កាលពីថ្ងៃសៅរ៍ សមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងលើកឡើងពីបទចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង លឿនបំផុតនៅថ្ងៃច័ន្ទស្អែក ពាក់ព័ន្ធនឹងតួនាទីរបស់លោក Trump នៅក្នុងការញុះញង់ក្រុមអ្នកគាំទ្ររបស់លោកឲ្យតវ៉ានៅវិមានសភាដែលឈានដល់ការវាយប្រហារលើវិមានសភាកាលពីថ្ងៃពុធ។
លោក Ted Lieu សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ California ដែលបានជួយព្រាងបទចោទប្រកាន់ប្រឆាំងលោក Trump បានសរសេរនៅលើ Twitter កាលពីរសៀលថ្ងៃសៅរ៍ថា បទចោទប្រកាន់ទាំងនេះមានអ្នកជួយជ្រោមជ្រែង ១៨០ នាក់ ទោះបីជាក្នុងចំណោមនោះ គ្មានសមាជិកគណបក្សសាធារណរដ្ឋណាម្នាក់ក៏ដោយ។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi និងសហការីរបស់អ្នកស្រី អន្ទះសាចង់ឃើញលោក Trump ត្រូវគេទម្លាក់ចេញពីតំណែង មុនពេលអាណត្តិជាប្រធានាធិបតីរបស់លោកផុតកំណត់នៅថ្ងៃទី ២០ ខែមករាខាងមុខ ទោះបីជាព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនឹងទំនងជាមិនឯកភាពតាមក៏ដោយ។
ប្រសិនបើរដ្ឋសភានឹងចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងមែន នោះនឹងមានសវនាការកាត់ក្ដីលើរឿងនេះនៅក្នុងព្រឹទ្ធសភា។
មេដឹកនាំកំពូលៗខាងគណបក្សប្រជាធិបតេយ្យនៅសភាក៏បានអំពាវនាវផងដែរឲ្យលោកអនុប្រធានាធិបតី Mike Pence ប្រើវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញ ដែលនេះប្រហែលជាវិធីលឿនជាងនេះដើម្បីដកលោក Trump ចេញពីតំណែង។ លោក Pence មិនទាន់បានឆ្លើយតបនៅឡើយទេ ប៉ុន្តែត្រូវបានគេរាយការណ៍ថា លោកបានប្រាប់សហការីរបស់លោកថាលោកមិនគាំទ្រវិធីនេះទេ៕