មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ [Center for Strategic and International Studies(CSIS)] របស់សហរដ្ឋអាមេរិកបានបង្ហាញលទ្ធផលអង្កេតថ្មីមួយទៀត អំពីសកម្មភាពនាវាជីកកកាយធំៗចំនួន២ដែលអាចធ្វើឱ្យទឹកមានជម្រៅជ្រៅនៅក្នុងតំបន់ភូមិសាស្ត្រនៃមូលដ្ឋានកងទ័ពជើងទឹករាម ជាចំណុចក្តៅ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនជាញឹកញាប់ថា វាអាចក្លាយជាមូលដ្ឋានកងទ័ពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ប្រតិបត្តិការរបស់នាវាខាងលើទំនងជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងយោធារវាងរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតីស៊ីជីនពីង (Xi Jinping) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ហើយត្រូវបានរាយការណ៍ដោយកាសែតអាមេរិកាំងល្បីឈ្មោះThe Wall Street Journal កាលពីឆ្នាំ២០១៩។ នេះបើតាមលទ្ធផលអង្កេតរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
មុនពេលមានការចេញផ្សាយលទ្ធផលអង្កេតថ្មីរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក លោកនាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិខ្មែរបានចុះមើលដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ហើយគេក៏បានឃើញរូបថតមួយសន្លឹកបង្ហាញវត្តមានរបស់នាវាជីកកកាយដែលអាចធ្វើឱ្យកម្រិតទឹកជ្រៅនៅមូលដ្ឋានសមុទ្ររាមនោះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ បាញ់។
ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ ទៅលើនាវាជីកកកាយចំនួន២គ្រឿងនោះ បានផ្អែកលើរូបភាពដែលទាញពីប្រព័ន្ធផ្កាយរណប និងរូបថតរបស់រដ្ឋាភិបាលកម្ពុជា ដែលទំនងជាសំដៅដល់រូបដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ទៀ បាញ់ ហើយនឹងរូបថតមួយផ្សេងទៀត បង្ហោះលើទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានមូលដ្ឋានសមុទ្ររាមកាលពីថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២។
បើតាមរូបភាពដែលប្រមូលបាននោះមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ បានវាយតម្លៃថា៖ «ការធ្វើឱ្យទីតាំងកំពង់ផែកាន់តែមានជម្រៅទឹកជ្រៅនោះ អាចមានសារៈសំខាន់សម្រាប់ការចូលសំចតរបស់នាវាយោធាធំៗ ហើយដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសចិន និងកម្ពុជា ដែលមន្ត្រីអាមេរិករាយការណ៍ថា បានឃើញកិច្ចព្រមព្រៀងនោះកាលពីឆ្នាំ២០១៩»។
ក្នុងការវាយតម្លៃនៃលទ្ធផលអង្កេតថ្មីនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិបានប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធផ្កាយរណប Maxar កាលពីថ្ងៃទី១៦ ខែមករា ដែលបង្ហាញថា នាវាជីកកកាយនោះ បានស្ថិតនៅអែបឆ្នេររាម ហើយត្រូវបានអម ដោយសាឡង់ ដែលប្រើប្រាស់ ដើម្បីប្រមូលខ្សាច់ដែលបូមបាន។ បន្ថែមលើនេះ រូបភាពដែលបានពីPlanet Labs ក៏បញ្ជាក់ដែរថា នាវាទាំងពីរដែលជជីកកកាយយកខ្សាច់នោះបានស្ថិតនៅទីតាំងដើម គិតចាប់តាំងពីការមកដល់របស់នាវាទាំងពីរនោះចន្លោះថ្ងៃទី១៣ និង១៥ ខែមករា។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ បានផ្តល់សេចក្តីពន្យល់ថា៖ «វិសាលភាពនៃការបូមខ្សាច់គឺមិនច្បាស់លាស់ប៉ុន្តែវាអាចបង្ហាញពីការកែប្រីថ្មីមួយគួរឱ្យកត់សម្គាល់នៅក្នុងសមត្ថភាពរបស់មូលដ្ឋាននេះ។ កម្រិតទឹករាក់នៅជុំវិញឆ្នេររាមមានន័យថាបច្ចុប្បន្បវាបានត្រឹមតែអាចឱ្យនាវាល្បាតតូចៗចូលមកបាន។ កំពុងផែទឹកជ្រៅមួយ អាចនឹងធ្វើឱ្យមូលដ្ឋាននោះ មានប្រយោជន៍ច្រើនណាស់សម្រាប់កងទ័ពជើងទឹកចិន និងកម្ពុជា»។
យោងទៅតាមការអង្កេតដដែលរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ សកម្មភាពសាងសង់បានបន្តនៅលើដែនគោកឆ្នេររាម ហើយមានទីតាំងមួយចំនួនទៀត ដែលស្ថិតក្នុងតំបន់រដ្ឋបាលចម្បងនៃភាគខាងត្បូងឆៀងខាងលិចរបស់មូលដ្ឋាននេះមានការឈូសឆាយដីចាប់តាំងពីពេលធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២១។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិផ្តល់ការពន្យល់បន្ថែមថា៖«បើបូករួមការប្រែប្រួលនេះរួមគ្នា ទំហំនៃការវាយកម្ទេច និងការសម្អាតដីថ្មីៗនេះ ហើយជាពិសេស គឺសកម្មភាពបូមខ្សាច់នោះ ផ្តល់សញ្ញាថាមូលដ្ឋាន[រាម] កំពុងត្រូវបានរៀបចំដើម្បីការធ្វើឱ្យប្រសើរឡើងគួរឱ្យសម្គាល់នៃហេដ្ឋារចនាសម្ព័ន្ធនានា»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកនាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបាននៅឡើយទេ។
យ៉ាងណាក៏ដោយ លោក ទៀ បាញ់ បានផ្តល់ការអធិប្បាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា៖ «ខ្ញុំពិតជាមានការសប្បាយ រីករាយ ដោយពិនិត្យឃើញសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកសម្រេចបាននៅមូលដ្ឋានសមុទ្រ នៅឆ្នាំ២០២១នេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់បម្រើឲ្យការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងការងារជំនាញផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីអត្ថាធិប្បាយនេះធ្វើឡើងអំឡុងពេលលោកទៅទស្សនកិច្ចសកម្មភាពសាងសង់ផ្សេងៗនៅមូលដ្ឋានរាម ដោយមានវត្តមាននាយទាហានកងទ័ពជើងទឹកកម្ពុជាជាច្រើនរូបទៀត។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន យល់ថា ភាគីសហរដ្ឋអាមេរិកគួរឈប់មានការសង្ស័យលើការអភិវឌ្ឍនានានៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាមថាអាចក្លាយជាការតាំងទីរបស់កងទ័ពចិន។ លោកបានផ្តល់ការពន្យល់អំពីការធ្វើឱ្យប្រសើរឡើងនៃទីតាំងកំពង់ផែរាមថា៖
«ហេតុម៉េចបានយើងប្រឹងធ្វើហេដ្ឋារចនាសម្ព័ន្ធហ្នឹង? ដោយសារកាលពីមុនហ្នឹង ទាំងនាវាយោធាមកពីឥណ្ឌា មកពីរុស្ស៊ី មកពីប្រទេសដទៃទៀតហ្នឹង មកចូលសំចតនៅកំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ ដូច្នេះឥឡូវហ្នឹងកំពង់ផែហ្នឹងយើងកម្លាយឱ្យទៅជាកំពង់ផែពាណិជ្ជកម្ម»។
លោកបន្ថែមថា៖ ««ដូច្នេះយើងត្រូវធ្វើកំពុងផែជាមូលដ្ឋានទឹក សឹកទឹករបស់កម្ពុជាហ្នឹង ក្លាយទៅជាកំពង់ផែមួយ ដែលសម្រាប់ប្រើប្រាស់នៃផលប្រយោជន៍យោធា ក៏ដូចសហប្រតិបត្តិការ ជាមួយប្រជាជាតិដទៃទៀត គឺមិនមែនធ្វើសម្រាប់ឱ្យប្រទេសចិនមកតាំងទ័ព ឬក៏មកចូលប្រើប្រាស់ហើយបិទសិទ្ធិដល់រដ្ឋដទៃទៀតក្នុងការប្រើប្រាស់កំពុងផែនេះទេ»។
រឿងរ៉ាវមូលដ្ឋានកងទ័ពជើងទឹករាមនេះ បាននាំឱ្យមានប្រតិកម្មជាបន្តបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដែលជារឿយៗច្រានចោលថា ទីតាំងនោះនឹងមិនអាចក្លាយជាការតាំងទីរបស់កងទ័ពចិនទេ ហើយក៏បានអនុញ្ញាតឱ្យមន្ត្រីអនុព័ន្ធយោធាស្ថានទូតប្រចាំកម្ពុជាមួយចំនួនក្នុងនោះក៏មានមន្ត្រីសហរដ្ឋអាមេរិកចូលទៅទស្សនាផងដែរ។
ក៏ប៉ុន្តែក្រោយមន្ត្រីអនុព័ន្ធយោធាអាមេរិកលោកវរសេនីយ៍ឯក Marcus Ferraraបង្ហាញការមិនពេញចិត្ត ដែលថាគាត់មិនអាចចូលទៅតំបន់ដែលគាត់ចង់ទៅក្នុងមូលដ្ឋាននោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឈប់ផ្តល់ការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់ភ្ញៀវបរទេសចូលទៅកាន់មូលដ្ឋាននោះ។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងខេត្តព្រះសីហនុកាលពីដើមខែធ្នូ ឆ្នាំ២០២១ថា៖«អ្នកឯងចង់ថាម៉េច ថាទៅ! ឱ្យទៅមើលហើយមិនអស់ចិត្ត ព្រោះកន្លែងហ្នឹងមិនមែនកន្លែងត្រូវអ្នកឯងចង់ទៅឆែកឆេរ។ អ្នកឯងដើរតួជាស្អី? ខ្ញុំឱ្យទៅទស្សនកិច្ច។ អ្វីទៅដែលហៅថាទស្សនកិច្ច? វាខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ! ឱ្យវាដឹងភារកិច្ចផង! ចង់រកតទៀតទេ អត់តទេ»។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកទឹកចិត្តឱ្យអាជ្ញាធរកម្ពុជាមានតម្លាភាពពេញលេញអំពីគម្រោងសាងសង់ ហើយនឹងតួនាទីរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្កជាការបារម្ភអំពីគោលបំណងនៃការប្រើប្រាស់ទីតាំងកងទ័ពជើងទឹកនេះ។នេះបើតាមមន្ត្រីនាំពាក្យស្ថានទូតលោកChad Roedemeier ដែលប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃចន្ទនេះ។
លោកChad បន្ថែមថា៖ «យើងបានដឹងអំពីរបាយការណ៍ឯករាជ្យដែលថា សាធារណរដ្ឋប្រជាមានិតចិន មានជាប់ពាក់ព័ន្ធនឹងគម្រោងសាងសង់ដ៏គួរឱ្យកត់សម្គាល់ និងកំពុងដំណើរការនៅមូលដ្ឋានកងទ័ពជើងទឹករាម»។
គួរបញ្ជាក់ថា កាលពីពេលកន្លងមក ប្រទេសចិនក៏បានបដិសេធការចោទប្រកាន់អំពីកិច្ចព្រមព្រៀងសម្ងាត់រវាងកម្ពុជា និងចិន អំពីការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមនេះដែរ៕