សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសគុយបា មានភាពប្រក្រតីឡើងវិញ ក្រោយពីរយៈពេលជាងពាក់កណ្តាលមួយសតវត្សរ៍មកនេះ កំពុងត្រូវបានទទួលប្រតិកម្មខុសៗគ្នា។ មនុស្សជាច្រើន យល់ស្របជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថា ការផ្តាច់ទំនាក់ទំនងជាមួយ គុយបា គឺជាអនុសាស្ត្រហួសសម័យ ដែលមិនជួយអ្វីដល់ការបង្កើនប្រយោជន៍របស់សហរដ្ឋអាមេរិកទេ។ ចំណែកឯអ្នករិះគន់វិញ យល់ថា ការធ្វើឲ្យទំនាក់ទំនងជាមួយនឹង គុយបា មានភាពប្រក្រតី នឹងគាំទ្ររបបកុម្មុយនីស្តផ្តាច់ការគុយបាទៅវិញទេ។ សេចក្តីថ្លែងការរបស់លោក អូបាម៉ា នៅថ្ងៃពុធនេះ បានធ្វើឡើងស្របពេលជាមួយនឹងការដោះដូរអ្នកទោសរវាងប្រទេសទាំងពីរ ដែលត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ស៊ើបការសម្ងាត់។
កាលពីថ្ងៃពុធនេះ សហគមន៍ជនជាតិគុយបាសញ្ជាតិអាមេរិករស់នៅទីក្រុង Miami បានត្រេកអរ បន្ទាប់ពីលោកប្រធានាធិបតី អូបាម៉ា បានថ្លែងអំពីការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកទៅកាន់ប្រទេសគុយបា។
លោក អូបាម៉ា ថ្លែងថា៖ «តាមរយៈការផ្លាស់ប្តូរទាំងនេះ យើងមានបំណងបង្កើតឱកាសបន្ថែមឲ្យប្រជាពលរដ្ឋអាមេរិក និងគុយបា ហើយចាប់ផ្តើមទំព័រថ្មីមួយសម្រាប់ប្រជាជាតិរបស់ទ្វីបអាមេរិកទាំងមូល»។
ជាយូរណាស់មកហើយ អ្នកខ្លះដែលបានរត់គេចខ្លួនពីរបបគ្រប់គ្រងរបស់លោក Fidel Castro មកសហរដ្ឋអាមេរិក បានគាំទ្រគោលនយោបាយឯកោប្រឆាំងនឹងរបបកុម្មុយនីស្តនៅគុយបា តាមរយៈការដាក់ទណ្ឌកម្ម និងការហាមប្រាមការធ្វើដំណើរ បើទោះបីជានេះមានន័យថា គ្រួសាររបស់ពួកគេមិនអាចឆ្លងមកកោះភាគខាងត្បូងរដ្ឋ Florida ដែលមានចម្ងាយ១៧០គីឡូម៉ែត្រពីរដ្ឋធានី ឡាហាវ៉ាន ប្រទេសគុយបាក៏ដោយ។
លោក Carlos Munoz Fontanil និយាយថា៖ «នេះគឺជាការក្បត់មួយសម្រាប់មនុស្សជាង៥ម៉ឺននាក់ដែលបានស្លាប់ ដោយសាររបបគ្រប់គ្រងរបស់លោក Castro។ ហើយនេះក៏ជាការក្បត់ដល់ប្រទេសគុយបាដែរ។ ប៉ុន្តែ យើងមិនបារម្ភអំពីគុយបាទៀតទេ តែយើងបារម្ភពីសហរដ្ឋអាមេរិកវិញ»។
មានមនុស្សជាច្រើននាក់បានជំរុញឲ្យសម្ព័ន្ធភាពរវាងទឹកដីថ្មីដែលពួកគេកំពុងតែរស់នៅ និងកោះដែលជាស្រុកកំណើតរបស់គេមានភាពប្រក្រតីឡើងវិញ។
លោក Santiago Portal ឲ្យដឹងថា៖
«ខ្ញុំយល់ស្របឲ្យមានទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសគុយបា ដើម្បីឲ្យអ្នករស់នៅក្នុងប្រទេសទាំងពីរនេះបានស្គាល់គ្នា»។
សេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតី អូបាម៉ា ទទួលបានការគំាទ្រដ៏ផុសផុលបំផុតកាលពីថ្ងៃពុធនេះ ដោយលោក Alan Gross បុគ្គលិកអង្គការផ្តល់ជំនួយ ត្រូវបានដោះលែងនៅថ្ងៃពុធនេះដែរ ក្រោយពីត្រូវបានឃុំខ្លួននៅគុយបាអស់រយៈពេល៥ឆ្នាំ។ លោក Gross បាននិយាយថា ប្រជាពលរដ្ឋគុយបា មិនគួរត្រូវបានឲ្យផ្តាច់ខ្លួនពីក្រុមមនុស្សផ្សេងទៀតទេ។
លោក Alan Gross បានថ្លែងថា៖
«សម្រាប់រូបខ្ញុំផ្ទាល់ ប្រជាពលរដ្ឋគុយបាទាំងអស់ ឬក៏ពួកគេភាគច្រើន មានទឹកចិត្តល្អ សប្បុរស និងពូកែ។ ខ្ញុំឈឺចាប់ចំពោះភាពអយុត្តិធម៌ដែលប្រព្រឹត្តមកលើអ្នកទាំងអស់នោះ ដោយសារតែគោលនយោបាយឈ្លោះគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរ»។
អ្នករស់នៅទីក្រុងឡាហាវ៉ាន ខ្លះបានស្វាគមន៍ការដោះលែងជនជាតិគុយបាបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទស៊ើបការណ៍នៅសហរដ្ឋអាមេរិក។
លោក Luis Rodriguez និយាយថា៖
«ខ្ញុំយល់ថា នេះគឺជាជំហានវិជ្ជមានមួយ ដែលវីរៈបុរសទាំងបីនាក់នោះ ដែលជាអ្នកទោសនៅសហរដ្ឋអាមេរិក បានត្រឡប់មកប្រទេសគុយបាវិញ»។
លោក Raul Castro ប្រធានាធិបតីគុយបា បាននិយាយថា លោកប្រធានាធិបតី អូបាម៉ា អាចធ្វើកិច្ចការច្រើនជាងនេះ។
លោកថ្លែងថា៖ «របាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ចនិងការរងទុក្ខវេទនាដល់ប្រជាពលរដ្ឋគុយបា គួរតែចប់។ ទោះបីជាវិធានការនៃរបាំងទាំងអស់នេះកំពុងតែត្រូវបានអនុម័តជាច្បាប់ក្តី ក៏លោកប្រធានាធិបតីសហរដ្ឋអាមេរិក អាចកែប្រែការអនុវត្តវិធានការទាំងនោះ ដោយប្រើប្រាស់អំណាចនិតិប្រតិបត្តិរបស់ខ្លួនបាន»។
វិធានការនេះប្រឈមនឹងការតតាំង ដោយប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតគុយបាជាច្រើន រួមទាំងលោក Marco Rubio សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Florida ដែលរិះគន់មកលើការធ្វើឲ្យទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុង ឡាហាវ៉ាន មានភាពប្រសើរឡើងនោះ។
លោកនិយាយថា៖ «ការធ្វើដូច្នេះ នឹងផ្តល់ឱកាសឲ្យរបបកុម្មុយនីស្តរបស់លោក Castro ដែលគ្រប់គ្រងជីវិតប្រជាពលរដ្ឋគុយបាទាំងស្រុង ក្តោបក្តាប់ការផ្លាស់ប្តូរទាំងនេះ ដើម្បីពង្រឹងអំណាចរបស់ខ្លួនទៅវិញទេ»។
ប៉ុន្តែ ការអបអរសាទរបានចាប់ផ្តើមភ្លាមៗ ក្រោយពីសេចក្តីប្រកាសនេះ ជាពិសេសពីប្រទេស វ៉េណេស៊ុយអេឡា និងវិមាន វ៉ាទីកង់។
ចាប់តាំងពីពេលលោកប្រធានាធិបតី អូបាម៉ា បានអនុវត្តគោលការណ៍ធ្វើដំណើរមានកម្រិតទៅកាន់ប្រទេសគុយបា កាលពីឆ្នាំ២០១១មក ប្រជាពលរដ្ឋអាមេរិកាំងរាប់ម៉ឺននាក់បានធ្វើដំណើរកំសាន្តនៅគុយបា។ យោងតាមវិធានការថ្មីនេះ សហរដ្ឋអាមេរិកគ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅទីក្រុង ឡាហាវ៉ាន ហើយកាត់បន្ថយយ៉ាងខ្លាំងដល់ការរឹតត្បិតលើការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មផ្សេងៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត