ប្តី​ប្រពន្ធ​អាមេរិក​មួយ​គូ​ត្រូវ​បានចាប់​ខ្លួន​​ពី​បទ​លក់​ព័ត៌មាន​​នាវា​ចម្បាំង​ប្រើ​ថាមពល​នុយក្លែអ៊ែរ

រូបឯកសារ៖ ក្រសួង​យុត្តិធម៌​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ (AFP)

ប្តី​ប្រពន្ធ​ជន​ជាតិ​អាមេរិកកាំង​មួយ​គូ​ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋ West Virginia ដោយ​រង​ការ​ចោទ​ប្រកាន់​ថា បាន​លក់​ព័ត៌មានស្តី​ពី​នាវា​ចម្បាំងប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅ​ឲ្យ​ប្រទេស​មួយ ​ដែលគេ​ជឿជាក់​ថា​ជា​រដ្ឋ​បរទេស។ នេះ​បើ​តាម​ការលើក​ឡើង​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។ ​

ក្រសួង​យុត្តិធម៌អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា លោក Jonathan Toebbe ដែល​បម្រើ​ការ​ងារ​ជាវិស្វករ​នុយក្លេអ៊ែរនៅ​ក្នុង​កង​ទ័ព​ជើង​ទឹក​អាមេរិក​និង​ភរិយា​របស់​លោកឈ្មោះ Diana ដែល​ពួក​គេ​ទាំង​ពីរ​នាក់​មាន​អាយុខ្ទង់​៤០​ឆ្នាំ​ប្លាយត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ទី ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធអាមេរិកFBI កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពីការរំលោភ​បំពាន​ច្បាប់ថាមពល​អាតូមិករបស់​អាមេរិក​នៅ​ក្នុងសំណុំរឿង​បណ្តឹង​ព្រហ្មទ័ណ្ឌ​មួយ។

សេចក្តីថ្លែង​ការណ៍នោះ បាន​បន្ត​ទៀត​ថា ក្នុង​រយៈពេល​ជិត១​ឆ្នាំ​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ «បាន​លក់​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ទិន្នន័យ​លាក់​ការណ៍​ដែល​ទាក់ទិន​នឹង​ការ​រចនា​នាវា​ចម្បាំង​ដែល​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅ​ឲ្យ​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថាជា​តំណាងរដ្ឋ​បរទេស។ សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ទៀត​ថា ​អ្នក​ទទួលព័ត៌មាននោះ​ គឺ​ជាមនុស្ស​បង្កប់​ខ្លួន​របស់​ទីភ្នាក់ងារ​ស៊ើប​អង្គេតFBI។

ក្នុង​ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា កាល​ពី​ខែ​មេសា ឆ្នាំ​២០២០ លោក Toebbe បាន​ផ្ញើ​កញ្ចប់មួយ​តាម​ប៉ុស្តិ៍​ប្រៃសណីយ​ទៅ​ឲ្យ​រដ្ឋាភិបាល​បរទេស​មួយ​ដែល​ក្នុង​កញ្ចប់​នោះ​មាន​ដាក់​សំណាក​ទិន្នន័យ​ហាម​ឃាត់​ និង​សេចក្តីណែនាំ​ក្នុង​ការ​បង្កើត​នូវ​ទំនាក់​ទំនង​លាក់ ការណ៍​មួយ។ នេះ​បើ​យោង​ទៅ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​យុត្តិធម៌​អាមេរិក។

បើ​យោង​តាម​ពាក្យ​បណ្តឹង​នោះ បាន​ឲ្យ​ដឹង​ថា ទី​ភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ FBI បាន​ស្ទាក់​ចាប់​បាន​កញ្ចប់​ដែល​ផ្ញើ​នោះ​ហើយ​ភ្នាក់ងារ​បង្កប់​ខ្លួន​នោះ បានក្លែង​ខ្លួន​ធ្វើជា​តំណាង​ឲ្យ​រដ្ឋាភិបាល​បរទេស​មួយ​ដើម្បី​បង្កើត​នូវ​ទំនាក់​ទំនង​លាក់ការណ៍​ជា​មួយ​ប្តី​ប្រពន្ធ​នេះ។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ក៏​បាន​លើក​ឡើង​ផង​ដែរថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកលោកMerrick Garland បាន​សរសើរ​ដល់​ក្រុម​ភ្នាក់​ពាក់ព័ន្ធ​ ដែល​បាន​ទប់​ស្កាត់​នូវ​ផែនការ​នេះ​ និង​បាន​ចាត់​វិធានការទាន់​ពេល​ដើម្បី​បញ្ជូន​ជន​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាន់តុលាការ​ដើម្បី​កាត់ទោស។

ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ​ ​នៅ​ពេល​សាក​សួរ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP។

ប្តី​ប្រពន្ធ​នេះ​ នឹង​ត្រូវបង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​សហព័ន្ធក្នុង​រដ្ឋ West Virginia នៅ​ថ្ងៃទី​១២​ខែ​តុលា​នេះ៕