សភា​សហរដ្ឋ​អាមេរិក អនុម័ត​ថវិកា​ដើម្បី​បន្ត​ដំណើរការ​រដ្ឋាភិបាល

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi និយាយ​មុន​ពេល​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​របស់​រដ្ឋសភា​ដើម្បី​បន្ត​ផ្តល់​ថវិកា​ដើម្បី​បន្ត​ដំណើរការ​រដ្ឋាភិបាល កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅ​លើ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

រដ្ឋ​សភា​និង​ព្រឹទ្ធសភាសហរដ្ឋអាមេរិក បាន​បោះឆ្នោត​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី៣ ខែ​ធ្នូ ​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ​នៅពាក់​កណ្តាល​យប់​ថ្ងៃ​ព្រហស្បតិ៍។

ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​មាន​សំឡេង​គាំទ្រ​៦៥​ ទល់​នឹង​៣៥ ហើយ​បន្ទាប់​មក​មាន​ការ​បោះឆ្នោត​ដោយ​រដ្ឋ​សភា​ដោយ​មាន​សំឡេង​គាំទ្រ​២៥៤ ​ទល់​នឹង​១៧៥។​

លោក​ប្រធានាធិបតី ​Joe Biden ​បាន​ចុះ​ហត្ថលេខា​ឲ្យ​សេចក្តី​ស្នើ​ច្បាប់​នោះ​ ក្លាយ​ទៅ​ជា​ច្បាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​សេតវិមាន។ ​

សេចក្តី​ស្នើ​ច្បាប់​នោះ ​រក្សា​កម្រិត​ផ្តល់​ថវិកា​នា​ពេល​បច្ចុប្បន្ន​នេះ​ដល់​ស្ថាប័ន​រដ្ឋាភិបាល។ ​សេចក្តី​ស្នើ​ច្បាប់​នេះ ​ក៏​រួម​បញ្ចូល​កញ្ចប់​ថវិកា​២៨.៦00​ លាន​ដុល្លារ​សម្រាប់​រដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​ព្យុះ​សង្ឃរា​ និង​ការ​ឆេះព្រៃ​ និង​ប្រាក់​ចំនួន​៦.៣០០​ លាន​ដុល្លារ​ ដើម្បី​ជួយ​ការ​តាំង​ទីលំនៅ​ថ្មី​របស់​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​មក​កាន់​សហ​រដ្ឋ​អាមេរិក​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​បញ្ចប់​សង្គ្រាម​២​ទសវត្សរ៍​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ខែ​មុន។​

ការ​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ​ជា​របៀប​វារៈ​តែមួយ​គត់​របស់​សម័យ​ប្រជុំ​ដ៏​មមាញឹក​របស់​សភា។​

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋសភា ​បាន​ពន្យារ​ពេល​ការ​បោះឆ្នោត​លើ​គម្រោង​ចំណាយ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ទឹក​ប្រាក់​១​លាន លាន​ដុល្លារ​ ដើម្បី​ជួសជុល​ផ្លូវ​ថ្នល់​ ​និង​ស្ពាន​ដែល​ទ្រុឌទ្រោម​ និង​ពង្រីក​សេវា​អ៊ីនធឺណិត​លឿន​ទូទាំង​សហ​រដ្ឋ​អាមេរិក។​

ប្រធាន​រដ្ឋ​សភា​អ្នកស្រី ​Nancy Pelosi​ មាន​គម្រោង​រៀបចំការ​បោះឆ្នោត​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទោះបី​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ខ្លះ​ បាន​សន្យា​បោះឆ្នោត​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នោះ ​ប្រសិន​បើ​ពួកគេ​មិន​បាន​ទទួល​ការ​ធានា​ថា ​ពួក​អ្នក​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​នៅ​ក្នុង​គណបក្ស​ និង​សមាជិក​ព្រឹទ្ធ​សភា​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​២​នាក់ទៀត​គឺ​លោក​ Joe Manchin ​និង​លោកស្រី ​Kyrsten Sinema ​ក៏​នឹង​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​ដាច់​ដោយឡែក​ដែល​មាន​ទឹកប្រាក់ ​៣,៣ ​លាន ​លាន​ដុល្លារ ​ដើម្បី​ពង្រីក​កម្មវិធី​សុវត្ថិភាព​សង្គម។

សេតវិមាន​បាន​បញ្ជាក់​ថា​ គេ​កាន់តែ​ខិត​ជិត​ទៅ​ដល់​ការ​ព្រមព្រៀង​គ្នា​ជាង​ពេល​ណាៗ​ទាំង​អស់ ​ ក៏ប៉ុន្តែ​គេ​ត្រូវការ​ពេល​វេលា​ដើម្បី​ធ្វើ​ឲ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​លោក​ប្រធានាធិបតី៕