បទ​វិភាគ៖ សហរដ្ឋ​អាមេរិក​អាច​យក​ពន្ធ​លើ​ការ​នាំ​ចូល​ដែក​ថែប​ពី​ចិន ក្រោយ​ពី​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​ចិន​មិន​សូវ​មាន​លទ្ធផល​ល្អ

រូបភាព​ឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​មកដល់​ក្នុងកិច្ច​ប្រជុំ​កំពូល​ G-20 ក្នុង​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។

បន្ទាប់ពី​មិន​មាន​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​សប្ដាហ៍​មុន​មក អ្នក​វិភាគ​នានា​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា រដ្ឋបាល​លោក Trump នឹង​ដាក់​ពិន័យ​តឹងតែង​លើ​ការ​នាំ​ចូល​ដែក​ថែប និង​ការ​នាំ​ចូល​ផ្សេងៗ​ទៀត​ពី​ប្រទេស​ចិន។

ពួកគេ​ក៏​បាន​ព្យាករណ៍​ទុក​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​អាច​ឈាន​មួយ​ជំហាន​ទៅ​មុខ​ទៀត និង​ចាប់ផ្ដើម​មិន​យល់​ស្រប​ជាមួយ​នឹង​ក្បួន​ច្បាប់​មួយ​ចំនួន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​ថា​មាន​ទំនោរ​ជ្រុល​ទៅ​រក​រដ្ឋាភិបាល​ចិន។

លោក Charles W. Boustany Jr. ដែល​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចូល​និវត្តន៍ និង​ជា​ទីប្រឹក្សា​មកពី​អង្គការ National Bureau of Asian Research ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «កិច្ច​ពិភាក្សា​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​នេះ ទំនង​ជា​មិន​ទទួល​បាន​លទ្ធផល​ច្រើន​នោះ​ទេ។ ការ​ចរចា​នានា​ត្រូវ​បាន​ជាប់​គាំង។ ខ្ញុំ​ជឿជាក់​ថា រដ្ឋបាល​របស់​លោក Trump មាន​គោល​បំណង​យក​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​នាំ​ចូល និង​មាន​គោល​បំណង​ដាក់​កំហិត​ផ្សេងៗ​ទៀត​លើ​ការ​នាំ​ចូល​ដែក​ថែប​ពី​ប្រទេស​ចិន»។

យន្តការ​កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដោះស្រាយ​ចំណុច​ជាប់​គាំង​ពី​មុនៗ ដែល​ក្នុង​នោះ​មាន​ដូចជា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​ទឹក​ប្រាក់​ចំនួន ៣៤៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​រដ្ឋាភិបាល​ចិន​ជា​ដើម។ ប៉ុន្តែ ជំនួប​លើក​ទី​មួយ ដែល​សហការ​រៀបចំ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross និង​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Wang Yang គ្រាន់តែ​ជួយ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ភាគី​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។

ចំណុច​ចម្បង​នៃ​ភាព​ខ្វែង​គំនិត​គ្នា​ទាំង​នេះ គឺ​ការ​នាំ​ចេញ​ដែក​ថែប​របស់​ចិន និង​ឱនភាព​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ។ សហរដ្ឋ​អាមេរិក​គិត​ថា ការ​នាំ​ចេញ​ដែក​ថែប​ក្នុង​តម្លៃ​ទាប​របស់​ចិន​នេះ បាន​បណ្ដាល​ឲ្យ​បាត់បង់​ការងារ ដែល​ទស្សនៈ​នេះ​ត្រូវ​បាន​លើក​ឡើង​ជា​ទូទៅ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

លោក Charles W. Boustany Jr. បាន​និយាយ​ថា រដ្ឋបាល​លោក Trump អាច​ដាក់​ការ​ត្រួត​ពិនិត្យ​លើ​ការ​នាំ​ចូល​ដែក​ថែប ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ​ជាតិ។ អ្នក​ជំនាញ​ជា​ច្រើន​ទៀត​ក៏​បាន​លើក​ឡើង​ពី​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។

លោក Scott Kennedy អនុ​ប្រធាន​គម្រោង Feeman Chair in China Studies នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «ខ្ញុំ​រំពឹង​ថា នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ រដ្ឋបាល​របស់​លោក Trump នឹង​ដាក់​ពិន័យ​លើ​ការ​នាំ​ចូល​ដែក​ថែប​ពី​ប្រទេស​ចិន និង​ប្រហែល​ជា​ដាក់​ពិន័យ​លើ​ប្រទេស​មួយ​ចំនួន​តូច​ទៀត ដោយ​សំអាង​លើ​ហេតុផល​សន្តិសុខ​ជាតិ»។

ការ​បដិសេធ​ចំពោះ​ក្បួន​ច្បាប់​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

លោក Scott Kennedy បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​លើស​ពី​នេះ​ទៀត និង​ចាប់ផ្ដើម​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ប្ដេជ្ញា​របស់​ខ្លួន​ចំពោះ​ក្បួន​ច្បាប់​មួយ​ចំនួន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ក្នុង​អំឡុង​ពេល ៥ ឆ្នាំ កន្លង​ទៅ​នេះ គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន កម្រិត​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម​ផ្សេងៗ​គ្នា និង​ការ​គាំទ្រ​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ដែល​មាន​ការ​រើសអើង បាន​បណ្ដាល​ឲ្យ​មាន​គម្លាត​កាន់​តែ​ធំ​រវាង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន និង​ការ​ប្ដេជ្ញា​របស់​ចិន​ចំពោះ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ហើយ​ដោយសារ​តែ​ប្រទេស​ចិន​មាន​ទំហំ​ធំ ករណី​នេះ​ក៏​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ដល់​សេដ្ឋកិច្ច​សាកលលោក​ផង​ដែរ ដែល​រួម​មាន​ទាំង​ការ​ជះ​ឥទ្ធិពល​ដល់​សហរដ្ឋ​អាមេរិក និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ»។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ករណី​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​ខ្វាយខ្វល់ និង​ចម្ងល់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​អំពី​ក្បួន​ច្បាប់​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ថា​តើ​ក្បួន​ច្បាប់​ទាំង​នោះ​មាន​លក្ខណៈ​ល្អ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ឬ​ក៏​យ៉ាង​ណា​នោះ»។

បន្ទាប់ពី​កិច្ច​ពិភាក្សា​នោះ​បាន​បញ្ចប់​ទៅ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Wang Yang បាន​និយាយ​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ទាំង​ពីរ​ចាំបាច់​ត្រូវ​សហប្រតិបត្តិការ​ជាមួយ​គ្នា និង​បាន​ក្រើន​រំឭក​ថា «ការ​ប្រឈម​មុខ​ដាក់​គ្នា​ណា​មួយ​នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ភ្លាមៗ​ដល់​ភាគី​ទាំង​ពីរ»។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​ស្ដី​បន្ទោស​ថា គម្លាត​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ​បណ្ដាល​មកពី «ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន»។

ការ​ភ្ញាក់ផ្អើល​របស់​លោក Trump

លោក Sourabh Gupta មកពី​វិទ្យាស្ថាន​សិក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ចិន​ចង់​ឲ្យ​លោក Trump និង​ក្រុម​របស់​លោក ត្រឡប់​មក​កាន់​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក និង​ចិន លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ឲ្យ​ដូច​ទៅ​នឹង​កិច្ច​ពិភាក្សា​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក នៅ​ក្នុង​សម័យ​លោក Obama ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ សូម្បីតែ​អតីត​លោក​ប្រធានាធិបតី Bush ក៏​ធ្វើ​ដូច​គ្នា​នេះ​ដែរ។ លោក Trump មាន​ទស្សនៈ​ជ្រុល​និយម​ខ្លាំង​លើ​បញ្ហា​ពាណិជ្ជកម្ម ហើយ​ចិន​គ្រាន់តែ​ចង់​បាន​នូវ​ទម្រង់​មួយ​ទម្រង់​ដែល​អាច​ធ្វើ​ការ​ជាមួយ​បាន ដែល​ទម្រង់​នោះ​ផ្ដោត​លើ​លទ្ធផល និង​អាច​ផ្ដល់​លទ្ធផល​ល្អ»។

លោក Paul T. Haenle ប្រធាន​មជ្ឈមណ្ឌល Carnegie-Tsinghua សម្រាប់​ការ​សិក្សា​ពី​គោល​នយោបាយ​សាកលលោក បាន​និយាយ​ថា វិធីសាស្ត្រ​របស់​លោក Trump ចំពោះ​បញ្ហា​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ស្រុង​ដល់​ដំណើរការ​គម្រោង​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ចិន។ សញ្ញា​នៃ​ការ​កើន​ឡើង​នូវ​ទស្សនៈ​គាំពារ​និយម​ចំពោះ​ផលិតផល​ក្នុង​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប មិន​បាន​ជួយ​ជ្រោមជ្រែង​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ភាគី​ចិន​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​ចំពោះ​គោល​នយោបាយ​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក Trump ជាពិសេស​ចំពោះ​គោលនយោបាយ​អាទិភាព​មួយ​ចំនួន​របស់​សេតវិមាន ដូចជា​គោល​នយោបាយ​លើ​ពាណិជ្ជកម្ម​ដែក​ថែប និង​គោល​នយោបាយ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ដើម»។

នា​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​នាំ​ចូល​សាច់​គោ​ពី​សហរដ្ឋ​អាមេរិក និង​បាន​ចាត់​វិធានការ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្ងប់​ចិត្ត។ ប៉ុន្តែ វិធានការ​ទាំង​នេះ​នៅតែ​មិន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋបាល​លោក Trump ស្ងប់​ចិត្ត​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Paul T. Haenle។

លោក​បាន​បន្ថែម​ថា៖ «រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដឹង​ច្បាស់​ជាង​មុន​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​នៅ​មាន​កម្រិត ជាពិសេស​នៅ​ក្នុង​ដំណាក់កាល​ជិត​ឈាន​ដល់​ការ​ធ្វើ​សមាជ​គណបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា គណបក្ស​កុម្មុយនិស្ត​ចិន​ទំនង​ជា​មិន​ធ្វើ​សម្បទាន​ច្រើន ហើយ​ទំនង​ជា​មិន​ធ្វើ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ខ្សោយ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នោះ​ទេ នៅ​មុន​សមាជ​គណបក្ស​កុម្មុយនិស្ត​ចិន​ដ៏​មាន​សារៈសំខាន់​ចូល​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា