រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper បានធ្វើដំណើរទៅដល់ទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីអ៊ីរ៉ាក់អំពីការធ្វើដំណើរមកដល់របស់ទាហានអាមេរិកាំង ដែលទើបនឹងបានដកចេញកាលពីពេលថ្មីៗនេះពីភាគខាងជើងប្រទេសស៊ីរី។
ទាហានអាមេរិកាំង ៧ រយនាក់ ឬក៏ច្រើនជាងនេះ បានធ្វើដំណើរចូលទៅតំបន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដែលនៅទីនោះ ទាហានអាមេរិកាំងចំនួន ៥ ពាន់នាក់ កំពុងឈរជើងស្រាប់។ លោក Esper បាននិយាយថា ការបន្ថែមទាហានទាំងនេះគឺដើម្បីជួយការពារប្រទេសអ៊ីរ៉ាក់ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងពួកបះបោរភេរវកម្មក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។
ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ាក់ថា ទាហានទាំងនេះមិនទាន់មានការអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ។
នៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Esper បានបញ្ជាក់ថា «នៅទីបំផុត ទាហានទាំងនេះនឹងត្រូវបញ្ជូនត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ»។
ការសម្រេចភ្លាមៗរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដកទាហានអាមេរិកាំងស្ទើរតែទាំងអស់ចេញពីតំបន់ភាគខាងជើងប្រទេសស៊ីរីកាលពីពីរសប្ដាហ៍មុន បានធ្វើឲ្យទាហានតួកគី និងយុទ្ធជនស៊ីរីដែលគាំទ្រដោយទួរគីបើកការលុកលុយវាយប្រហារលើកងកម្លាំង Kurd។
រដ្ឋាភិបាលតួកគីបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបញ្ចប់ការវាយប្រហារនេះ ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រាប់ពួកគេថា យុទ្ធជន Kurd ទាំងអស់បានដកចេញពីតំបន់នោះ។ កាលពីសប្ដាហ៍មុន ប្រទេសតួកគីបានយល់ព្រមឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នារយៈពេល ៥ ថ្ងៃ បន្ទាប់ពីបានពិភាក្សាជាមួយនឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence៕