លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាមេរិក​ចាប់​ផ្តើម​បេសកកម្ម​ស្តារ​ទំនាក់​ទំនង​នៅ​តំបន់​អាស៊ី​ខាង​កើត

លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ James Mattis (រូប​ឆ្វេង) ស្វាគមន៍​លោក​ប្រធានាធិបតី​ត្រាំ​ មុន​ពេល​ស្បថ​កាន់​តំណែង​របស់​លោក​រដ្ឋ​មន្រ្តី​នៅ​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​លើក​ទី​១​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​នៅ​សប្តាហ៍​នេះ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក លោក James Mattis ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ប្រាប់​សម្ព័ន្ធ​មិត្ត​ដែល​មាន​ការ​ភ័យ​ខ្លាច​នឹង​ការ​រិះ​គន់​របស់​ប្រធានា​ធិ​បតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​ដែល​ថា «ប្រទេស​ជិះ​សេះ​លែង​ដៃ» មួយ​ចំនួន​មិន​បាន​បង់​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តម្លៃ​ការពារ​ប្រទេស​រួម​គ្នា។

លោក Daniel Pinkston ​អ្នក​វិភាគ​ខាង​សន្តិសុខ​ក្នុង​តំបន់​នៅ​សាកល​វិទ្យាល័យ Troy ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​និយាយ​ថា «ខ្ញុំ​គិតថា ភាព​មិន​ប្រាកដ​ប្រជា​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ ឬ​កំពុង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​យ៉ាង​ខ្លាំង។ ខ្ញុំ​គិត​ថា ដៃ​គូ​សម្ព័ន្ធមិត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​កំពុង​ចោទ​សួរ​អំពី​ភាព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នៃ​បេ្តជ្ញា​ចិត្ត​ចំពោះ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក‍»។

ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​យក​តំបន់​អាស៊ី​ខាង​កើត​ជា​ទិសដៅ​ទី​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​មាន​ន័យ​ថា ជា​ការ​ពង្រឹង​នូវ​ការ​តាំង​ចិត្ត​ដ៏​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ប្រឆាំង​ការ​គំរាម​កំហែង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​ជឿនលឿន​របស់​កូរ៉េ​ខាង​ជើង។

​លោក​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​បាននិយាយតាម​ទូរស័ព្ទ​រួច​ហើយ​ជា​មួយ​លោក Han Minkoo រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អង្គារ។ មាន​សេចក្តី​រាយការណ៍​ថា លោក​រដ្ឋ​មន្រ្តី​ Mattis ​បាន​បញ្ជាក់​ឡើង​វិញពី​កាតព្វកិច្ចរបស់​សហរដ្ឋ​អាមេរិក​ដើម្បី​អនុវត្ត​សន្ធិសញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​នឹង​រួម​មាន​ការ​ផ្តល់​ការ​ធានា​ថា កងទ័ព​អាមេរិក​នឹង​ជួយ​ទប់​ទល់​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង​ទៅ​លើ​សម្ព័ន្ធមិត្ត៕