ក្រុមសមាជិកសភាអាមេរិកនិងវាគ្មិន ដែលរួមគ្នាប្រារព្ធសន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីសដែលខ្មែរមានដំណោះស្រាយសន្តិភាពនិងការចាប់ផ្តើមមានការបង្រួមជាតិនិងបញ្ចប់សង្គ្រាមនោះ បានអះអាងថា ប្រទេសហត្ថលេខីមិនត្រូវអត់ឱនដល់រឿងរំលោភ សន្ធិសញ្ញាទីក្រុងប៉ារីសទេ ដោយបានទទូចឲ្យមានដំណោះស្រាយនយោបាយនិង ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សមាជិកសភាអាមេរិកចម្រុះគណបក្សនៃគណៈកម្មាការ Congressional Cambodia Caucus ដែលគិតគូរបញ្ហាកម្ពុជា បានប្រារព្ធពិធីរំឭកខួបសន្ធិសញ្ញាសន្តិភាពទីក្រុង ប៉ារីសលើកទី២៨ កាលពីថ្ងៃចន្ទ ដោយបានទទូចរួមគ្នាជាមួយនឹងវាគ្មិនសំខាន់ៗជា ច្រើនដល់ប្រទេសហត្ថលេខីសន្ធិសញ្ញាទីក្រុងប៉ារីស រួមទាំងសហរដ្ឋអាមេរិកឲ្យចាត់ វិធានការលើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើការមិន គោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការ រំលោភសិទ្ធិមនុស្ស។
វាគ្មិនជាច្រើន រួមមានសមាជិកសភាសំខាន់ៗបីរូបដែលផ្តោតការយកចិត្តទុកដាក់លើបញ្ហាកម្ពុជា គឺលោកសមាជិកសភា Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា លោក Steve Chabot សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយ៉ូ និង លោក Ted Yoho សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋហ្វ្ល័រីដា លោក Derek Mitchell នាយកវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NDI ជាដើម។
ដោយឡែកក្រៅពីមានអ្នកចូលរួមមកពីតំណាងពលរដ្ឋខ្មែរអាមេរិកាំងនៅ តាមបណ្តារដ្ឋនានាក្នុងប្រទេសអាមេរិក ក្រុមវាគ្មិនកម្ពុជាមានកញ្ញា កឹម មនោវិទ្យា អគ្គនាយិការងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ លោកស្រី Janeth Seng ប្រធានចលនាស្រី្តគណបក្សសង្គ្រោះជាតិបណ្តាញសកល លោកស្រី គឹមហ៊ុន ធិត ប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាព្រះសង្ឃតស៊ូមតិ លោក ទឹង យ័បប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ក្រុមវាគ្មិនអាមេរិក និងកម្ពុជាបានបញ្ចេញមតិនានា ខ្លះអំពាវនាវដល់ប្រទេសនានា ដែលជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីសកុំឲ្យនៅស្ងៀម ហើយត្រូវជួយ ដោះស្រាយបញ្ហានយោបាយកម្ពុជា ស្តារប្រជាធិបតេយ្យឡើងវិញ នៅពេលគណបក្ស គ្រប់គ្រងប្រទេសនិងគណបក្សជំទាស់ មានអរិភាពនយោបាយរវាងគ្នា ដែលបង្កឲ្យ មានការរំជើបរំជួលក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់អ្នកគាំទ្ររៀងៗខ្លួន។
លោក Alan Lowenthal សមាជិកសភាអាមេរិក និងជាសហប្រធានគណៈកម្មាការ Congressional Cambodia Caucus ចង់ឃើញសហរដ្ឋអាមេរិកកុំផ្តល់ការអនុគ្រោះ ពន្ធលើទំនិញកម្ពុជាតទៅទៀត បើកម្ពុជាមិនស្តារប្រជាធិបតេយ្យឡើងវិញទេ។
«សហរដ្ឋអាមេរិក ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាំបាច់ត្រូវមានវិធានការ ឬ ចូលរួមពាក់ព័ន្ធក្នុងបញ្ហាកម្ពុជា ប្រសិនបើកម្ពុជាមិនចាត់ វិធានការដើម្បីធានាលទ្ធិប្រជាធិបតេយ្យ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា សមាជិកសភាកំពុងជម្រុញសេចក្តីស្នើច្បាប់ មួយចំនួនទាក់ទងនឹងប្រជាធិបតេយ្យកម្ពុជាទាក់ទងនឹងពាណិជ្ជកម្មជាដើមទៅកាន់ ព្រឹទ្ធសភា ដោយសារតែលោកបានអះអាងថាកម្ពុជាបានរំលោភបំពានសន្ធិសញ្ញា ទីក្រុងប៉ារីស រំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោត ចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់គុកមិនព្រមដោះលែង គម្រាមចាប់ខ្លួនលោក សម រង្ស៉ី ប្រធានស្តីទី ពេលលោកវិលត្រឡប់ទៅកម្ពុជាវិញ ដកសិទ្ធិធ្វើនយោបាយពីមន្ត្រីជំទាស់ និងរិតត្បិតសេរីភាពនានា រំលោភសិទ្ធិមនុស្ស បំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលគួរត្រូវលើកកម្ពស់និងត្រូវគោរពតាមដោយលោកបានសង្កត់ធ្ងន់ថា រឿងសេចក្តី ស្នើច្បាប់ទាំងនេះ នឹងតម្រូវឲ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គិតពិចារណាឡើងវិញ ចំពោះប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ទំនិញកម្ពុជានាំចូលមកកាន់ទីផ្សារអាមេរិក។
«សមាជិកសភាជាច្រើន និងព្រឹទ្ធសភាក៏ដូចគ្នាដែរ ដែលមកពីគណបក្សចម្រុះគឺថា ពាណិជ្ជកម្ម និងការរីកចម្រើនសេដ្ឋកិច្ចមិនត្រូវលះបង់តម្លៃលទ្ធិប្រជាធិបតេយ្យនិង សេរីភាពទេ។ នេះជារឿងពិត។ យើង (សហរដ្ឋអាមេរិក) មិនត្រូវផ្តល់ផលចំណេញ សេដ្ឋកិច្ច ផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដោយការបំផ្លាញលទ្ធិប្រជាធិបតេយ្យទេ។ យើងផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម គឺដើម្បីលើកកម្ពស់លទ្ធផលនៃសន្ធិសញ្ញាទី ក្រុងប៉ារីសឆ្នាំ១៩៩១ ជួយដល់កម្ពុជាឲ្យឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ តែកម្ពុជា បានរំលោភបំពាន មិនមែនសហរដ្ឋអាមេរិកទេ»។
លោកបានបញ្ជាក់អះអាងថា ប្រទេសអឺរ៉ុបក៏ធ្វើដូចគ្នានេះដែរចំពោះប្រព័ន្ធអនុគ្រោះពន្ធ EBA។
លោក Steve Chabot សមាជិកសភានិងជាសហប្រធានគណៈកម្មាការសភាហៅថា Congressional Cambodia Caucus ក៏បានបន្ទរការរិះគន់ចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យដែលលោកចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរយៈពេល២៨ ឆ្នាំកន្លងមក ក្រៅពីការប្តេជ្ញាជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាមួយនឹងសមាជិកសភានិងព្រឹទ្ធសភាផ្សេងទៀត។
«ដូច្នេះហើយនៅក្នុងរដ្ឋសភា យើងបានធ្វើសេចក្តីស្នើច្បាប់ដើម្បីលើកទឹកចិត្តដល់ លោកនាយករដ្ឋមន្ត្រីឲ្យគិតពិចារណាឡើងវិញចំពោះទង្វើរបស់លោក»។
លោកថ្លែងដូច្នេះដោយអះអាងថាទោះជាទណ្ឌកម្មឬសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ កម្ពុជាមិនអាចដំណើរការបាន ក៏លោកនិងដៃគូជាសមាជិកសភានានា បានធ្វើសេចក្តី ស្នើច្បាប់ពិនិត្យមើលឡើងវិញរឿងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP។
«ហើយនៅពេលដែលយើងប្រារព្វខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស ខ្ញុំសូមបួងសួង អធិដ្ឋានឲ្យកម្ពុជាជួបប្រទះក្នុងពេលឆាប់ៗនេះដែលថានៅ ទីបំផុតមានការគោរពពលរដ្ឋខ្លួន គោរពសិទ្ធិមនុស្ស គោរពឆន្ទៈនៃសេរីភាពនយោបាយ របស់ពលរដ្ឋ។ ពលរដ្ឋកម្ពុជាគួរតែទទួលបានរឿងនេះច្រើនជាងអ្វីដែលពួកគេកំពុង ស្ថិតនៅក្រោមរបបលោក ហ៊ុន សែន។ ហើយខ្ញុំនិងសមាជិកសភា Alan Lowenthal ហើយនឹងសមាជិកសភាដទៃទៀតមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងនៅពេលអនាគតដ៏ខ្លីខាងមុខ ដែលជាក្តីសង្ឃឹមនោះគឺថា ធ្វើឲ្យកម្ពុជាមានសេរីភាពឡើងវិញ»។
ក្រៅពីការកោតសរសើរដល់ការលះបង់របស់ក្រុមជំទាស់ដែលត្រូវជ្រើសរើសយក ការវិលត្រឡប់ទៅកម្ពុជាវិញប្រកបដោយគ្រោះថ្នាក់ជាមួយលោក សម រង្ស៉ីថា ជាអ្នក ទ្រទ្រង់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនោះ លោក Ted Yoho សមាជិកសភា គណបក្សសាធារណរដ្ឋមកពីរដ្ឋហ្វ្ល័រីដា ដែលជាអ្នកធ្វើសេចក្តីស្នើច្បាប់មួយចំនួនទាក់ ទងនឹងកម្ពុជា បានប្តេជ្ញាជម្រុញឲ្យមានការគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស និងប្រជាធិបតេយ្យដែលមិនអាចត្រូវបានបំផ្លាញនោះទេ។
«អនាគតកម្ពុជា គឺពឹងផ្អែកលើការឆ្លើយតបរបស់លោក ហ៊ុន សែន ចំពោះស្ថានការណ៍ ដ៏ផុយស្រួយនេះ។ វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំដែលថាលោក ហ៊ុន សែន ត្រូវចៀសវៀងវិវាទ ហើយជំនួសមកវិញត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយធ្វើការភ្ជាប់ទំនាក់ទំនងជាមួយសមាជិកក្រុមជំទាស់ដោយអកប្បកិរិយាប្រកបដោយសន្តិវិធី»។
លោកបានព្រមានថា មិនថាឡើយលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តយ៉ាងណាទេ តែ លោកនឹងនៅតែជម្រុញសេចក្តីស្នើច្បាប់ទៅមុខដដែល។
ទោះជាយ៉ាងណាក្តីនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ ឬ BBU លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីសមាសភាពរួមទាំងលោកផ្ទាល់ ដែលជាអ្នកផ្តួចផ្តើមធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមរយៈការចរចា ជាមួយសម្តេចឳ ព្រះបរមរតនកោដនោះ បានបញ្ជាក់ជាសង្ខេបថា ពេលវេលានេះជា ពេលវេលាដែលត្រូវអនុវត្តន៍តាមក្របខណ្ឌរដ្ឋធម្មនុញ្ញ ដោយលោកសម្តែងការមិន ពេញចិត្តនឹងការបកស្រាយផ្សេងៗរបស់អ្នកវិភាគ។
«ព្រោះគេកំពុងធ្វើអី បាតុកម្មទាមទារឲ្យមានប្រទេសហត្ថលេខីគោរពកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។ បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវដោះលែងខៀវ សំផន ត្រឡប់មកវិញ ហើយលុបចោលតុលាការកាត់ទោសខ្មែរក្រហមគ្រវាត់ចោលទៅ។ រឿងវាបាន ឈានមកដល់រដ្ឋធម្មនុញ្ញ ដែលត្រូវអនុវត្តន៍ព្រោះមានអ៊ុនតាក់ឯណាទៀត ហើយបើ ត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជាមិនត្រូវមានព្រះប្រមុខរដ្ឋ ត្រូវមានមហាក្សត្រទេ ត្រូវមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយព្រះមហាក្សត្រយើងត្រឹមតែជាប្រធាន ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ ឯអ្នកដែលមានសិទ្ធិសម្រេចចុងក្រោយ គឺនៅលើប្រធានអ៊ុនតាក់ឯណោះ។ រឿងហ្នឹងហើយដែលខ្ញុំមិនព្រម ហើយខ្ញុំក្លាយទៅជា«ក» នៅលើជ្រុញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្តង»។
ក្រុមវាគ្មិនសំខាន់ៗរួមទាំងលោក Derek Mitchell នាយកវិទ្យាស្ថានជាតិដើម្បីលទ្ធិ ប្រជាធិបតេយ្យ NDI និងវាគ្មិនកម្ពុជាជាច្រើន នៅក្នុងពិធីប្រារព្វខួបលើកទី២៨ កាលពីថ្ងៃទី២១ ខែតុលានោះ បានអំពាវនាវឲ្យប្រទេសហត្ថលេខីចំនួន១៨ ឲ្យទទួលខុស ត្រូវនិងជួយជ្រោមជ្រែងនិងស្តារប្រជាធិបតេយ្យឡើងវិញ៕