សហរដ្ឋអាមេរិក ថ្កោលទោស​«ការយាយី»​អ្នកកាសែត​បរទេស​នៅ​ប្រទេស​ចិន

រថយន្ត​មួយ​គ្រឿង កំពុង​ជាប់​នៅក្នុង​ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទីហ្វុង In-Fa ដែល​ឡើង​ហួស​របាំង​នៅតាម​បណ្តោយ​សមុទ្រ​នៅក្នុង​ខេត្ត Shandong ប្រទេសចិន កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។

សហ​រដ្ឋ​អាមេរិក​មាន​«កង្វល់ខ្លាំង»​អំពី​ការ​យាយី​ និង​ការ​បំភិត​បំភ័យ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ដែល​រាយ​ការណ៍​អំពី​ទឹក​ជំនន់​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​ចិន។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ Ned Price​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

កំណត់​សម្គាល់​របស់​លោក​ធ្វើឡើង​មិន​ដល់​២៤ម៉ោង​ទេ​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចោទ​ថា បណ្តាញ​ទូរទស្សន៍ ​BBC ​«ផ្សាយ​ព័ត៌មាន​មិនពិត»​អំពី​ទឹក​ជំនន់​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត​ Henan ​ភាគ​កណ្តាល ​ហើយ​ដែល​បណ្តាញ​ផ្សព្វផ្សាយ​អង់គ្លេសនេះ បាន​និយាយ​ថា ​ អ្នក​កាសែត​របស់​ខ្លួន​បាន​រង​កា​របំភិត​បំភ័យ។​

លោក​ Price ​បាន​និយាយ​ថា ​«រដ្ឋាភិបាល​ចិន​បាន​អះអាង​ស្វាគមន៍​បណ្តាញ​ព័ត៌មាន​បរទេស ​ហើយ​នឹង​ជួយ​ដល់​ការងារ​របស់​ពួកគេ ​ក៏ប៉ុន្តែ​សកម្មភាព​របស់​ចិន ​ផ្ទុយ​ពី​សម្តី»។ ​

លោក ​Zhao Lijian ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ បាន​ហៅ​បណ្តាញ​ទូរទស្សន៍​ BBC​ ថា ​ជា​«ក្រុមហ៊ុន​ព័ត៌មាន​ក្លែងក្លាយ»​ ដែល​បាន​វាយ​ប្រហារ​ និង​បង្ខូច​ប្រទេស​ចិន។​

BBC ​បាន​រាយ​ការណ៍​ពី​ទឹកជំនន់​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង ​Zhengzhou ​ដែល​មនុស្ស​២៤​នាក់​ស្លាប់​ និង​អ្នក​ធ្វើ​ដំណើរ​ជាង​៥០០​នាក់​ ជាប់​គាំង​ នៅពេល​ដែល​ផ្លូវ​រទេះ​ភ្លើង​ក្រោមដី​នៅ​ទីក្រុង​នេះ ​បាន​លិចទឹក។

ពួក​អ្នក​យកព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន ​AFP ​បាន​ត្រូវ​ពួក​អ្នក​ក្រុង ​Zhengzhou​ បង្ខំ​ឲ្យ​លុប​រូបភាព​ និង​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​ពួក​បុរស​រាប់​សិប​នាក់​ ខណៈ​រាយ​ការណ៍​អំពីផ្លូវ​រទេះ​ភ្លើង​ក្រោមដី​លិច​ទឹក។​

លោក​ Zhao ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​ ​ពួក​អ្នក​យក​ព័ត៌មាន​បរទេស​មាន​សេរីភាព​ពេញ​លេញ​ដើម្បី​រាយ​ការណ៍​នៅ​ក្នុង​ប្រទេស​ចិន។​

ក៏ប៉ុន្តែ​អង្គការ​សេរីភាព​ព័ត៌មាន​និយាយ​ថា​ ​អ្នក​យកព័ត៌មាន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន​ កំពុង​ត្រូវ​បាន​រឹតបន្តឹង ​ដោយ​ពួកគេ​ត្រូវ​បាន​គេដើរ​តាម​នៅ​តាម​ផ្លូវ ​ រង​ការ​យាយី​តាម​អនឡាញ​ និង​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ៕