណាឡើយ។
ក្រុមមន្ត្រីទាំងនេះក៏បានគូសបញ្ជាក់ដែរថា ការដាក់កំហិតការពិន័យខាងហិរញ្ញវត្ថុបែបនេះនឹងមិនរំលោភលើកិច្ចព្រមព្រៀងដែលត្រូវបានសម្រេចនៅឆ្នាំនេះ ដើម្បីកាត់បន្ថយកម្មវិធីបរមាណូនៃប្រទេសអ៊ីរ៉ង់ទេ។ រដ្ឋាភិបាលក្រុងតេហេរ៉ង់មិនយល់ស្របជាមួយទេដោយបាននិយាយថាការដាក់ទណ្ឌកម្មថ្មីៗអាចទុកជាមោឃៈកិច្ចព្រមព្រៀងបរមាណូនេះ៕