សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​បាតុករ​នៅ​អ៊ីរ៉ង់

ផែន​ទី​ប្រទេស​អ៊ីរ៉ង់

សេតវិមាន​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ដល់ការ​ចាប់ខ្លួន​ពួក​បាតុករ​សន្តិវិធី​នៅ ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅ​ពេល​មានរបាយការណ៍​ថា​មានមនុស្សជាង​៥០​នាក់​បានត្រូវ​ចាប់​ខ្លួនកាល​ពី​ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ​ដោយសារ​ពួក​គេ​បានធ្វើបាតុកម្មនៅ​ក្នុង​ក្រុង​នានា​នៃប្រទេស​អ៊ីរ៉ង់​ប្រឆាំង​នឹង​វិបត្តិសេដ្ឋកិច្ច​របស់ប្រទេសនេះ។​

អ្នកស្រី Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមាន​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​យប់ថ្ងៃ​សុក្រថា​ «មាន​របាយការណ៍​ជា​ច្រើន​អំពី​បាតុកម្ម​ដោយ​សន្តិវិធី​ដោយ​ពួក​ពលរដ្ឋ​អ៊ីរ៉ង់​ ដែល​ធុញ​ទ្រាន់​នឹង​អំពើ​ពុក​រលួយ​របស់​របប​គ្រប់គ្រង​អ៊ីរ៉ង់ និង​ការ​ចាយវាយ​ខ្ជះខ្ជាយ​ធនធាន​របស់​ជាតិ​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​នេះ​ដើម្បី​ផ្តល់​ប្រាក់​កាស​ដល់​ពួក​ភេរវជន​នៅ​ឯ​ប្រទេស​ក្រៅ។ ​រដ្ឋាភិបាលអ៊ីរ៉ង់​ គួរ​គោរព​សិទ្ធិ​របស់​ប្រជារាស្ត្រ​ខ្លួន​ដោយ​មាន​រួម​បញ្ចូល​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​របស់​ពួក​គេផងដែរ។ ពិភពលោក​កំពុង​មើល​ស្ថានការណ៍​នេះ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃសុក្រ​ ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា» ពួក​មេដឹកនាំ​អ៊ីរ៉ង់​បាន​កែ​ប្រែប្រទេស​មួយ​មានធាន​ធាន​ច្រើន​និង​មាន​ប្រវត្តិសាស្ត្រ​និង​វប្បធ៌ម​សំបូរ​បែប​ឱ្យ​ទៅ​ជា​រដ្ឋ​ទុច្ចរិត​និង​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មួយ​ដែល​ការ​ដឹកជញ្ជូន​ទៅ​ប្រទេស​ក្រៅ​សំខាន់បំផុត​គឺអំពើ​ហិង្សា​ការ​បង្ហូរឈាមនិង​ចលាចល»។

ក្រសួង​ការបរទេស​អាមេរិកាំង​បាននិយាយ​ថា​ខ្លួន​សុំ «ដល់​ប្រទេសជាតិទាំង​អស់ឱ្យ​គាំទ្រ​ជា​សាធារណៈ​ដល់​ប្រជារាស្ត្រ​អ៊ីរ៉ង់ និង​ការ​ទាមទារ​របស់ពួក​គេ​ឱ្យ​មាន​សិទ្ធិ​ជា​មូល​ដ្ឋាន​និង​ការ​បញ្ចប់​អំពើពុក​រលួយ»៕