ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​សហរដ្ឋ​អាមេរិក​​បាន​កើន​ឡើង​ក្នុង​រដ្ឋ​ចំនួន ​២៧ ​នៅ​​ខែ​កញ្ញា​

  • ​Reuters

រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងដែលមានពាក់ម៉ាស់ដើរចូលផ្សារទំនើប Destiny នៅទីក្រុង Syracuse រដ្ឋញូវយ៉ក ខណៈមានការបន្ថូរបន្ថយវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​បាន​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​ ២៧ ​នៃ​រដ្ឋ​ទាំងអស់​ចំនួន​ ៥០​ របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​កញ្ញា បើ​ប្រៀបធៀប​ជាមួយ​ខែ​សីហា ដោយ​មាន​ការ​កើន​ឡើង​ចំនួន ​១១១%​ នៅ​ក្នុង​រដ្ឋ Wisconsin។ នេះ​តាម​ការ​វិភាគ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ។

បណ្តា​រដ្ឋ​នៅ​ភាគ​កណ្តាល​ប្រទេស​ចំនួន​បី​គឺ​រដ្ឋ North Dakota រដ្ឋ South Dakota និង​រដ្ឋ Wisconsin បាន​ឃើញ​ករណី​ឆ្លង​កើន​ឡើង​ជាង ​៥០% ​ក្នុង​រយៈពេល​ជាង​មួយខែ ហើយ​រដ្ឋ Montana, Utah, West Virginia និង​រដ្ឋ Wyoming ក៏​មានការកើនឡើងនៃករណីឆ្លងថ្មីផង​ដែរ។

រដ្ឋ Illinois មាន​កំណើនការ​ឆ្លង​តិចជាង​គេ​បង្អស់ ​ក្នុង​ចំណោម​រដ្ឋ​ទាំង ​២៧​ ដោយ​មាន​ករណី​ឆ្លង​កើន​ឡើង​ចំនួន​ ៥% ​ក្នុង​រយៈពេល​ជាង​មួយ​ខែ។ បណ្តា​រដ្ឋនៅ​ភាគ​កណ្តាល​ដែល​ករណី​ឆ្លង​បាន​ធ្លាក់​ចុះ ​គឺ​រដ្ឋ Ohio និង​រដ្ឋ Indiana។

សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា​មាន​ការឆ្លង​ថ្មី​ចំនួន ​១.១៨ ​លាន​ករណី​នៅ​ក្នុងខែកញ្ញា បើប្រៀបធៀប​ទៅ​នឹង​ខែ​សីហា​ មាន ​១.៤១ លាន​ករណី។ ករណី​ឆ្លង​ទាំង​អស់​នៅ​ខែ​កញ្ញា ក្នុង​សហរដ្ឋ​អាមេរិក​មាន ​៧.២៦​ លាន​ករណី​ បើ​ប្រៀប​ធៀប​ទៅនឹង​ចុង​ខែ​សីហា​ មានតែ ៦.០៥​ លានករណី​ប៉ុណ្ណោះ ដែល​មាន​ការកើន​ឡើង​ចំនួន ​១៩%។

បណ្តារដ្ឋដែល​ករណី​ឆ្លង​បាន​ធ្លាក់​ចុះពី​មួយ​ខែ​ទៅ​មួយ​ខែ ​គឺ​រដ្ឋ​ California (កាលីហ្វ័រញ៉ា) មាន​ការធ្លាក់​ចុះ​ខ្លាំង​បំផុត​គឺ​ចំនួន​ ៥០% បន្ទាប់មក​គឺ​រដ្ឋ Nevada ចំនួន ​៤៩%​ និង​រដ្ឋ Florida ចំនួន ​៤៧%៕