ការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​បង្ក​ឲ្យ​មាន​មន្ទិល​នៅ​តំបន់​អាស៊ី​អំពី​ការ​ជួយ​ប្រឆាំង​នឹង​ចិន

  • Ralph Jennings

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ James Mattis ថ្លែង​នៅ​ក្នុង​ថ្ងៃទី២ នៃ​កិច្ចសន្ទនា Manama លើក​ទី១៤ នៅ​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​ក្នុង​ក្រុង Manama ប្រទេស​បារ៉ែន។

លោក James Mattis បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន​ពីរ​ដង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ខ្លាំងក្លា​ជាង​មុន ស្រប​ពេល​ដែល​ប្រទេស​ចិន​ដាក់​សម្ពាធ​លើ​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ប្រទេស​វៀតណាម។

កាល​ពី​ខែ​វិច្ឆិកា នៅ​ក្នុង​ប្រទេស ​ហ្វីលីពីន រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ លោក Mattis បាន​សន្យា​ពង្រឹង​សម្ព័ន្ធ​ភាព​យោធា​រវាង​ប្រទេស​ទាំង​ពីរ ដែល​អាច​ជួយ​រដ្ឋាភិបាល​ហ្វីលីពីន​ទប់ទល់​ជាមួយ​នឹង​ចិន​បាន។

មួយ​វិញ​ទៀត នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង​រាល់​ពីរ​បី​ខែ​ម្ដង ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​នៅ​បើក​ចំហ​ជា​អន្តរជាតិ មិន​មែន​សម្រាប់​តែ​ប្រទេស​ចិន​ប្រើប្រាស់​តែ​ម្នាក់​ឯង​នោះ​ទេ។

ស្ថានការណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ​អ្នក​ជំនាញ​នានា​អះអាង​ថា ការ​លាលែង​ពី​តំណែង​របស់​លោក Mattis នៅ​ថ្ងៃ​ទី ១ ខែ​ មករា ​ខាង​មុខ​នេះ អាច​ធ្វើ​ឲ្យ​តំបន់​អាស៊ី​អាគ្នេយ៍​បាត់បង់​ភាព​ជឿជាក់​នេះ​ទៅ​វិញ។

​រដ្ឋាភិបាល​ក្រុង ប៉េកាំង បាន​ជីក​រុករក​ប្រេង សាងសង់​កោះ​សិប្បនិម្មិត ឬ​បើក​នាវា​នៅ​ក្នុង​ដែនទឹក​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ទាមទារ​ដូចគ្នា​ដោយ​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន និង​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ី​ចំនួន​បី​ទៀត។ ដោយសារ​តែ​មាន​ភាព​ទន់ខ្សោយ​ជាង​ប្រទេស​ចិន បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​នោះ​សង្ឃឹម​ថា សហរដ្ឋអាមេរិក​នឹង​អាច​ជួយ​ពួកគេ​បាន។ លោក Mattis បាន​តស៊ូ​មតិ​ឲ្យ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុម​សម្ព័ន្ធមិត្ត​ដើម្បី​ប្រឆាំង​នឹង​បណ្តា​ប្រទេស​ផ្តាច់ការ។ ​
លោក Sean King អនុប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ Park Strategies ក្នុង​ទីក្រុង ញូវយ៉ក បាន​ថ្លែង​ថា «ខ្ញុំ​សង្ស័យ​ថា មេដឹកនាំ​ជាច្រើន មិនថា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឬ​នៅ​ទីណា​នោះ​ទេ នឹង​ទន្ទឹង​ចាំ​មើល​ ហើយ​គិត​ថា យើង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ទៀត​ហើយ‍» បន្ទាប់​ពី​លោក Mattis ចេញ​ពី​តំណែង។

លោក King បាន​បន្ថែម​ទៀត​ថា «លោក Mattis ខុស​ប្លែក​ពី​គេ ដោយសារ​តែ​លោក​កាន់​តំណែង​ស្លាប់​រស់​ដ៏​សំខាន់​មួយ​នេះ​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី ហើយ​លោក​ក៏​ជា​អ្នក​ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចដែល​លោក​បាន​លើកឡើង​នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ទៅ​កាន់​លោក ត្រាំ‍ អ៊ីចឹង»។ ​

ក្រុម​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​របស់​អាមេរិក​គឺ​មាន​ចាប់​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូចជា​ជប៉ុន កូរ៉េខាងត្បូង និង​តៃវ៉ាន់ រហូត​ដល់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។ ប្រទេស​ជាច្រើន​ក្នុង​ចំណោម​នោះ​កំពុង​តែ​ព្យាយាម​បែរ​ខ្នង​ដាក់​ឥទ្ធិពល​របស់​ចិន។

ការ​លាលែង​ពី​តំណែង​ភ្លាមៗ

លោក Mattis វ័យ​៦៨​ឆ្នាំ​ ដែល​ជា​អតីត​ឧត្តមសេនីយ៍​ទាហាន​ជើង​ទឹក​ម៉ារីន បាន​សរសេរ​នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់​លោក​ទៅ​កាន់​លោក ត្រាំ ថា «វា​ច្បាស់​ណាស់​ថា ដូចជា​ចិន​និង​រុស្ស៊ី​ជា​ឧទាហរណ៍ ចង់កែប្រែ​ពិភពលោក​នេះ​ឲ្យ​ដូចជា​ប្រទេស​ផ្តាច់ការ​របស់​ខ្លួន ដោយ​ទទួល​បាន​អំណាច​វេតូ​លើ​ការ​សម្រេចចិត្ត​លើ​វិស័យ​សេដ្ឋកិច្ច ការ​ទូត និង​សន្តិសុខ របស់​ប្រទេស​ដទៃទៀត ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយ​ឲ្យ​ប្រទេស​ជិត​ខាង ដូចជា​សហរដ្ឋអាមេរិក​និង​ក្រុមសម្ព័ន្ធមិត្ត​របស់​យើង​ជា​អ្នក​ខាត​បង់‍»។​

លិខិត​ចុះ​ថ្ងៃ​ទី ​២០ ខែ ធ្នូ នោះ​មាន​ខ្លឹមសារ​ទៀត​ថា «ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ទាំងអស់​ដែល​អាមេរិក​មាន​ទៅ​ដល់​ការ​ការពារ​ជារួម‍»។

បណ្តា​មេដឹកនាំ​អាស៊ី «ជឿជាក់‍» លើ​ចំណងទាក់ទង​របស់​លោក Mattis ជាមួយ​នឹង​តំបន់​អាស៊ី។ នេះ​បើយោង​តាម​សម្តី​របស់​លោក Huang Kwei-bo ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ នៃ​សាកលវិទ្យាល័យ National Chengchi ក្នុង​ទីក្រុង តៃប៉ិ។ លោក​រដ្ឋមន្ត្រី​ការពារប្រទេស​បាន​បង្ហាញ​ជំហរ​ជាក់ស្តែង​តាមរយៈ​ការ​ចូលរួម​ក្នុង​កិច្ចសន្ទនា Shangri-la ចំនួន​ពីរ​ដង តាមរយៈ​ការ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​២០១៨​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ជួយ​ដល់​ដៃគូ​របស់​ខ្លួន​បង្កើន​ការ​ការពារ​ផលប្រយោជន៍​ដែនទឹក​របស់​ខ្លួន។

វៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និង​តៃវ៉ាន់ ប្រឆាំង​នឹង​ការ​ពង្រីក​ដែនទឹក​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នោះ។ តៃវ៉ាន់​និង​ជប៉ុន​ក៏​ឈ្លោះ​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ ប៉េកាំង ដាច់​ដោយ​ឡែក​ ចំពោះ​ការ​ត្រួតត្រា​សមុទ្រ​ចិន​ខាង​កើត​ផង​ដែរ។

លោក Huang បាន​ថ្លែង​ថា «លោក [Mattis] ដើរ​តួនាទី​ជា​កម្លាំង​ឲ្យ​ជឿទុកចិត្ត ដោយសារ​តែ​យ៉ាង​ហោច​ណាស់​ ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក​បាន​ធ្វើ​ទៅ​តាម​អ្វី​ដែល​លោក​បាន​និយាយ ហើយ​នៅ​ពេល​ដែល​លោក​ទាក់ទង​ទៅ​ប្រទេស​ដទៃ ទៀត ​លោក​តែងតែ​ទាក់ទង​ជា​ទៀងទាត់ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​ជឿជាក់​លើ​រូប​លោក ដែល​ធ្វើ​ឲ្យ​ទំនុកចិត្ត​របស់​ប្រទេស​ដទៃ​មក​លើ​សហរដ្ឋអាមេរិក​មិន​ធ្លាក់​ចុះ​លឿន​នោះ​ទេ‍»។

លោក Mattis បាន​លាលែង​ពី​តំណែង​ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​ថា អាមេរិក​នឹង​ដក​កងទ័ព​ចេញ​ពី​ប្រទេស ស៊ីរី ដែល​ចំណាត់ការ​នេះ​ត្រូវ​បាន​ប្រឆាំង​ដោយ​ក្រសួង​ការពារ​ប្រទេស។ ក្រុម​សម្ព័ន្ធមិត្ត​អឺរ៉ុប ដូចជា​បារាំង ស៊ុយអែត និង​ចក្រភព​អង់គ្លេស​បាន​សម្តែង​ការ​ព្រួយបារម្ភ​រួច​ទៅ​ហើយ​អំពី​ការ​លាលែង​ពី​តំណែង​នេះ។

លោកKing ថ្លែង​ថា ក្នុង​ចំណោម​ប្រទេស​ដទៃទៀត​ដែល​ទាមទារ​សមុទ្រ​ខាង​ត្បូង​ដែរ​នោះ​គឺ​ប្រទេស​វៀតណាម ដែល​ប្រហែល​ជា​នឹង​អាច​សោកស្តាយ​ចំពោះ​ការ​លាលែង​ពី​តំណែង​របស់​លោក Mattis ខ្លាំង​បំផុត។ លោក​ថ្លែង​ទៀត​ថា វៀតណាម​គឺ​ជា​ប្រទេស​ដែល​មាន​ជំហរ​រឹងមាំ​បំផុត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង ប៉េកាំង ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ី​ដែល​ទាមទារ​ដែនទឹក​ដទៃ​ទៀត ងាក​មក​រក​សហរដ្ឋអាមេរិក​ដើម្បី​ការ​គាំទ្រ​ផ្នែក​សន្តិសុខ ប៉ុន្តែ​ងាក​ទៅ​រក​ប្រទេស​ចិន​ដើម្បី​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច។

ដំណាក់កាល​ទន្ទឹង​ចាំ​មើល

លោក King ថ្លែង​ថា ការ​ដក​កងកម្លាំង​របស់​អាមេរិក​ចេញ​ពី​ប្រទេស ស៊ីរី អាច​បង្ហាញ​ថា លោក ត្រាំ និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​របស់​លោក នឹង​ដក​រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន ឲ្យ​ឯកោ​ពី​ក្រុមសម្ព័ន្ធមិត្ត​អាស៊ី។ លោក​បាន​បន្ថែម​ទៀត​ថា ចិន «នឹង​ចូល​ទៅ​បំពេញ​ចន្លោះប្រហោង​នេះ‍»។ ​

អ្នកវិភាគ​លើកឡើង​ថា ក្នុង​រយៈពេល​ខ្លី បណ្តា​មេដឹកនាំ​នានា​នៅ​អាស៊ី​នឹង​ទន្ទឹង​រង់ចាំ​ដោយ​ព្រួយបារម្ភ​ម្តងទៀត ដូច​ដែល​ពួកគេ​ធ្លាប់​ព្រួយបារម្ភ​បន្ទាប់​ពី​លោក ត្រាំ​ ចូល​ស្បថ​ឡើង​កាន់​តំណែង។

លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​តែងតាំង​លោក Patrick Shanahan អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​ឲ្យ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស្តីទី នៅ​ថ្ងៃ​ទី ១ ខែ មករា ខាង​មុខ​នេះ ដើម្បី​ជំនួស​លោក Mattis៕​

ប្រែសម្រួល​ដោយ​អ្នកនាង ហុង ចិន្តា