មន្ត្រី​សុខាភិបាល​ទទួល​ស្គាល់​ថា​ការ​ចាក់​វ៉ាក់សាំង​​កូវីដ​១៩​​នៅ​​អាមេរិក​នៅ​​យឺតយ៉ាវ

បុគ្គលិក​សុខាភិបាល​ត្រៀម​វ៉ាក់សាំង Pfizer សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក​ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​សារភាព​កាលពី​ថ្ងៃ​អាទិត្យ​ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការចាក់​វ៉ាក់សាំង​ការពារពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់ពីការ​រាតត្បាតនៃ​ជំងឺ​កូវីដ១៩ នៅ​មាន​ភាពយឺតយ៉ាវ។​ ក៏ប៉ុន្តែ​ពួកគេ​សង្ឃឹម​ថា យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​នោះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​រយៈពេល​៣​ខែ​ទៀត។

លោក Xavier Becerra (ហាវៀរ ប៊ីសេរ៉ា) រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សុខុមាលភាព​ពលរដ្ឋ(HHS) ​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​លោក​ប្រធានាធិបតី Biden បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN អំពី​ស្ថានភាព​ចុងក្រោយ​នៃ​ការចាក់​វ៉ាក់សាំង​ថា៖ «យន្តហោះ កំពុង​ដាំ​ក្បាល​ចុះ ហើយ​យើង​បាន​បញ្ឈប់​វា»។​

លោក Becerra បាន​និយាយទៀត​ថា៖ «អ្វី​ដែល​យើង​បាន​ទទួល[ពី​រដ្ឋបាល​មុន]​នោះ​មិន​បាន​ដំណើរការ​ទេ ហើយ​ឥឡូវ​នេះ​ យើង​ត្រូវតែ​ធ្វើ​ឱ្យ​វា​ដំណើរការ»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បញ្ហា​ទាំង​នោះ នឹង​មិនអាច​ត្រូវដោះស្រាយបាន​ឆាប់​នោះ​ទេ ក៏​ប៉ុន្តែថា៖ «យើង​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង យើង​អាច​វិលត្រឡប់​ទៅ​កាន់​ភាព​ប្រក្រតី​ឡើង​វិញ​បាន»។

មុន​ចាកចេញ​ពី​តំណែង​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី Donald Trump បាន​សរសើរ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ដើម្បី​ប្រឆាំង​ជំងឺ​រាតត្បាត​នេះ។

លោក​ប្រធានាធិបតី Biden បាន​កំណត់​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​ចំនួន​១០០​លាន​ដូស​នៅ​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូងនៃ​ការ​កាន់​តំណែង​របស់​លោក។

កាលពី​សប្តាហ៍​មុន លោក​បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​ដើម្បី​បង្កើន​ការ​ផលិតវ៉ាក់សាំង​ដែល​ចាក់​២​ដូសឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ ​ជាមួយ​នឹង​ឧបករណ៍​ពេទ្យ​ផ្សេង​ទៀតដែល​គេត្រូវការ​ដើម្បី​ព្យាបាលអ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩៕