ពាណិជ្ជកម្ម​អាមេរិក​និង​គុយបា​អាច​នឹង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស

សមាជិក​ព្រឹទ្ធសភា ​លោក​ Marco Rubio កំពុង​មាន​ប្រសាសន៍​កំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​ Miami រដ្ឋ Florida ​កាលពី​ថ្ងៃទី​១៨ ​ខែធ្នូ​ ឆ្នាំ២០១៤។​

ការភ្ជាប់ពាណិជ្ជកម្ម​និង​សេដ្ឋ​កិច្ចរវាង​សហរដ្ឋ​អាមេរិកនិង​ប្រទេស​គុយបា ​អាច​រីក​កាន់​តែ​ខ្លាំង​ឡើង​នៅក្រោយ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ថ្មី​ឡើង​វិញ​ដែល​ត្រូវ​បាន​ផ្តាច់​អស់​រយៈ​ពេល​កន្លះ​សតវត្សរ៍​របស់​ប្រទេស​ទាំង២ ​ក៏ប៉ុន្តែ មិន​ទំនង​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ទេ។

​សហរដ្ឋអាមេរិក​ នៅ​តែ​រក្សា​ការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​ប្រទេស​កុម្មុយនិស្ត​មួយ​នេះដែល​ស្ថិត​នៅផ្ទៃទឹកចម្ងាយ​តែ​១៤៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​។ សភាសហរដ្ឋ​អាមេរិកមិន​ទំនងដកចេញ​ការ​រឹតត្បិតនៅពេល​ឆាប់​ៗ​នេះ​ទេ ​ថ្វីបើ​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​និយាយ​ថា ​ពាណិជ្ជកម្ម​ខ្លះ​នឹង​បន្ត​ឡើង​វិញ​នៅពេល​ដែល​ប្រទេស​ទាំង​២​ស្ថិត​នៅ​តំបន់​អឌ្ឍគោលខាង​លិច ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ក៏ដោយ។

​ការ​ភ្ជាប់​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិកជាមួយ​ប្រទេស​គុយបា ​បាន​បញ្ចប់ដោយ​សារ​ការ​កាន់កាប់ប្រទេស​របស់​លោក Fidel Castro ​ហើយ​និង​ការ​ធ្វើ​ជាតូបនីយកម្ម​ពាណិជ្ជកម្មដែល​កាន់​កាប់​ដោយ​អាមេរិកាំង​របស់​លោកនៅ​ក្នុង​ទសវត្សរ៍១៩៦០។ ឥឡូវនេះ ប្រធានា​ធិបតី Raul Castro ​ដែល​ជាប្អូន​ប្រុស​របស់​លោក​ ​កំពុង​ចូល​រួម​ជាមួយ​លោក​អូបាម៉ា​នៅ​ក្នុង​ការ​ស្វះ​ស្វែង​ដើម្បី​បន្ធូរ​បន្ថយភាព​ជាអមិត្តរវាង​ប្រទេស​ទាំង​២។

កសិករ ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ទេសចរណ៍​ ក្រុមហ៊ុន​ថាម​ពល​ ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទៀត​របស់​សហរដ្ឋ​អាមេរិក ​នៅ​ទីបញ្ចប់​ អាច​ចូល​ក្នុងទីផ្សារ​គុយបា។ ក្រុម​ហ៊ុនផលិតស្រានិង​ផលិតស៊ីហ្គា​របស់​គុយបា​ ​អាច​ស្វែង​រកពាណិជ្ជកម្ម​ថ្មី​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន ​ប៉ុន្មាន​ថ្ងៃ​មុនពេល​បង​ប្អូន​ប្រុស Castro កាន់​អំណាច ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​គុយបា​មានសកម្មភាព​ខ្លាំង​ក្លា៕