ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភ ដែលរដ្ឋសភាកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃច័ន្ទ។
អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃច័ន្ទថា ប្រសិនបើចូលជាធរមាន វិសោធនកម្មច្បាប់នេះរួមគ្នាជាមួយនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិនឹងដកសិទ្ធិពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិក្នុងពេលបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។
អ្នកស្រី Heather Nauert បានបន្ថែមថា៖ «ការប្រកួតដោយត្រឹមត្រូវមានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រវត្តិសាស្រ្តបង្ហាញថា ការគាបសង្កត់សកម្មភាពនយោបាយស្របច្បាប់នឹងនាំឱ្យមានអស្ថិរភាពរយៈពេលយូរទៀត។ យើងទទូចឱ្យមន្ត្រីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ដែលអាចកើតមានឡើងពីសកម្មភាពនាពេលថ្មីៗនេះ»។
សមាជិករដ្ឋសភាចំនួន៦៧នាក់ដែលមកតែពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃអនុម័តតាមការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដោយមិនមានវត្តមានរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមប្រជុំ ហើយចាត់ទុកថាការធ្វើវិសោធនកម្មនេះ ដែលនឹងឈានទៅបែងចែកអាសនៈទាំង៥៥របស់គណបក្សប្រឆាំង ទៅឱ្យគណបក្សដទៃដែលមិនបានឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺជាការឆក់ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ។
សមាជិកសភាគណបក្សប្រឆាំងខ្លះបានចាកចេញពីប្រទេសកម្ពុជា ដោយព្រួយបារម្ភពីសុវត្ថិភាព ក្នុងខណៈពេលកំដៅនយោបាយបានកើនឡើង បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សដោយចោទពីបទក្បត់ជាតិ។
ក្រសួងការបរទេសសហរដ្ឋអាមរិកក៏បានបន្តអំពាវនាវសារជាថ្មីសូមឱ្យដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិពីពន្ធនាគារ៕