ស.រ.អា.​និង​គុយបា​បាន​បញ្ចប់​ការ​ពិភាក្សា​ការទូត​ជុំចុង​ក្រោយ

​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​​សម្រាប់​កិច្ចការ​​លោក​ខាង​​លិច​ លោកស្រី​ Roberta Jacobson (ឆ្វេង) និង​ លោក ​Josefina Vidal​ (ស្តាំ) នៅ​ឯការ​ពិភាក្សា​គ្នា​មួយ​​នៅទីក្រុង​ Havana កាលពីថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០១៥។

ក្រុម​អ្នកការទូត​សហរដ្ឋ​អាមេរិក​និង​គុយបា ​បាន​បញ្ចប់​ការ​ពិភាក្សា​ជុំ​ទី​៣​ស្តី​ពី​ការ​ធ្វើ​ឲ្យ​មានចំណង​ទាក់​ទង​ខាង​ការទូត​ឡើង​វិញ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រទេស​គុយបា​កាល​ពី​ថ្ងៃ​អង្គារ​ ​ដោយ​គ្មាន​ការ​ផ្តល់​សេចក្តី​លម្អិត​អំពី​អ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​គុយបា (Cuba) ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ពិភាក្សា​បាន​បញ្ចប់​បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​មួយ​ថ្ងៃ។

សេចក្តី​ថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹង​ថា៖ ​«ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀងរក្សា​ការ​ទាក់​ទងក្នុង​ពេល​អនាគត​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នេះ។​ ​ហើយ​បាន​កត់​សម្គាល់​ថា ​ជំនួប​នោះ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាសប្រកប​ដោយ​វិជ្ជាជីវៈ»។

លោក ​Roberta Jacobson ​អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​អាមេរិក​ឡាទីន ​ហើយ​និង​លោក ​Josefina Vidal ​អ្នក​ការទូត​កំពូលគុយបា​សម្រាប់​កិច្ច​ការ​សហរដ្ឋ​អាមេរិក​ ​បាន​ជួប​នៅ​ក្នុង​ទីក្រុង​ឡាហាវ៉ាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ដែល​ត្រូវ​បាន​ពណ៌​នា​ថា​ ជា​ការ​បញ្ចប់​ដោយ​ការបើក​ចំហរ។

លោកស្រី ​Jen Psaki អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​ក្រុម​អ្នកការទូត​ចង់​រក្សា​ការ​ចរចា​នោះ​ក្នុង​ភាព​ស្ងប់ស្ងាត់។​ លោកស្រី​ Psaki បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ថា ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​អស់​លោក គឺ​ទៅលើការ​ប្រុង​ប្រៀប​ឲ្យមាន​ការ​ពិភាក្សា​ដ៏​ស្វិត​ស្វាញ​ហើយ​ដើម្បី​ធ្វើ​ការងារ​ឲ្យ​ចប់​សព្វ​គ្រប់។

ចំណាត់​ការ​នេះ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​តាន​តឹង​កើន​ឡើង​រវាង​សហរដ្ឋ​អាមេរិក​និងប្រទេស​វ៉េណេហ្ស៊ុយអេឡា (Venezuela) ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ​បំផុត​របស់​គុយបា។ ​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា ​បញ្ហា​នេះ​គួរ​មិន​ប៉ះ​ពាល់​ដល់​ការ​ចរចាជាមួយ​គុយបាទេ។ ក៏ប៉ុន្តែ​ ​មន្រ្តី​គុយបា​បាន​រិះគន់​សហរដ្ឋ​អាមេរិក​ពី​ព្រឹត្តិការណ៍​នេះ៕