និយ័តករសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រើនូវវិធីធ្វើតេស្តថ្មីដើម្បីរកជំងឺកូវីដ ដែលមន្ត្រីរដ្ឋបាលបានសរសើរថាមានសារៈសំខាន់នៅក្នុងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ទីភ្នាក់ងាររដ្ឋបាលម្ហូបអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ បានប្រកាសអំពីការអនុញ្ញាតជាបន្ទាន់ឲ្យប្រើវិធីធ្វើតេស្តរកភាពស៊ាំនៅក្នុងខ្លួនមនុស្សទប់ទល់នឹងជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Quidel Corp. នៅទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក។
ការធ្វើតេស្តនេះអាចរកឃើញបំណែកណាមួយនៃប្រូតេអ៊ីនវីរុស នៅក្នុងសំណាកដែលប្រមូលបានពីសារធាតុរាវក្នុងច្រមុះ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងាររដ្ឋបាលម្ហូបអាហារ និងថ្នាំពេទ្យនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
នៅពេលបច្ចុប្បន្ននេះ វិធីតែមួយគត់នៅក្នុងការធ្វើរោគវិនិច្ឆ័យរកជំងឺកូវីដ១៩ គឺការធ្វើតេស្តលើសារធាតុរាវក្នុងច្រមុះរបស់អ្នកជំងឺដើម្បីរកសារធាតុហ្សេនរបស់វីរុស។
ទោះបីជាការធ្វើតេស្តនៅពេលបច្ចុប្បន្ននេះត្រូវគេចាត់ទុកថាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ ក៏វាត្រូវចំណាយពេលជាច្រើនម៉ោង និងត្រូវការឧបករណ៍ពិសេសដែលមានតម្លៃថ្លៃដើម្បីអាចដំណើរការបាន។ ប៉ុន្តែ ក្រុមហ៊ុន Quidel បានបញ្ជាក់ថា ការធ្វើតេស្តថ្មីដែលខ្លួនបានបង្កើតនេះអាចផ្ដល់លទ្ធផលក្នុងរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ៕