សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងទៅលើការកាត់ទោសអ្នកកាសែត Reuters ពីរនាក់កាលពីថ្ងៃចន្ទ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ចំពោះការបំពានច្បាប់ការសម្ងាត់នៅក្នុងប្រទេសនេះ ដោយបានហៅការកាត់ទោសនេះថា «ជាការរំខានយ៉ាងខ្លាំង» និងជា «ដំណើរវិវត្តន៍ថយក្រោយដ៏ធំមួយ» នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវកំណែទម្រង់ប្រជាធិបតេយ្យ។
ស្ថានទូតអាមេរិកក្នុងប្រទេស មីយ៉ាន់ម៉ា បានឲ្យដឹងថា «កំហុសដ៏ច្បាស់ក្រឡែត» នៅក្នុងករណីកាត់ទោសទៅលើអ្នកកាសែតទាំងពីររូប គឺលោក Wa Lone និងលោក Kyaw Soe Oo បង្កឲ្យមាន«ការព្រួយបារម្ភយ៉ាងខ្លាំងក្លាអំពីនីតិរដ្ឋនិងស្ថាប័នតុលាការដែលឯករាជ្យនៅក្នុងប្រទេស មីយ៉ាន់ម៉ា»។
លោក Scot Marciel ឯកអគ្គរដ្ឋទូតអាមេរិក បានថ្លែងប្រាប់ VOA ថា សាលក្រមនេះគឺជារឿងដ៏គួរឲ្យសោកស្តាយសម្រាប់អ្នកកាសែតទាំងពីររូបនិងក្រុមគ្រួសាររបស់ពួកគេ។ លើសពីនេះទៅទៀត លោកបានថ្លែងថា «វាក៏គួរឲ្យសោកស្តាយដែរសម្រាប់ប្រជាពលរដ្ឋដែលខិតខំប្រឹងប្រែងធ្វើការដើម្បីធ្វើឲ្យសេរីភាពសារព័ត៌មានប្រសើរឡើង»។ ខ្ញុំគិតថា យើងត្រូវតែសួរថា តើដំណើរការនេះនឹងបង្កើនឬបន្ថយការជឿជាក់ដែលថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមានប្រព័ន្ធយុត្តិធម៌របស់ខ្លួននោះ»៕