លោក Paul Manafort ដែលធ្វើជាប្រធានរយៈពេលខ្លីរបស់យុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី Donald Trump កាលពីឆ្នាំមុន ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ពីបទសមគំនិតប្រឆាំងស.រ.អា. បទលាងលុយកខ្វក់ និងភូតកុហករដ្ឋាភិបាល ក្នុងការធ្វើយុទ្ធនាការបញ្ចុះបញ្ចូលដើម្បីប្រយោជន៍លោក Viktor Yanukovych អតីតប្រធានាធិបតីប្រទេសអ៊ុយក្រែន។ លោក Manafort និងលោក Rick Gates ដែលអតីតសហការីជំនួញជាមួយគ្នា ត្រូវអង្គចៅក្រមពលរដ្ឋសហព័ន្ធនៅរដ្ឋធានីវ៉ាស៊ីនតោន ចោទប្រកាន់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់លោក Robert Mueller ទីប្រឹក្សាពិសេសពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។
លោក Manafort បានបង្កាញខ្លួននៅការិយាល័យ FBI នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីព្រឹកថ្ងៃចន្ទ។ ក្រៅពីនេះ លោក Mueller បានបញ្ចេញឲ្យដឹងថា លោក George Papadopoulos អតីតទីប្រឹក្សាកិច្ចការបរទេសរបស់លោក Trump បានទទួលកំហុសកាលពីថ្ងៃទី៥ ខែតុលា ថា លោកបានភូតកុហកមន្ត្រីសហព័ន្ធកាលពីខែមករាអំពីការទាក់ទងរបស់លោកជាមួយមនុស្ស ដែលលោកយល់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។ លោកប្រធានាធិបតី Trump មិនទាន់ធ្វើអធិប្បាយអំពីករណីរបស់លោក Papadopoulosទេ៕