រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទៅ​ទស្សនកិច្ច​នាវា​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

លោក​ Ash Carter រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​បូក​របស់​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាស៊ាន​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក​ Ash Carter រដ្ឋ​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នាវា​ចម្បាំង​ដែល​មាន​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​ភាព​តានតឹង​កំពុង​តែ​កើន​ឡើង​ជាមួយ​នឹង​ប្រទេស​ចិន​លើ​បញ្ហា​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ខិតខំ​ពង្រីក​ដែន​សមុទ្រ​នៅ​ក្នុង​តំបន់​នោះ។​

លោក​ Carter ​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ​ លោក​ Hishammuddin Hussein រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី។

លោក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​បាន​ឡើង​ជិះ​លើ​នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​ឈ្មោះ ថា​ USS Theodore Roosevelt ​ក្នុង​ពេល​ដែល​នាវា​នោះ​បើក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ចេញ​ពី​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ម៉ាឡេស៊ី។​

ក្នុង​ពេល​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាលពី​ថ្ងៃពុធ លោក​ Carter ​មាន​ប្រសាសន៍​ថា​នេះ​គឺ​ជា​ «សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង‍» ចំពោះ​តំបន់​នេះ ​ហើយ​សហរដ្ឋ​អាមេរិក​ផ្តោត​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​លើ​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់​ពី​បាន​ផ្តោត​លើ​តំបន់​មជ្ឈឹម​បូព៌ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

លោក​ Carter ​និង​លោក Hussein ​បាន​ពិនិត្យ​មើល​ប្រតិបត្តិការ​យន្តហោះ​ប្រយុទ្ធ​ដែល​ផ្ទុក​លើ​នាវា​នោះ និង​ស្តាប់​របាយការណ៍​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​អំពី​បេសកកម្ម​បើកបរ​ក្នុង​ពេល​ថ្មីៗ​នេះ។

ដំណើរ​រយៈពេល​ខ្លី​របស់​លោក​ Carter ​និង​លោក​ Hussein ​នៅ​លើ​នាវា​នេះ​កើត​មាន​ឡើង​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​នាវា​ពិឃាត​របស់​សហរដ្ឋ​អាមេរិក​ដែល​បំពាក់​ដោយ​គ្រាប់​មីស៊ីល​បាន​បើកបរ​ក្នុង​ចម្ងាយ​តែ​២២គីឡូម៉ែត្រ​ពី​តំបន់​ថ្មប៉ប្រះ​ទឹក​ Subi ក្នុង​តំបន់​ប្រជុំ​កោះ​ Spratly៕